Wednesday, April 04, 2018

លោកបណ្ឌិត ជា វណ្ណដេត ចុះជួបពិភាក្សាការងារ និងពិនិត្យពីបរិស្ថានអនាម័យ សុវត្ថិភាពការងារនៅតាមរោងចក្រក្នុងស្រុកបាទី

តាកែវ៖ នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នេះលោកបណ្ឌិត ជា វណ្ណដេត តំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកបាទី បានចុះជួបពិភាក្សាការងារ និងពិនិត្យបរិស្ថានអនាម័យ សុវត្ថិភាពការងារ នៅតាមរោងចក្រក្នុង មូលដ្ឋានស្រុកបាទី ដូចជារោងចក្រ JD រោងចក្រ វិនតាយ និងរោងចក្រ សូឡាម៉ូដា។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរោងចក្រ លោកបណ្ឌិតអ្នកតំណាងរាស្ត្រ បានលើកឡើងពី ទំនាក់ទំនងជាមិត្តភាពយ៉ាងស្អិតរមួត រវាងកម្ពុជា-ចិន និងបានជម្រាបជូនភាគីរោងចក្រពីស្ថិរភាពនយោបាយ នៅកម្ពុជា ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឱកាសវិនិយោគ ក៏ដូចជាគោល នយោបាយក្នុងការលើកកម្ពស់សុវត្ថិភាព សុខុមាលភាព និងជីវភាពកម្មករនិយោជិកផងដែរ។

លោកតំណាងរាស្ត្រមណ្ឌលតាកែវរូបនេះ ក៏បានជម្រុញផងដែរ ដល់ថៅកែរោងចក្រសូមចូលរួម គោរពច្បាប់ ការងារ ព្រមទាំងលើកទឹកចិត្តដល់កម្មករ កម្មការិនី ជាពិសេសគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព ការងាររបស់ បងប្អូនកម្មករ កម្មការិនី បរិស្ថានអនាម័យនៅក្នុងរោងចក្រ សំដៅធ្វើយ៉ាងណាលើកកម្ពស់ បរិយាកាសការងារ ជូនបងប្អូនកម្មករ ព្រោះថាបើរោងចក្រមានអនាម័យល្អ បរិយាកាសការងារល្អ សុខភាពរបស់បងប្អូន កម្មករ យើង ក៏បានរឹងមាំ ដូច្នេះសង្វាក់ផលិតកម្មរបស់រោងចក្រក៏ដំណើរការទៅដោយរលូនផងដែរ។

ជាការឆ្លើយតប តំណាងរោងចក្រទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូដែលដឹកនាំដោយ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងបានឯកភាពទាំងស្រុង ចំពោះអ្វីដែលលោកបានលើកឡើង ព្រមទាំង សន្យាថានឹងខិតខំលើកកម្ពស់បរិស្ថានអនាម័យ និងបរិយាកាសការងារនៅក្នុងរោចចក្រឱ្យបានល្អបំផុត ៕











No comments:

Post a Comment