Tuesday, June 06, 2017

ខេត្តកណ្ដាល ទីតាំងឈរជើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើនឡើងជាង៦ម៉ឺនសម្លេង​ រីឯគណបក្សសង្គ្រោះជាតិ​បាត់សម្លេង​យ៉ាងគំហុក​សម្រាប់ការបោះឆ្នោត​ឆ្នាំ២០១៧នេះ​

ខេត្តកណ្ដាល គឺជាទីតាំងឈរជើងរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគណបក្សបានកើនឡើងសម្លេងឆ្នោតរហូតដល់ជាង៦ម៉ឺនសម្លេង ខណៈដែលគណបក្សសង្គ្រោះជាតិ បានបាត់បង់សម្លេងគាំទ្រយ៉ាងគំហុករហូតដល់ជាង៦ម៉ឺន៤ពាន់សម្លេង បើប្រៀបធៀបការបោះឆ្នោត កាលពីឆ្នាំ២០១៣កន្លងទៅ (នេះបើយោងតាមទិន្នន័យក្រៅផ្លូវការ)។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ សម្រាប់ខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជា បានទទួលដំណែង ជាមេឃុំ-ចៅសង្កាត់ រហូតដល់៧៩ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាមេឃុំចៅសង្កាត់ បានត្រឹមតែ៤៨ឃុំ-សង្កាត់ប៉ុណ្ណោះ។
យោងតាមលទ្ធផលបឋមនិងក្រៅផ្លូវការបានបង្ហាញថា សម្រាប់ខេត្តកណ្ដាល មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៦៥៩,៧៧៩នាក់ ស្មើនឹង៩៤.២០ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមានចំនួន ៦៣៩,០៤៧សន្លឹក រីឯសន្លឹកឆ្នោតមិនបានការមានចំនួន២០,៨៣២សន្លឹក។
លទ្ធផលបឋមក្រៅផ្លូវការនេះបានបង្ហាញឱ្យឃើញថា៖ «គណបក្សប្រជាជនកម្ពុជា ទទួលបាន៣២៣,១៤៩សម្លេង រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន ៣០១,២៩៧សម្លេង ដូច្នេះមានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងលើសគណបក្សសង្គ្រោះជាតិ រហូតដល់២១,៨៥២សម្លេង។
ប៉ុន្ដែបើប្រៀបធៀបសម្លេងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប គឺពេលនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២៦១,៥៨៧សម្លេង ដូច្នេះការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតដល់ ៦១,៥៦២សម្លេង។ ដោយឡែកគណបក្សសង្គ្រោះជាតិ បានថយចុះ សម្លេងយ៉ាងគំហុក ដោយសារតែកាលពីការបោះឆ្នោតឆ្នាំ២០១៣ ទទួលសម្លេងរហូតដល់ ៣៦៦,០៥៦សម្លេង ប៉ុន្ដែការបោះឆ្នោតលើកនេះទទួលត្រឹមតែ ៣០១,២៩៧សម្លេង ដូច្នេះមានន័យថា បានថយចុះរហូតទៅដល់ ៦៤,៧៥៩សម្លេង»។
នៅខេត្តកំពង់ចាមឯណោះវិញ ដែលជាទីតាំងឈរជើងរបស់លោក កឹម សុខា គណបក្សសង្គ្រោះជាតិទទួលបាន ដំណែងជាមេឃុំចៅសង្កាត់ច្រើនជាងគណបក្សប្រជាជនកម្ពុជា ប៉ុន្ដែបានថយចុះសម្លេងយ៉ាងគំហុករហូតដល់ ៥៤,៤១០សម្លេងឯណោះ។ ចំណែកគណបក្សប្រជាជនកម្ពុជាបានកើនឡើងសម្លេងរហូតដល់២៥,៧៣១សម្លេង។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញទៅបោះឆ្នោត។
លទ្ធផលបឋមក្រៅផ្លូវការ សម្រាប់ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន១១៦៣ឃុំសង្កាត់ស្នើនឹងជាង៧០ភាគរយ ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន៤៨២ឃុំសង្កាត់ ស្នើនឹងប្រមាណ៣០ភាគរយ ប៉ុណ្ណោះ រីឯគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំនៅក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។
កាលពីព្រឹកម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបង្ហាញក្តីរីករាយចំពោះលទ្ធផល ព្រោះការបោះឆ្នោតនេះបើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានកើនសម្លេងឆ្នោតជាង ៣០ម៉ឺនសម្លេង។ តាមរយៈលទ្ធផលនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ក្នុងការដឹកនាំរាជរដ្ឋាភិបាល៕




No comments:

Post a Comment