Sunday, October 09, 2016

ជំនួប​ទ្វេភាគីរវាង​ សម្តេច​តេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ប្រាយុត ចន្ទអូចា នាយករដ្ឋ​មន្ត្រីថៃ

  ប្រមុខរាជ​រដ្ឋាភិបាល នៃប្រទេស​ទាំង​ពីរកម្ពុជា-ថៃ បាន​សន្យា​គ្នា​ថា នឹង​ខិត​ខំជម្រុញ​ទំហំ​ពាណិជ្ជ​កម្ម​នៃប្រទេស​ទាំងពីរ ឲ្យកាន់តែមាន​ទំហំទ្វេឡើង​​ថែម​ទៀត តាម​រយៈ​ការ​តភ្ជាប់​រវាង​ប្រជាជន និងប្រជាជន ការតភ្ជាប់​ហេដ្ឋារ​ចនាសម្ព័ន្ធ និងការ​បើក​ច្រក​ព្រំដែន​នៃប្រទេស​ទាំងពី​រ​ឲ្យ​កាន់​តែទូលំ​ទូលាយថែ​មទៀត សំដៅបង្កើន​ស្ថេរភាព នៃការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង​ពីរ។
ក្នុងជំនួប​ដែលធ្វើ​ឡើង​នារសៀល​ថ្ងៃទី៩ តុលា នៅទីក្រុងបាងកក ជាទីដែល​សម្តេច​តេជោ​នាយក​​រដ្ឋមន្រ្តី អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូលស្តី​ពីកិច្ចសន្ទនា នៃកិច្ច​សហ​ប្រតិបត្តិកា​រ​អាស៊ី​លើក​ទី២ ឯកឧត្តម​ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ មានប្រសាសន៍​ថា ឯកឧត្តម​ពិតជាមាន​ការរីករាយដោ​យបានជួ​បពិភាក្សា​សាជាថ្មីម្តង​ទៀត ជាមួយស​ម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ថ្វីត្បិត​រូបឯកឧត្តម និងសម្តេចតេជោ ធ្លាប់បានជួបគ្នា​ជាច្រើន​លើក​ច្រើនសារ ក្នុង​ក្របខណ្ឌ​អន្តរជាតិ។ ឯកឧត្តម​នាយករដ្ឋ មន្រ្តីមាន​ប្រសាសន៍​ចាត់​ទុកថា សម្តេច​គឺជា​មិត្ត​ដ៏ល្អ​របស់ប្រ​ទេស និង​ប្រជាជនថៃ ហើយបានចាត់​ទុកថា​វត្តមាន​របស់ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ក្នុងកិច្ចប្រ​ជុំ​កំពូល​ស្តីពី​កិច្ចសន្ទនា នៃកិច្ចសហប្រតិ​បត្តិការ​អាស៊ី​លើកទី​២នេះ គឺពិត​ជា​មាន​សារៈ​សំខាន់បំផុត។
ជាកិច្ចឆ្លើយតប​ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា មានប្រសាសន៍​អបអរសាទរចំពោះ​ជោគជ័យ នៃការធ្វើ​ប្រជា​មតិ​របស់​ប្រទេស​ថៃ ដែល​បានធ្វើ​ឡើងនា​កន្លងមក។ សម្តេចតេ​ជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា សម្រាប់​ប្រទេស​យើង​ទាំងពីរ​បញ្ហា​នៃការ​សម្រេច​ចិត្ត​របស់​ប្រជាជន គឺពិតជា​មាន​សារៈ​សំខាន់​ណាស់ ព្រោះថាការធ្វើ​ប្រជា​មតិនិង​ការបោះ​ឆ្នោត គឺផ្តើម​ចេញ​ពីឆន្ទៈ​ពិតប្រាកដ​របស់​ប្រជា​ពល​រដ្ឋ ដោយគ្មាន​នណាទៅ​បំភិត​បំភ័យ ឬការ​បង្វិត​បង្ខំ​នោះ​ឡើយ។

