Wednesday, April 04, 2018

ប្រជាពលរដ្ឋនៅខេត្តក្រចេះ សម្តែងការឈឺចាប់ និងខឹងសម្បាយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលលួចចុះកិច្ចសន្យាកាត់ខេត្តពួកគាត់រស់នៅ ឱ្យទៅជនជាតិភាគតិចវៀតណាម

ក្រចេះ៖ សំណុំរឿងដ៏ល្បីកាត់ទឹកដីកម្ពុជាមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម បានផ្ទុះឡើងកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីបែកធ្លាយនូវវីដេអូលួចចុះ​កិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា។

នៅពេលនេះប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានខេត្តក្រចេះ ដែលជាខេត្តក្នុងចំណោមខេត្ត៤ ដែលត្រូវលោក សម រង្ស៊ី ចុះហត្ថលេខា មិនសប្បាយចិត្តទាល់តែសោះ នៅពេលដែលដឹងថា លោក សម រង្ស៊ី បានលួចចុះ​កិច្ចព្រមព្រៀងកាត់ទឹកដីដែលពួកគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា។ ពលរដ្ឋទាំងនោះបានសម្តែង ការខឹងសម្បារចំពោះលោក សម រង្ស៊ី ដែលហ៊ានប្រព្រឹត្តទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយគ្មានការអៀនខ្មាស់។

ស្រ្តីម្នាក់ឈ្មោះ មាស ណែត វ័យជាង៥០ឆ្នាំ ភូមិត្រពាំងព្រីង ស្រុកក្រចេះ ខេត្តក្រចេះ បានថ្លែងប្រាប់ក្រុម​ការងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកស្រីពិតជាឈឺចាប់ណាស់ ដែលមេដឹកនាំនយោបាយខ្មែរ បែរជាកាត់ទឹកដីរបស់ខ្លួនទៅជនជាតិផ្សេងនោះ។ លោកស្រីក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលហ៊ានលួចទៅចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស មេជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា ដើម្បីកាត់ទឹកដីខ្មែរ។

ស្រ្តីជាអាជីវករលក់ឥវ៉ាន់ចាប់ហួយដដែលឈ្មោះ មាស ណែត ក៏បានសម្តែងការឈឺចាប់ដូចគ្នា បាននិយាយថា លោក សម រង្ស៊ី មិនសមក្លាយជាអ្នកដឹកនាំគណបក្ស នយោបាយនោះឡើយ។ លោកស្រី បាននិយាយ​យ៉ាង​ដូច្នេះថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំក្តៅក្រហាយ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំក៏មិនចង់ឱ្យ សម រង្ស៊ី មកកាន់អំណាច​ដែរ ព្រោះសម្តេចតេជោ គាត់តស៊ូណាស់ដើម្បីទឹកដី។ ខ្ញុំឈឺចាប់ណាស់ ខ្ញុំអត់មានគាំទ្រ សម រង្ស៊ី និង កឹម សុខា ទេខ្ញុំស្អប់ជាទីបំផុត»។

លោកស្រី បានបន្តថា ជនជាតិភាគតិចមុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចកម្ពុជានោះទេ គឺជាជនជាតិ​ភាគតិចវៀតណាម ដែលមិនសមឱ្យអ្នកនយោបាយ ផ្តល់ដែនអធិបតេយ្យខ្មែរទៅឱ្យពួកគេទេ។ លោកស្រី បានស្នើឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារមួយជីវិត ព្រោះការកាត់​ទឹកដីកម្ពុជា ទៅឱ្យជនជាតិដទៃ គឺជារឿងឃោរឃៅសម្រាប់ជាតិសាសន៍ឯង។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ លោកស្រីនឹងចេញមុខប្រឆាំងនឹងលោក សម រង្ស៊ី ហើយមិនគាំទ្រឱ្យជននេះ ធ្វើនយោបាយនៅកម្ពុជា​ទៀត​ឡើយ។ លោកស្រីបានបន្តទៀតថា លោកស្រី ស៊ូស្លាប់រស់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីប្រឆាំង​នឹងជនក្បត់ជាតិសម រង្ស៊ី។

សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេល​បក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយ​ស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី លោកពិតជា​បានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះ​ជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅ​ក្នុង​ជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រម​ព្រហ្មទណ្ឌ កម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់​ពន្ធនាគារមួយជីវិតផងដែរ។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ កម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាង​ដូច្នេះ​ថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារមួយជីវិត» ៕

ប្រភព៖ Fresh News


No comments:

Post a Comment