Wednesday, April 04, 2018

អគ្គលេខាធិការអាស៊ាន លើកឡើងថា លោកពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន

នៅព្រឹកថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ក្នុងជំនួបនោះ លោក Dato Lim Jock Hoi បានមានប្រាសាសន៍ជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានបញ្ជាក់ថា លោកនឹងខិតខំ​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញការងារអាស៊ាន​ឲ្យកាន់តែ​ល្អប្រសើរឡើង។

លោក Dato Lim Jock Hoi ក៏បានជ្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ អំពីអាគារថ្មីនៃ​លេខាធិការដ្ឋានអាស៊ាន ដែលមានទីតាំងនៅទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ១៦ជាន់ មានទំហំធំទូលាយ ដែលអាចប្រើសម្រាប់កិច្ចការប្រជុំអាស៊ានបានយ៉ាងងាយស្រួល ព្រោះយ៉ាងហោច​ណាស់​ក្នុងមួយឆ្នាំ ក៏មានកិច្ចប្រជុំជាង ១៦០០ដងផងដែរ។ ទន្ទឹមនឹងនេះ គឺអាគារថ្មីនេះនឹងជួយសន្សំ​សំចៃកាត់​បន្ថយការចំណាយផ្សេងៗ ពេលប្រជុំអាស៊ានផងដែរ ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ពន្ធ័ នឹងអាគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន ដែលទើបបានរៀបចំ។ លោកនាយករដ្ឋមន្ត្រី ក៏បានយល់ស្រប ថាពិតជាមានការប្រជុំច្រើនមែន ក្នុងពេលដែលអាស៊ានកំពុងជំរុញសមាហរណកម្ម។ លោកក៏បាន​ស្នើសុំ​ឲ្យលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានថ្មីនេះ ពិចារណាធ្វើយ៉ាង​ណាជំរុញពន្លឿន​កិច្ចការ​ទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលបានព្រមព្រៀងគ្នារួចមកហើយ ព្រមទាំងស្នើឲ្យមាន​ការយកចិត្ត​ទុកដាក់ជាអាទិភាពចំពោះកិច្ចការសមាហរណកម្មរអាស៊ានតែម្តង ដែលជាអាទិភាពរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ានផងដែរ។

នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើលោកអគ្គលេខាធិការអាស៊ាន ជួយជំរុញបេក្ខភាពប្រទេសទីម័រលេស អោយឆាប់បានចូលសមាជិកអាស៊ានផងដែរ។ ប្រសិនបើមានការងារ​សំខាន់ចាំបាច់ទាំងឡាយណា ដែលកម្ពុជាអាចជួយសម្រួលបាន គឺកម្ពុជារីករាយចូលរួមជានិច្ច។ ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី បានស្នើអោយមានការពង្រឹងសហគមអាស៊ានទាំងមូលឡើងវិញ អោយសក្តិសមជាសហគមន៍ដែលមានសម្លេង និងតម្លៃស្មើមុខស្មើមាត់ ជាមួយសហគមន៍អន្តរជាតិនានា ដូចជាសហគមន៍អ៊ឺរ៉ុបជាដើម។ លោកអគ្គលេខាធិការអាស៊ានបានយល់ស្រប និងទទួលយកនូវសំណើ​លើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសន្យានឹងខិតខំជំរុញកិច្ចការទាំងអស់នេះ អោយមានដំណោះស្រាយបានឆាប់រហ័ស ៕







No comments:

Post a Comment