Thursday, July 21, 2016

សម្តេច​តេជោ​ ផ្តល់​កាដូ​ពិសេស ៤បន្ថែម​ទៀតតាម​រយៈ​ក្រសួង​ឧស្សាហកម្ម​​ជូនប្រជា​ពលរដ្ឋ ១៤៩​គ្រួសារ នៅ​ខេត្តបាត់​ដំបង

ដើម្បីជាចំណងដៃនៅថ្ងៃសម្ពោធ ដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីរួម​ខេត្ត​បាត់​ដំបង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់សិទ្ធិ កាន់​កាប់​ដីធ្លីស្របច្បាប់ ចំនួន០៤ទីតាំងបន្ថែមទៀត ជូនប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ ដែល​កំពុង​រស់​នៅលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ នៅក្នុងខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបានសម្រេចប្រគល់ ជូនមួយ​ទីតាំង​រួចមកហើយ នៅក្នុងបុរីកម្មករ នៃរោងចក្រត្បាញសំពត់ ខេត្តបាត់ដំបង ជូនប្រជាជន​ចំនួន ៤៩គ្រួសារ កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមជំរាបផងដែរថា ផ្ទៃដីទាំង០៤ទីតាំងបន្ថែមដែលនឹង ត្រូវប្រគល់សិទ្ធិកាន់កាប់ ស្រ​ប​ច្បាប់​ជូនប្រជាពលរដ្ឋ នៅពេលនេះគឺជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ គិតចាប់តាំងពីឆ្នាំ ១៩៧៩ មកទល់បច្ចុប្បន្ន​ ពួកគាត់​ដែលភាគច្រើនជាអតីតគ្រួសារកម្មករ បានរស់នៅលើដីនេះ​ ដោយមិនមានឯកសារស្របច្បាប់ ណាមួយដើម្បីធានានូវនិរន្តរភាព នៃទីជម្រករបស់ពួកគាត់ឡើយ ព្រោះដីនេះ​ជាកម្មសិទ្ធិ​របស់​រដ្ឋ។
ដោយមើលឃើញពីតម្រូវការចាំបាច់ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទាំង១៤៩ គ្រួសារ និងដោយទទួលបាននូវរបាយការណ៍ ជាក់លាក់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្តេច​តេជោ នាយករដ្ឋមន្រ្តី បានសម្រេចប្រគល់សិទ្ធកាន់កាប់ ស្របច្បាប់ជូនពួកគាត់ទាំង ១៤៩​គ្រួសារ ដែលក្នុងនោះរួមមាន៖
១-ទីតាំងដីអតីតពហុសិប្បកម្ម នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត​បាត់​ដំបង លើផ្ទៃដីទំហំ ៧.០៩០ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ។
២-ទីតាំងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត (វត្តលាប) និងជាទីតាំងអតីតរោងចក្រទឹកកក ទឹកក្រូច ស្ថិតនៅភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ១.៣៧៩ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ។
៣-ទីតាំងអតីតរោងសិប្បកម្មស្ករអំពៅ ស្ថិតនៅភូមិដំណាក់លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ៣.២៤៦ ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ។
៤-ទីតាំងបរិវេណអង្គភាពរដ្ឋាករទឹកបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ៥៦០ម៉ែត្រការ៉េ ក្នុងនោះដីទំហំ ២៨០ម៉ែត្រការ៉េ ផ្តល់ជូន​កម្មករមួយគ្រួសារ និងដីទំហំ ២៨០ម៉ែត្រការ៉េទៀត សម្រាប់ដោះស្រាយគោលនយោបាយ ជូន​កម្មករដែលមានការពាក់ព័ន្ធ។
គួររំឭកផងដែរថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ បន្ទាប់ពីបានអញ្ជើញចុះ​សួរ​សុខ​ទុក្ខជាមួយប្រជាពលរដ្ឋចំនួន ៤៩ នៅបុរីកម្មករ នៃរោងចក្រត្បាញសំពត់ ដែលទើប​ទទួល​បាន ការឯកភាពថ្មីៗ ពី សម្តេចតេជោនាយករដ្ឋមន្រ្តី នូវកម្មសិទ្ធិ​ស្របច្បាប់លើផ្ទៃដីរដ្ឋ​ចំនួន ៥.៧៧១ម៉ែត្រការ៉េរួចមក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និង​សិប្បកម្ម ក៏បានអញ្ជើញចុះជួបផ្ទាល់ផងដែរ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅ ០៤ទីតាំងខាង​លើហើយ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេច​​​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និង​បាន​ជម្រាប​ប្រាប់បងប្អូនអោយរស់នៅ និងរកទទួលទាន ដោយស្ងប់អារម្មណ៍ កុំមានការព្រួយ​បារ​ម្មណ៍​ចំពោះ ការបាត់បង់លំនៅដ្ឋាន របស់ខ្លួន ព្រោះពេលនេះ ក្រោមការគិតគូ និងយក​ចិត្ត​ទុក​ដាក់ ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បងប្អូនប្រជាពលរដ្ឋ គឺបានទទួលនូវសិទ្ធិ​ស្របច្បាប់លើការកាន់កាប់ដីធ្លី ដែលខ្លួនកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។

បន្ទាប់ពីទទួលបាននូវដំណឹងដ៏ល្អនេះ បងប្អូនប្រជាពលរដ្ឋទាំង ១៤៩គ្រួសារ បានសម្តែង​នូវសេចក្តីរីករាយជាពន់ពេកក្រៃលែង និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ដែលលោកទាំងពីរ តែងគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងដោះ​ស្រាយបញ្ហា​ជូន​ពួកគាត់ គ្រប់កាលៈទេសៈ ហើយនិងបានជូនពរ សម្តេចទាំងពីរ ទទួលបាននូវសុខភាពល្អ កម្លាំង​ពលាំងមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ៕




No comments:

Post a Comment