Monday, April 23, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកោះទាំងអស់សុទ្ធតែ​ជា​សម្បត្តិ​របស់​រដ្ឋ និងអំ​ពាវ​នាវ​ឱ្យ​បញ្ឈប់​ស​កម្ម​ភាព​ទន្ទ្រាម​ដី​ខុស​ច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ពោធ​បើក​ឱ្យ​ដំណើរ​ការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានមានធ្វើការបញ្ជាក់ថា កោះទាំងអស់សុទ្ធតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ការដាក់ឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅលើកោះ គឺក្រុមហ៊ុនមានត្រឹមតែសិទ្ធិសា្នក់នៅ សិទ្ធិទទួលផលតែប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិចាត់ចែងនោះទេ ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា កោះទាំងអស់ជារបស់រដ្ឋគ្រាន់តែរដ្ឋសម្បទានឱ្យក្រុមហ៊ុន​ឯក​ជន​វិនិយោគ ដើម្បីធ្វើការសាងសង់នូវសណ្ឋាគារ កន្លែងកម្សាន្ត ក្នុងគោលដៅទាក់ទាញទេសចរណ៍ បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើ ហើយនៅពេលវេលាដែលកំណត់ណាមួយ នឹងត្រូវប្រគល់ឱ្យរដ្ឋវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ជាការពិតភ្ញៀវទេសចរណ៍មិនអាចដេកក្រោមដើមឈើនោះទេ ដំណើរកម្សាន្តណាមួយគឺមិនអាចគ្មានការបដិសណ្ឋានកិច្ចទេបានទេ ដូច្នេះហើយបានជាត្រូវមានការបង្កើតសណ្ឋាគារ។ លោកបានលើកឡើងថា កន្លងមកមានការយល់ច្រឡំ ថាកោះរ៉ុងជារបស់ក្រុមហ៊ុន ដូច្នេះលោកសូមបញ្ជាក់ថា កោះរ៉ុងមិនមែនរបស់ឧកញ៉ា គិត ម៉េង ទេ ការពិតរដ្ឋជួលឱ្យប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅខ្ញុំបានចេញអនុក្រឹត្យមួយដោះស្រាយបញ្ហាដីនៅលើកោះរ៉ុងនេះ ដែលក្នុងនោះ ទី១-រដ្ឋបានប្រគល់ដីឱ្យប្រជាពលរដ្ឋទាំងអស់ចំនួន​ ១២២១​ក្បាល​ដី ដោយបានប្រគល់ដីចំនួន ៦៣៧ក្បាលដីរួចហើយ ឱ្យទៅប្រជាពលរដ្ឋចំនួន ២៩៤គ្រួសារដែល​រស់នៅអចិន្ត្រៃយ៍ នៅសល់ ៥៨៤ក្បាលដីទៀត មិនទាន់ប្រគល់ចេញទេព្រោះក្បាលដីខ្លះ កំពុងពិនិត្យមើល ដោយសារតែមានការទន្ទ្រាមកាន់កាប់ពីប្រជាពលរដ្ឋដែលមកពីកន្លែងឆ្ងាយ ឬមកពីកន្លែងផ្សេងទៀត មិនមែនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍។ លោកបន្តថា លោក​មិន​ជឿ​ថា​ពល​រដ្ឋនៅកោះរ៉ុងមានច្រើនទេ។ ក្រៅពីកោះរ៉ុង ក៏នៅមានការទន្ទ្រាមកាន់កាប់យកឆ្នេរកន្លែងផ្សេង​ដូចគ្នាក៏ចឹងដែរ។ ដីរបស់កងទ័ពជើងទឹកក៏ចឹងដែរ មានការទន្ទ្រាមយក ហើយថាជាដីរបស់គាត់។

ជុំវិញបញ្ហាដីនៅលើកោះរ៉ុងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ការដោះស្រាយ ឱ្យ​ទៅ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់។ លោក​​នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមករដ្ឋាភិបាលគឺអង្គុយចាំបក់ផ្សែង ដូច្នេះឥឡូវលោក​​ចង់ពន្លត់ភ្លើងនៅកោះរ៉ុងតែម្តង។ លោកក៏ចង់មើលមុខមន្ត្រីមានអំណាច និងអ្នកមានលុយដែល​​នៅពីក្រោយខ្នងរឿងនេះ។ លោកនាយករដ្ឋមន្ត្រី បានបន្តថាម្នាក់ៗមានដីច្រើនហើយ រាប់រយពាន់​ហិកតាហើយ ច្រើនជាងនាយករដ្ឋមន្ត្រីទៅទៀត។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកមិនមាន​ដីច្រើនទេ ដោយសារលោកមិនមែនជាមនុស្សលោភលន់ ហើយការដែលមិនលោភលន់នេះហើយ ទើបលោកនៅមានទឹកមាត់ប្រៃ នឹងអាច ចង្អុលមុខពួកអ្នកទន្ទ្រាមដីបាន៕






No comments:

Post a Comment