Tuesday, February 13, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងភាពរីករាយចំពោះការចរចា និងស្នើសុំប្រទេសដទៃកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកូរ៉េទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកសូមសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការធូរស្រាលនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជាពិសេសការជជែកគ្នាដោយល្អូកល្អិនរបស់មេដឹកនាំនៃប្រទេសបងប្អូនកូរ៉េទាំងពីរនេះ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រទាំងស្រុងចំពោះកាយវិការ និងសកម្មភាពដែលកូរ៉េទាំងពីរកំពុងធ្វើ ហើយសុំឱ្យប្រទេសតូចធំទាំងឡាយទាំងមហាអំណាច និងមិនមហាអំណាចកុំព្យាយាមរារាំងចំពោះកិច្ចចរចានេះ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការត្រូវរ៉ូវគ្នារបស់បងប្អូនកូរ៉េទាំងពីរនេះ នឹងនាំឱ្យមានស្ថានភាពស្ងប់ស្ងាត់ និងកាត់បន្ថយការគម្រាមកំហែងនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។ លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយទំនាក់ទំនង ដែលត្រូវបានកែលម្អទោះបីបានក្នុងរយៈពេលខ្លីក៏ដោយប្រសើរជាងភាពតានតឹង។ នេះជាគោលជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសភាពការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ។ យើងអបអរសាទរជាមួយនឹងទំនាក់ទំនងថ្មីៗ ក្នុងការស្វះស្វែងរកការសម្រុះសម្រួលថ្មីៗរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សង្ឃឹមថា ប្រទេសនានា នឹងបន្តការលើកទឹកចិត្តឱ្យកូរ៉េទាំងពីរ អនុវត្តក្នុងដំណើរឆ្ពោះទៅរកការសុះស្រួលកាត់បន្ថយនូវភាពតាន់តឹង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញនូវការមិនពេញចិត្តផងដែរ ចំពោះបណ្តាប្រទេសមួយចំនួន ដែលបាននិងកំពុងព្យាយាមរារាំងដល់កិច្ចចរចារបស់ប្រទេសកូរ៉េទាំងពីរ។ ការចរចាស្វែងរកភាពត្រូវរ៉ូវគ្នា និងបញ្ចប់ជម្លោះរវាងបងប្អូនកូរ៉េ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកូរ៉េទាំងពីរ ដែលប្រើប្រាស់ភាសាតែមួយនោះ៕




No comments:

Post a Comment