លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា ជាមនុស្ស «ឈ្លើយតពូជ» ដែលមិនអាចឱ្យលោកបន្តធ្វើការជាដៃគូជាមួយគ្នាបាន។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅ វិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា អំឡុងពេលមានវប្បធម៌សន្ទនានោះ លោក សម រង្ស៊ី បានប្រមាថដល់កិត្តិយសលោកយ៉ាងធ្ងន់ធ្ងរនៅពីក្រោយខ្នង ក្នុងនោះរាប់ទាំងពេលជួបជុំទទួលទានអាហាររួមគ្នារវាងគ្រួសារលោក និងគ្រួសាររបស់ លោក សម រង្ស៊ី កាលពីខែកក្កដា ឆ្នាំ២០១៥ផងដែរ។ លោក បានបន្ថែមថា លោក សម រង្ស៊ី ធ្លាប់បានប្រមាថដោយប្រើពាក្យថា លោក ដឹងខ្លួនថាចាញ់ឆ្នោតហើយបានជាឱ្យកូនរបស់លោកជួបស្គាល់គ្នាជាមួយកូនរបស់លោកសម រង្ស៊ីទៅវិញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកថា លោក សម រង្ស៊ី គឺជាមនុស្សដែលមិនអាចទុកចិត្តបាន ដែលតែងតែលួចវាយប្រហារពេលចេញទៅក្រៅប្រទេស អំឡុងពេលភាគីទាំងពីរកំពុងមានវប្បធម៌សន្ទនា ហើយលោក បានបញ្ជាក់ថា ធ្លាប់បានស្នើលើកលែងទោសឱ្យលោក សម រង្ស៊ីចំនួន២ដងរួចទៅហើយ៕
No comments:
Post a Comment