Monday, July 31, 2017

លោក ហ៊ុយ វណ្ណៈ លើកឡើងថា «ព័ត៌មានបំពុល គឺជាថ្នាំពុល»

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌​មានកម្ពុជា បានលើកថា ការផ្សព្វផ្សាយព័ត៌មានបំពុលដែលមិនពិតនោះ គឺជាថ្នាំពុលសម្រាប់ទស្សនិកជន និងប្រជាពលរដ្ឋទូទៅ។ លោក បានលើកឡើងដូចនេះ បន្ទាប់ពីបានមើលឃើញថា មានការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះពាក់ព័ន្ធនឹងការចាប់ក្មេងជាដើម ដែលព័ត៌មានបំពុលទាំងនេះ អាចនឹងធ្វើឱ្យមានភាពចលា​ចលក្នុងសង្គម។

ការផ្សព្វ​ផ្សា​យព័ត៌​មានមិនពិតក្នុងគោលបំណងបង្កភាពវឹកវរក្នុងសង្គម នឹងប្រឈមមុខចំពោះមុខច្បាប់ផងដែរ ជាក់ស្តែង ស​កម្មជន CNRP ដែលបង្ហោះលើ Facebook ថា មានយួនមកចាប់ក្មេងវះក្រលៀន និងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍កន្លងមកនោះ ក៏ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធ​នាគារហើយ។

លោក ហ៊ុយ វណ្ណៈ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំបំផ្លាញ ស្នាមញញឹមរបស់ប្រជាជន សម្រស់ផូរផង់របស់មាតុភូមិ កិត្តិនាមថ្លៃថ្នូររបស់ជាតិ តាមរយៈ «ព័ត៌មានបំពុល»។ លោក ក៏បានអំពាវនាវឱ្យរួមគ្នាក្នុងយុទ្ធនាការ ឈប់ផ្សព្វផ្សាយដំណឹងបំពុល តាមរយៈ Facebook និងសារព័ត៌មានផងដែរ៕


No comments:

Post a Comment