Tuesday, June 06, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឧបត្ថម្ភប្រាក់១ម៉ឺន​ដុល្លារជូន​ដល់កូន​ទាំង៣របស់លោក​ អ៊ិត សេដ្ឋា​ ដើម្បីរំលែកទុក្ខ​លំបាកដល់​ក្រុមគ្រួសារ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយមើលឃើញពីទុក្ខលំបាកវេទនារបស់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា ពិធីករប្រកបដោយទេពកោសល្យ ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ CTN ក្រោយពីរូបលោកស្លាប់ទៅនោះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ចំនួន១ម៉ឺនដុល្លារដើម្បីជួយផ្គត់ផ្គង់ និងរំលែកទុក្ខលំបាកដល់គ្រួសារមួយនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន លោកទាំងពីរបានក្លាយជាទេវតារស់ ប្រោសប្រទាន និងជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខ និងជួបការលំបាកគ្រប់ពេលគ្រប់ទីកន្លែង។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានីយ៍ទូរទស្សន៍ CTN តាមរយៈ «មូលនិធិ CTN» ផ្តួចផ្តើមបង្កើតមូលនិធិពិសេសមួយដើម្បីរៃអង្គាសថវិកាយកទៅជួយកូនៗកំព្រាដ៏កំសត់៣នាក់របស់សព លោក អ៊ិត សេដ្ឋា ជាពិធីករកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ ថវិកាប្រមូលបានតាមរយៈមូលនិធិពិសេសនេះ នឹងប្រើប្រាស់ដើម្បីទិញផ្ទះ១ល្វែង ព្រមទាំងសម្រាប់ទ្រទ្រង់ជីវភាព និងទ្រទ្រង់ការសិក្សារហូតដល់ចប់។
ដោយឃើញស្ថានភាពបែបនេះ និងដោយមានគំនិតផ្តួចផ្តើមពី លោក ហ៊ុយ វណ្ណៈ ព្រមទាំងទទួលបានការគាំទ្រពី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំបង្កើតមូលនិធិពិសេសនេះឡើងដើម្បីជួយកូនប្រុសស្រីកំព្រាទាំង៣នាក់ និងដើម្បីជាការជូនដំណើរវិញ្ញាណក្ខន្ត លោក អ៊ិត សេដ្ឋា ទៅកាន់សុគតិភពដោយស្ងប់។ បំណងប្រាថ្នារបស់លោក អ៊ិត សេដ្ឋា មុនលាចាកលោកយើងនេះ គឺគាត់ចង់បានផ្ទះ១សម្រាប់កូនៗ និងម្តាយជរា ព្រមទាំងចង់ឃើញកូនៗបានរៀនសូត្ររហូតដល់ចប់។
សូមសាធារណជន និងសប្បុរសជន ផ្តល់សមាណចិត្តដោយក្តីមេត្តា ចូលរួមជាមួយមូលនិធិពិសេសទ្រទ្រង់កូនៗកំព្រារបស់ លោក អ៊ិត សេដ្ឋា តាមការគួរនិងក្តីករុណាបំផុត។ ការទទួលថវិកាសប្បុរសរបស់មូលនិធិពិសេសនេះ នឹងធ្វើតាមតែប្រព័ន្ធធនាគារ Wing (ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧) ដែលងាយគ្រប់គ្រងបាន និងដោយតម្លាភាព គឺធ្វើតែតាមរយៈមូលនិធិ CTN តែមួយគត់។ ការទទួលថវិកាសប្បុរសចូលរួមបរិច្ចាគក្នុង «មូលនិធិ CTN ជួយកូនៗកំព្រារបស់លោក អ៊ិត សេដ្ឋា» គឺចាប់ទទួលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយផ្សាយផ្ទាល់នៅទូរទស្សន៍ CNC ចាប់ពីវេលាម៉ោង ២៖០០នាទី ដល់ ៤៖០០នាទី រសៀល។
ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងគណៈកម្មការមូលនិធិ តាមរយៈលេខទូរស័ព្ទ៖ ០១២ ២២១ ៧៨៩, ០១៧ ៧៩៩ ៧៧៧, ០១៧ ៥០២ ៥២៩ និង ០៩២ ១៣០ ០០៧៕



No comments:

Post a Comment