Monday, July 31, 2017

ម្ចាស់សំណង់ខុសច្បាប់​ នៃគម្រោង​រៀបចំកន្លែង​កម្សាន្ត​ ក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ​ ព្រមរុះរើដោយ​ស្ម័គ្រចិត្ត​

ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្តសម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើសំណង់នោះ ដោយខ្លួនឯង។
អ្នកស្រី ភួន មុំ ដែលជាម្ចាស់សំណង់ខាងលើបានឲ្យដឹងថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយជីកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។
អ្នកស្រីបានបន្តថា ការសម្រេចសាងសង់នេះ គឺដោយសារអ្នកស្រីឮគេនិយាយតគ្នាថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរា ក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។
អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រី និងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់ពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។
អ្នកស្រី មុំ បានធ្វើការផ្ដាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចធំប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។
គួររំលឹកផងដែរថា មានសំណង់ខុសច្បាប់ជាង ៥០០ហើយ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ហើយអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាមសេចក្តីជូនដំណឹងកន្លងមក៕










No comments:

Post a Comment