Wednesday, April 04, 2018

អភិបាលខេត្តសៀមរាប​ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងទ័ពនៅ​សម​រភូមិមុខ

នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយជាគ្រឿងឧប​ភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធ​ភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិ​បត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែ​ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ប្រពៃណីជាតិខ្មែរយើងខាងមុខ។

លោកឧត្តមសេនីយត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងសៀមរាប ធ្វើ​សេចក្តីរាយការអំ​ពី​ស្ថាន​ភាព​សន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន និងស្ថានភាពជីវភាពរស់នៅរបស់កងទ័ព។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់ បានក្លាយជាសមរភូមិកំពុង​អភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព និងបានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និង​ពល​ទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការលើកកម្ពស់ដល់វិស័យកងទ័ព ព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាពក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជនផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជា រៀបចំទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ខាងមុខ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំ​ណាក់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការ តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។

លោកបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំ​ដែន​កម្ពុជា-ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព ព្រមទាំងបានលើកឡើងពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស និងបានគូសបញ្ជាក់ថា កងទ័ពគឺជាកងកម្លាំងការពារបូរណភាពទឹកដី ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែល​កើតចេញពីការបោះឆ្នោតរបស់ប្រជាពល​រដ្ឋ​។ ម៉្យាងទៀត ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង។ លោកបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមាន​ស​ភាព​ការណ៍ណាមួយកើតឡើង។

លោកបណ្ឌិតក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកង​ទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និងសុខភាព។ ម៉្យាងវិញទៀតថ្ងៃនេះ គណៈប្រតិភូខេត្តបានផ្តល់នូវជាគ្រឿងឧបភោគបរិ​ភោគ ដល់បងប្អូនជានាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គ​ភាពវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ក្នុងស្ថាន​ភាព​កសាងទីតាំង និងហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្ត ខេត្តសៀមរាប តាមជួយបីបាច់ថែរក្សាដល់កងកម្លាំងទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើន ដើមី្បចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋឲ្យដល់ត្រើយ​សុភ​មង្គ​ល​តទៅថ្ងៃអនាគត។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិ​ភាគទី៤ នូវ​ស្រា​បៀរ​៤០កេស មី៤០កេស មាន់២០ក្បាល ជ្រូក១ក្បាល ថវិកា ៥​លាន​រៀល អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគចំនួន ២៣មុខ និងថវិកាសរុប ៦លានរៀល ក្នុង​នោះបានចែកជូនយោធិនម្នាក់ៗ ៤​ម៉ឺន​រៀល​ផងដែរ៕












No comments:

Post a Comment