Monday, April 23, 2018

តើសង្រ្គាមពាណិជ្ជកម្ម ចិន-អាមេរិក ពិតជាផ្ទុះឡើងមែនទេ?

គោលដៅនៃបទបញ្ជាដ៏ចម្រូងចម្រាសរបស់លោក Donald Trump គឺដើម្បីបម្រើដល់គោលនយោបាយធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ (American Great Again)។ បទបញ្ជាចុងក្រោយ​របស់គាត់បានដាក់ចេញនៅថ្ងៃទី២២ ខែមីនា ដោយបានស្នើតំឡើងពន្ធគយ ២៥ ភាគ​រយ ស្មើនឹង ៦០ ពាន់លានដុល្លារលើទំនិញនាំចូលពីប្រទេសចិន។ លោក Trump បាននិយាយថា យុគ្គសម័យនៃការ “ដើរខ្សែក្រោមផ្នែកសេដ្ឋកិច្ច” នឹងត្រូវបានបញ្ចប់។ រដ្ឋា​ភិបាល​ទីក្រុងប៉េកាំងពុំទាន់បានសម្រេចចុងក្រោយឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Trump ទេ តែបានប្រកាសថា ខ្លួននឹងតំឡើងពន្ធដែលមានទឹកប្រាក់ ៣ ពាន់លានដុល្លារ លើទំនិញនាំចូលពីអាមេរិក។
ទំនាក់ទំនង អាមេរិក-ចិន កាន់តែស្មុគស្មាញ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងបញ្ហា​សន្តិសុខ ដែលភាគីទាំងពីរមិនអាចបំបែកបាន។ ហេតុអ្វីបានជាលោក Trump បង្កើតនូវ​ការគម្រាមកំហែងនេះឡើង។ ទីមួយ អំឡុងពេលឃោសនាបោះឆ្នោត លោក Trump បាន​និយាយហើយនិយាយទៀតថា ចិនបានដើរខ្សែលើអាមេរិកពាក់ព័ន្ធនឹងពាណិជ្ជ​កម្ម។ ដូច្នោះ គាត់ត្រូវដោះស្រាយស្ថានភាពនេះ។ ទីពីរ រដ្ឋបាលលោក Trump បានគម្រាមចាត់​វិធានការនេះដើម្បីទប់ទល់នឹងចិនពាក់ព័ន្ធនឹងបញ្ហា៖ ទីមួយ កម្មសិទ្ធិបញ្ហា ដែល​លួច​យក​ដោយចិន និងទីពីរ ការកាត់បន្ថយការបង្កើនឱនភាពពាណិជ្ជកម្មជាមួយចិន។
តើទំនាក់ទំនងពាណិជ្ជកម្ម ចិន-អាមេរិក ធ្លាក់ចូលស្ថានភាពនេះដោយរបៀបណា? ចិនត្រូវបានចោទប្រកាន់ថា បាន​លួច​យក​សិទ្ធិ​លើ​កម្ម​សិទ្ធិ​បញ្ហា Intellectual Property Right (IPR) បើទោះបីជា ពិធីសាររបស់ WTO បានហាមប្រាមក៏ដោយសកម្មភាពបែបនេះក៏​ដោយ។ កត្តានេះបានកើតឡើងពីរផ្លូវ ទីមួយ តាមរយៈចារកិច្ចឧស្សាហកម្មខុសច្បាប់ និងទីពីរ ក្រុមហ៊ុនអាមេរិកតម្រូវឱ្យផ្ទេរបច្ចេកវិទ្យាដល់ក្រុមហ៊ុនចិន នៅក្នុងភាគហ៊ុនរួមនៅក្នុងប្រទេសចិន។ យើងតាមការប៉ាន់ស្មានការលួចយក IPR បានធ្វើឱ្យពាណិជ្ជកម្មរបស់អាមេរិកខាតបង់ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
តុល្យភាពពាណិជ្ជកម្មគាំទ្រដល់ចិនមានទឹកប្រាក់ ៣៧៥ ពាន់លានដុល្លារ នៅខែធ្នូ ឆ្នាំ​២០១៧​។ តើអតុល្យភាពនេះកើតឡើងដោយរបៀបណា? រោងចក្រអាមេរិក បានបោះទីតាំងនៅ​ចិន ដើម្បីទាញយកផលប្រយោជន៍ពីកម្លាំងពលករតម្លៃទាប។ ផលិតផលសម្រេច​មក ត្រូវនាំចូលទៅកាន់អាមេរិក ដោយដាក់ថា “ផលិតនៅប្រទេសចិន” ហើយលក់ក្នុង​តម្លៃទាប បើ​ធៀបទៅនឹងផលិតផលដូចគ្នា ដែលផលិតនៅអាមេរិក។ “ផលិតផលដែលផលិតនៅអាមេរិក” មិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិបានទេ ដោយសារថ្លៃដើមនៃការផលិត​របស់ពួកគេមានតម្លៃខ្ពស់ លើកលែងតែម៉ាស៊ីនបច្ចេកវិទ្យាទំនើបៗ។​
