Monday, April 23, 2018

អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៌ផលិតផលសក្តានុពលខេត្តតាកែវ និងផលិតផលបរទេសឆ្នាំ២០១៨

តាកែវ៖ នៅថ្ងៃច័ន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៌ផលិតផលសក្តានុពលខេត្តតាកែវ និងផលិតផលបរទេស ឆ្នាំ២០១៨នៅបរិវេណលេខា ធិការដ្ឋានក្រុមប្រឹក្សាខេត្ត។

ក្រៅពីថ្លែងអំណរគុណដល់មន្ទីរពាណិជ្ជកម្ម ដែលបានខិតខំក្នុងការជំរុញដល់ការចុះបញ្ជីពាណិជ្ជកម្ម របស់ ក្រុមហ៊ុននានា លោកអភិបាលខេត្ត ក៏បានលើកឡើងពីការរីកចម្រើននៅក្នុងខេត្តតាកែវ ដែលជាពិសេស គឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្មដែលក្នុងនោះ វិស័យឧស្សាហកម្ម បានស្រូបយកកម្លាំងពលកម្ម រហូតដល់ ៤ម៉ឺននាក់។

ក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានរៀបចំពិព័រណ៌នេះឡើង ហើយសំណូមពរការលក់ផលិតផលត្រូវឆ្លើយតបទៅនឹងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការចំពោះសម្ភារប្រើប្រាស់ ទាំងតម្លៃ និងគុណភាព ត្រូវឱ្យមានភាពសមស្របឱ្យទទួលយកបាន ហើយសូមកុំឱ្យមានការក្លែងបន្លំដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនោះលោកក៏បានជំរុញ ដល់សាខាកាំកុងត្រូលខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវបន្តតាមដានត្រួតពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះផលិតផលណាដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយត្រូវរួមគ្នាកាត់បន្ថយនូវភាពអសកម្មទាំងនេះ និងឈានទៅលុបបំបាត់ចោលទាំងស្រុងពីទឹកដីខេត្តតាកែវរបស់យើង ៕








No comments:

Post a Comment