Tuesday, June 06, 2017

អភិបាលខណ្ឌដង្កោ ចុះថ្លែងអំណរគុណដល់ពលរដ្ឋនៅតាមមូលដ្ឋានដែលបោះឆ្នោត​ជូនគណបក្សប្រជាជន​ ដែលកើនជិត​១ម៉ឺនសម្លេង​សម្រាប់ការ​បោះឆ្នោត​ឆ្នាំ២០១៧នេះ​

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងសង្កាត់ព្រែកកំពឹស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើងសម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេងឯណោះសម្រាប់ការបោះឆ្នោតលើកនេះ។
សូមបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោ លទ្ធផលបឋមដែលទទួលបាននៅពេលនេះ បានបង្ហាញថា សង្កាត់ទាំង១៣ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់រហូតដល់១១សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាចៅសង្កាត់ត្រឹមតែ២សង្កាត់ប៉ុណ្ណោះ គឺសង្កាត់ដង្កោ និងសង្កាត់ព្រៃសរ។
លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត ១ម៉ឺនសម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។ បន្ទាប់ពីថ្លែងអំណរគុណ អភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការ កង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋបន្ថែមទៀតដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង និងបានពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែទៀតដែលទើបស្ថាបនារួចស្ថិតក្នុងភូមិដំណាក់សង្កែ និងពិនិត្យមើលគម្រោងផ្លូវដែលនឹងត្រូវស្ថាបនានាឆ្នាំ២០១៨ខាងមុខ។

នៅចំពោះមុខប្រជាពលរដ្ឋ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅប្រចាំរបស់បងប្អូន។ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភសម្រាប់ការរាំលេងកម្សាន្តអបអរសាទរគណបក្សប្រជាជន ទទួលបានជ័យជំនះក្នុងសង្កាត់ និងផ្លូវបេតុងដែលទើបស្ថាបនារួចផងដែរ៕




No comments:

Post a Comment