Monday, July 31, 2017

លោក សុខ ឥសាន រំលឹករឿងប្រម៉ាត់ប្រម៉ង់ចាប់ក្មេងបង្កភាពវឹកវរដល់សង្គម

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥ​សាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានរំលឹកឡើងវិញ ពីចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និង ប្រជាជនឱ្យជ្រួលច្របល់ អ​ស្ថិរភាព តាមរយៈការបំផុសព័ត៌មានប្រម៉ាត់​ប្រម៉ង់​ចាប់ក្មេង។

លោក សុខ ឥសាន បានបញ្ជាក់ថា កាលពីសម័យទសវត្សរ៍ឆ្នាំ ១៩៤០-១៩៥០ មានលេចលឺព័ត៌មាន មានប្រម៉ាត់ប្រម៉ង់ចាប់ក្មេង ថាយកទៅដាក់ ក្រោមសសរគ្រឹះស្ពានធំៗ និងយកទៅវះពោះយកគ្រឿងក្នុងផ្សេងៗ ។ល។ ដែលធ្វេីឱ្យសង្គមមានការព្រួយបារម្ភ និងជ្រួល​ច្រ​បល់ នៅក្នុងអារម្មណ៍របស់ប្រជាជន រហូតមិនហ៊ានឱ្យកូនចៅទៅសាលារៀនទៀតផង។

លោក សុខ​ ឥសាន ក៏បានបញ្ជាក់ថា ឥឡូវនេះ មានលេចលឺព័ត៌មាន និងការបំផុសព័ត៌មានអកុសលនេះ ជាបន្តបន្ទាប់ដោយជនមួយចំនួន ដោយប្រេីប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងអ្នកឆ្កួតវង្វេងនឹងហ្វេសប៊ុក ដែលចូលចិត្តប្រេីសិទ្ធិរបស់ខ្លួនដោយខ្វះការ​ទទួល​ខុសត្រូវ ហេីយអាចជាចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និងប្រជាជនឱ្យជ្រួលច្របល់ អស្ថិរភាព ដើម្បីគេយកលេសដាក់កំហុសលេីរាជរដ្ឋាភិបាលថា អសមត្ថភាពគ្រប់គ្រងសង្គម ដែលចង់ឱ្យមានឥទ្ធិពលដល់បរិយាកាសនយោបាយ ដេីម្បីគេមានលេសបន្ទាបបន្ថោកការដឹកនាំ របស់គណបក្ស​ប្រជាជនកម្ពុជា ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មិនទាន់រកឃេីញករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចការផ្សព្វផ្សាយតៗគ្នានោះឡេីយ។ សមត្ថកិច្ចដាក់ការសង្ស័យលេីក្រុមជនទុច្ចរិតណាមួយ មានផែនការបំផុសសង្គ្រាមចិត្តសាស្ត្រធ្វេីឱ្យច្របូកច្របល់សង្គម ធ្វេីឱ្យអស្ថិរភាពនយោបាយ ដែលសមត្ថកិច្ចបាន និងកំពុងសេីុបអង្កេតយ៉ាងសកម្មដេីម្បីវែកមុខឱ្យឃេីញស-ខ្មៅ។

លោក សុខ ឥសាន ក៏បានសំណូមពរគ្រប់មជ្ឈដ្ឋានក្នុងសង្គមចូលរួមព្រមៗគ្នា ជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ឱ្យក្លាយជាសំណាញ់ប្រទាក់ក្រឡាទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលរបស់ពួកជនទុច្ចរិត និងមជ្ឈដ្ឋានប្រឆាំង កុំឱ្យវាមានឱកាសបំផ្លិចបំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនយេីងបាន៕


No comments:

Post a Comment