Monday, July 31, 2017

ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះ

ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះដែលកម្ពុជាមាន។ រហូតមកទល់ពេលនេះឧទ្យានុរក្សជាង ១២០០នាក់បាននិងកំពុងបំពេញតួនាទីការពារ និងអភិរក្សរបស់ខ្លួន នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយមិនខ្លាចនឿយហត់ និងលះបង់អាយុជីវិតដើម្បីការ ពារធនធានធម្មជាតិកម្ពុជាដោយសេចក្តីស្រឡាញ់ពេញចិត្ត ទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។
មន្ត្រីបរិស្ថាន និងឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការការពារធនធានព្រៃឈើ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកានៅតែបន្តជម្នះនូវរាល់បញ្ហាទាំងឡាយដើម្បីការពារដែនជម្រកសត្វព្រៃនេះឱ្យបានគង់វង្សនិងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងតំបន់នេះ។ នេះគឺជាការលើកឡើងរបស់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បន្ទាប់ពីមានការតដៃរបស់ជនល្មើសជាច្រើននាក់មកលើកម្លាំងឧទ្យានុរក្សការពារដែនជម្រកសត្វព្រៃព្រះរកា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅ​នៅ​ចំណុចភូមិ​​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះ​វិ​​ហា​រ និងបានវាយដំមកលើមន្ត្រីបរិស្ថាន ហើយបានបង្កឱ្យលោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការងរបួសក្បែរគុម្ពត្រចៀកខាងស្តាំ។
លោក អ៊ា សុខា បានថ្លែងថា មន្ទីរបរិស្ថានខេត្តបាននិងកំពុងរៀបចំលិខិតបែបបទដើម្បីប្តឹង ក្រុមជនល្មើសដែលបានបង្ករបួសស្នាមមកលើមន្ត្រីមានសមត្ថកិច្ចទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ លោក អ៊ា សុខា បានថ្លែងឱ្យដឹងថា មូល​ហេតុ​ដែល​នាំអោយ​មាន​ការបង្ករបួសស្នាមមកលើមន្ត្រីបរិស្ថានកើតឡើង​​ក្រោយពីក្រុមមន្ត្រីបរិស្ថាន និងឧទ្យានុរក្សបាន​បង្ក្រាបបទល្មើសព្រៃឈើ និងបានចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៨​គ្រឿង ដែល​បងប្អូន​ប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះបាន​នាំគ្នា​ចូល​ទៅ​កាប់ អារ​ជ្រៀក​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​រកា។ ដោយសារ​ជនល្លើសមាន​គ្នាច្រើន បាន​​នាំ​គ្នា​កាប់​ខ្សែ​ទំលាក់​ឈើ​ចោល រួច​បរ​គោយន្ត​​មក​ភូមិ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់ បានឃាត់​គោ​យ​​ន្ត​ម្តងទៀត នៅវេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៨ ​ខែ​​កក្ដ​ដា​ ឆ្នាំ​២០១៧​ ដដែល ប្រ​​ជា​ពលរដ្ឋ​ក៏បាន​លើកគ្នា​ជាង​៣០០​នាក់​ទៅ​ព​ទ្ឋ័​វ៉ៃ​ ​លោក យ៉ាន់ ប៊ុន​សឿង អោយ​រងរបួស​ធ្ងន់។ ករណី​ហិង្សា​រវាង​ប្រជាពលរដ្ឋ​​និង​មន្ត្រី​អនុវត្តច្បាប់នេះ បាន​កើតឡើង​៣​លើក​មកហើ​​យ​នៅ​ឆ្នាំ​២០១៥​ និងឆ្នាំ ២០១៦ ដែលនៅពេលនោះមានការបាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងនៅឆ្នាំ ២០១៧ នេះ បានបង្ករបួសស្នាមមកលើមន្ត្រីឧទ្យានុរក្ស។ ករណី​នេះ​បាន​កើតឡើង​ដោយ​​សង្ស័យថាមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​រៀប​ចំគម្រោង​ប្រ​​ឆាំង​អ្នក​អនុវត្តច្បាប់បទល្មើស​ព្រៃឈើ​។
ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីឧទ្យានុរក្សទាំងផ្នែកជីវភាព និងការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង។ កាលពីពេលថ្មីៗនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានមានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។ លោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ព្រៃឈើ នោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងទទួលបានចំណូលពីភ្ញៀវទេសចរដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ”។
លោកសង្កត់ធ្ងន់ថា នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធានធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ ជាមួយគ្នា លោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍៕









No comments:

Post a Comment