Tuesday, February 13, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះទណ្ឌិត សម រង្ស៊ី សូមអភ័យទោស ក៏មិនផ្តល់ឱកាសឱ្យទៀតដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោក មិនស្នើសុំការលើកលែងពីព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ទៀតទេ ដោយលោកបានបញ្ជាក់ថា «អ្នកឯងអត់កែរទេ ខ្ញុំបានឱ្យឱកាសដល់អ្នកឯងច្រើនលើកច្រើនសារហើយ ប៉ុន្តែអ្នកឯងអត់កែទេ អញ្ចឹងជម្រើសដែលនៅសល់របស់ខ្ញុំ គឺពង្រឹងនូវការអនុវត្តនូវទ្រឹស្តីរបស់អ្នកឯង មានឯងអត់អញ មានអញអត់ឯង តែប៉ុណ្ណឹង»។
លោកនាយករដ្ឋមន្ត្រីថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។

លោកនាយករដ្ឋមន្ត្រី បានហៅទណ្ឌិត សម រង្ស៊ី ថាជាមនុស្សបំបែកបំបាក់ជាតិ ដោយកាល ទណ្ឌិត សម រង្ស៊ី មានសិទ្ធិធ្វើនយោបាយ បានដាក់ចេញនូវគោលនយោបាយកម្ចាត់គេរហូត ដោយលោកបានបញ្ជាក់ថា «ដាក់ចេញនយោបាយពេលណាក៏ដោយ ដាក់ចេញកម្ចាត់គេរហូត មានស៊ីអត់សែន មានសែនអត់ស៊ី ឥឡូវត្រូវហើយ ខ្ញុំនឹងធ្វើឱ្យដូចតែម្តង» លោកបានបន្តថា «ទោះជាប្រកាសសូមទោសប្រជាពលរដ្ឋថាខ្ញុំបានដាក់ចេញនូវគោលនយោបាយ ដែលកម្ចាត់ ហ៊ុន សែន ចោល ជានយោបាយខុសឆ្គង វាខ្វះស្មារតីបង្រួបបង្រួមជាតិ អ្នកឯងប្រកាសទៅ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសូមប្រាប់ជាមុន ខ្ញុំមិនផ្តល់ឱកាសឱ្យអ្នកឯងទៀតទេ មិនលើកលែងទោសឱ្យអ្នកឯងទៀតទេ អាធុននេះធុនបំបែកបំបាក់ជាតិ»៕





No comments:

Post a Comment