ក្នុងជំ​នួប​ពិភាក្សា​ដ៏មាន​សារៈសំខាន់​នោះដែរ​សម្តេចតេជោ នាយករដ្ឋមន្រ្តី និង​សមភាគី​ថៃ ឯក​ឧត្តម​ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើការពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់ ទៅ​លើ​ការ​ពង្រឹង​ និងពង្រីកការត​ភ្ជាប់​រវាងប្រជាជន និងប្រជាជន នៅតាម​តំបន់​ព្រំដែន​នៃប្រទេស​ទាំងពីរ​។ មេដឹកនាំទាំងពីរ​បានចាត់​ទុក​ថា នឹង​ខិត​ខំ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មីនៃ​ប្រទេស​ទាំង​ពីរ ឲ្យបាន​ចេញជា​រូបរាង​ពិត​ប្រាកដ ដោយមិន​រងចាំ​ការបោះ​បង្គោល​ព្រំដែន ឬធ្វើ​ឲ្យប៉ះ​ពាល់​​ដល់​ខ្សែ​បន្ទាប់​ព្រំដែន ហើយការ​បិទ ឬបើកច្រកព្រំដែន​មិនត្រូវ​ធ្វើឡើង​ដោយ​ឯក​តោ​ភាគី ពោលគឺការ​ធ្វើអ្វី​មួយ ត្រូវរាយ​ការណ៍ជូនប្រមុខ​រាជរដ្ឋា​ភិបាល នៃប្រទេស​ទាំងពីរ​ជាមុន។ ជាមួយ​គ្នា​នេះមេដឹក​​នាំទាំង​​ពីរ​ក៏​បាន​​ឯកភាព ឲ្យគណៈ​​កម្មការ​​ព្រំដែន នៃប្រ​ទេស​ទាំងពីរ​កម្ពុជា - ថៃ បន្តការ​ពិភាក្សា​ជាបន្ត​ទៅ​ទៀត បន្ទាប់​ពីការ​អាក់​ខាន​ជួប​ពិភាក្សា​គ្នា​ជាង​២ឆ្នាំ​មក​នោះ។ មេដឹកនាំ​ទាំងពី​រក៏បាន​សំដែង​នូវការ​រីក​រាយ​ចំពោះ ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​នៃប្រទេស​ទាំង​ពីរ ដែលគ្រោង​និងប្រារព្វ​ពិធីសម្ពោធ​នៅបំណាច់​ឆ្នាំ​២០១៦​នេះ។ ជាមួយ​គ្នានេះ​មេដឹកនាំ នៃ​ប្រទេស​​ទាំង​ពីរ ក៏បានធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់ ទៅលើបញ្ហា​កម្លាំង​ពលករ​កម្ពុជា​ចំនួន​ជាង​២សែន​៤ម៉ឺននាក់ ដែលកំពុង​បំពេញ​ការងារ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ដែលក្នុងនោះ​ភាគី​កម្ពុជា​ស្នើឲ្យភាគី​ថៃ​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​ផ្តល់​លិខិតឆ្លង​ដែនដល់​ពលករ​ទាំង​អស់​នោះ ដើម្បីឲ្យ​ពួក​គេ​ធ្វើការ​ដោយ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ។ មេដឹកនាំ​នៃប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់ ទៅលើ​តំបន់​ត្រួត​ស៊ីគ្នា​ក្នុង​ដែន​សមុទ្រ និងការ​កសាង​នូវ ថាម​ពល​វារីអគ្គិសនី​នៅ​ស្ទឹង​មេទឹក​ក្នុង​ខេត្តកោះ​កុង​ ដែលជា​គម្រោង​ដ៏មាន​អត្ថប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ នៃប្រទេស​ទាំងពីរ។ មេដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ ក៏បានសំដែង​នូវការរីក​រាយ​ចំពោះ​ទំហំ​ពាណិជ្ជ​កម្ម និង​វិនិយោគ​នៃប្រទេស​ទាំងពីរ​កម្ពុជា-ថៃ ដែលតួលេខ​បាន​បង្ហាញ​ថា កាល​ពីឆ្នាំ​២០១៤​ការនាំ​ចូល​ពីប្រទេស​ថៃមក​កាន់​ប្រទេសកម្ពុជា មានទំហំ៤ពាន់២៥លានដុល្លា ការនាំចេញ​ពីកម្ពុជាទៅ​កាន់​ប្រទេសថៃ មាន​ទំហំ៥​៨៩លានដុល្លា។ ឆ្នាំ២០១៦ការនាំចូល​ពីប្រទេស​ថៃមកកាន់​ប្រទេសក​ម្ពុជា មាន​ទំហំ​៤ពាន់​៦៨៩លានដុល្លា ឯការនាំចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ មាន​ទំហំ​៦៣៩​លាន​ដុល្លា។ មេដឹកនាំ​ទាំងពីរបាន​ចាតទុក​ថា នេះជាទំហំ​ពាណិជ្ជកម្ម​ជាប់​ចំណាត់​ថ្នាក់ទី​១ បើ​ប្រៀប​​ធៀបទៅ​នឹងបណ្តា​ប្រទេស​ក្នុងតំបន់ ប៉ុន្តែទោះបី​ជាយ៉ាង​ណាក៏​ដោយ​មេដឹក​នាំទាំង​ពីរចាត់​ទុកថា ប្រទេសទាំងពីរ​នៅមាន​សក្តានុពល​ជាច្រើន​ទៀត ដែល​យើង​គួរតែ​ជំរុញ​កំណើន​នៃ​ទំហំពា​ណិជ្ជកម្ម ឲ្យកើនដល់​១៥ពាន់លាន​ដុល្លានៅពេល​ដ៏ខ្លីខាង​មុខ។ នៅក្នុង​ជំនួប​ពិភាក្សា​គ្នានោះដែរ មេដឹកនាំ​នៃប្រទេសទាំ​ងពីរ​កម្ពុជា-ថៃ បានពិភាក្សា​គ្នាផង​ដែរ ក្នុង​បើក​​កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ចម្រុះនៃប្រទេស​ទាំងពីរកម្ពុជា ថៃ ដែល​គ្រោង​នឹង​ប្រារព្វ​ធ្វើឡើង​ក្នុង​ប្រទេស​កម្ពុជានៅ​ឆ្នាំ២០១៧​ខាងមុខ។ មេដឹក​នាំនៃប្រទេស​ទាំងពីរកម្ពុជា-ថៃ ក៏បាន​ធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុក​ដាក់ ទៅលើទំនាក់ទំ​នង​ទ្វេភាគី ពហុភាគី បញ្ហា​តំបន់​និង​អន្តរជាតិ ដែលមាន​ការយក​ចិត្តទុក​ដាក់​ដូចគ្នា៕




No comments:

Post a Comment