ទាក់ទិននិងសេដ្ឋកិច្ច ចិនបានកើនឥទ្ធិពល ដោយការទិញមូលប័ត្រហិរញ្ញវត្ថុអាមេរិក​។ នៅ​ខែ​មករា ឆ្នាំ២០១៨ អាមេរិកបានជំពាក់បំណុលចិន ១,១៧ ទ្រីលានដុល្លារ។ តាម​រយៈការ​ទិញមូលប័ត្រអាមេរិក ចិនបានជួយដោយផ្ទាល់ដល់អត្រាការប្រាក់ធនាគារនៅអាមេរិក​ទាប។ ប្រសិន​បើចិនឈប់ទិញមូលប័ត្រហិរញ្ញវត្ថុអាមេរិក រដ្ឋាភិបាលសហព័ន្ធអាមេរិក​នឹងត្រូវខ្ចីប្រាក់​ពីធនាគារក្នុងស្រុកដើម្បីផ្គត់ផ្គង់គម្រោងថវិការបស់ខ្លួន ហើយវានឹងជំរុញ​អត្រាការប្រាក់ឡើងខ្ពស់។ កត្តានេះ វានឹងប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុយ៉ាង ដែលនឹងធ្វើ​ឱ្យ​មានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក។ ចិនដឹងថា វិបត្តិសេដ្ឋកិច្ច នឹងធ្វើឱ្យតម្រូវការផលិត​ផលរបស់ខ្លួនធ្លាក់ចុះ ហើយបើលោក Trump នៅតែជំរុញរឿងនេះឡើង ទី​ក្រុង​ប៉េកាំង​ប្រហែលជាមិនស្ទាក់ស្ទើរក្នុងទារបំណុលពីអាមេរិកទេ។
តើទីក្រុងវ៉ាស៊ីនតោនអាចកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិនបានទេ? វាប្រហែលជាអាច​បានដោយផ្នែក តាមរយៈការចរចា ក៏ប៉ុន្តែ មិនមែនតាមរយៈសង្រ្គាមពាណិជ្ជកម្មទេ។ ហេតុ​ផលសាមញ្ញមួយគឺថា ការតំឡើងពន្ធលើទំនិញរបស់ចិន នឹងធ្វើឱ្យតម្លៃកើនឡើង ហើយ​ថា ផលិតផល “ផលិតនៅប្រទេសចិន” និងថយចុះ ដែលកត្តានេះនឹងកាត់បន្ថយពាណិជ្ជកម្មអាមេរិក។
ទាំងពាណិជ្ជកម្មអាមេរិក និងចិន នឹងប្រឈមនឹងការបាត់បង់ការងារ។ បើទោះបីជា ក្រុមហ៊ុន​មួយចំនួនវិលមកអាមេរិកវិញក៏ដោយ វាក៏មិនអាចបង្កើនការងារនៅអាមេរិកគ្រប់គ្រាន់បាន​ដែរ ដោយសារតែរោងចក្រភាគច្រើននឹងត្រូវប្រើប្រាស់ឧបករណ៍ទំនើបៗ មិនមែនកម្លាំង​ពលកម្មអាមេរិកទេ។
គោលនយោបាយរបស់លោក Trump មិនមានអ្វីពាក់ព័ន្ធច្រើនទៅនឹងបញ្ហាសេដ្ឋ​កិច្ចទេ។ វាគឺជាយុទ្ធសាស្រ្តនយោបាយ។ តើលោក Trump អាចជំរុញចិនឱ្យបើកចំហសេដ្ឋកិច្ចពេញទំហឹងបានទេ? ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អំពីការតំឡើងពន្ធទៅវិញទៅមកនេះ នៅតែជាការគំរាមកំហែង។ លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចលោក Trump បាននិយាយ​ថា អាមេរិកមិន​ស្វែងរកសង្រ្គាមពាណិជ្ជកម្មទេ។ រចនាសម្ព័ន្ធពន្ធគយ មិនទាន់ត្រូវបានអនុម័តនៅឡើយ គ្រាន់តែស្នើឡើងប៉ុណ្ណោះ។
សង្រ្គាមពាណិជ្ជកម្មមិនត្រឹមតែប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរនេះទេ ក៏ប៉ុន្តែ នឹង​ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកទាំងមូល ដោសារតែវានឹងមានឥទ្ធិពលដល់ប្រទេសទីបី ដែលរកស៊ីជាមួយអាមេរិក ឬក៏ចិន៕

ប្រភព៖ The Daily Star ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨

No comments:

Post a Comment