Thursday, July 21, 2016

ប្រសាសន៍​សំខាន់ៗ​របស់សម្តេច​តេជោ ហ៊ុន សែន ​នៅក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅខេត្ត​បាត់ដំបង

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម។​(សម្ពោធទាំងពីរ​ខេត្តតែ​ម្តង)​។​ គម្រោង​នេះជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយទឹក​ប្រាក់​សរុប​​​ចំនួន៣៣៥៥លានយ៉េន (៣៣,៥៥ លានដុល្លារ) ដែលមានកម្លាំងផលិត​ទឹកជាងបី​ម៉ឺន​ម៉ែត្រ​គីបក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាមគឺទទួលទានបានតែម្តង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមាន​ក្រុមហ៊ុន​ផលិតទឹកស្អាតច្រើន ធ្វើឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតច្រើនឡើងៗ។ សម្តេច​តេជោ សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់រោងចក្រផលិត​ទឹកស្អាត​ដល់ប្រជាជនកម្ពុជាសម្រាប់ប្រើប្រាស់។​
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មី នៅខែកញ្ញាខាងមុខ កម្ពុជា-ជប៉ុន នឹងមាន​ជើង​ហោះហើរត្រង់រវាងប្រទេសទាំងពីរ ធ្វើឲ្យការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ងាយស្រួល និងទាក់ទងអ្នកវិនិយោគមកកាន់កម្ពុជា។ ខណៈដែលទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន មានជាង​១ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្រ្តីទូតជប៉ុនជួយបំភ្លឺ និងកែតម្រូវនូវការផ្សាយ​ខុសការពិត​អំពី​ជំនួបរវាងសម្តេច និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ របស់សារព័ត៌មានក្នុងស្រុក ដែល​មាន​ភាសាខ្មែរ និងអង់គ្លេស។ កាសែត Cambodia Daily បានផ្សាយថា លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានស្តីបន្ទោសឱ្យនាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបទ្វេភាគីក្រៅកិច្ចប្រជុំ​អាស៊ី-អឺរ៉ុប កាលពីសប្តាហ៍មុន។ សម្តេចថា នេះគឺជាការផ្សាយមួលបង្កាច់ និងខុសពីការពិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកបាត់ដំបងពិតជាសំណាង ដែលទទួល​បាន​លោក ច័ន្ទ សុផល ជាអភិបាលខេត្តដ៏ល្អម្នាក់។ សម្តេចសង្ឃឹមថា នៅទូទាំងប្រទេសនឹង​មាន​មន្រ្តីល្អៗដើម្បីបម្រើដល់ប្រជាពលរដ្ឋពិតប្រាកដ។ សម្តេចថា នឹងដើរពិនិត្យនៅតាមមូល​ដ្ឋាន​នានា ដោយចាប់ផ្តើមពីខេត្តបាត់ដំបងនេះតទៅ។
* សម្តេចតេជោ ហ៊ុន សែន សរសើរហាងលក់គុយទាវដែលសម្តេចទទួលទានពីម្សិលមិញ នៅ​ផ្សារក្រគរ ឆ្ងាញ់ ទឹកស៊ុបឆ្ងាញ់។ សម្តេចបានថ្លែងថា «បើកុំខ្មាស់គេ លើកចានហុតទឹក​ស៊ុប​ដល់​អស់»
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្រោះថ្នាក់បំផុត គឺខ្មែរលាបពណ៌​ខ្មែរ​គ្នាឯង។ សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍បន្តថា បច្ចុប្បន្នកម្ពុជា មានតំបន់​ត្រួត​ត្រាតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមរាជរដ្ឋាភិបាលកម្ពុជាតែមួយ និងក្រោមកង​កម្លាំងប្រដាប់អាវុធតែមួយ ដែលនេះខុសពីមុនមានតំបន់ត្រួតត្រា៤ និងកងកម្លាំងប្រដាប់​អាវុធ​៤ ការកសាងសន្តិភាពនៅកម្ពុជា មិនមែនជាការងាយស្រួលនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥ នឹងត្រូវធ្វើការពង្រីកក្នុង៣ដំ​ណាក់​កាល ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនេះជាផ្លូវភ្ជាប់អាស៊ាន។ ដំណាក់កាលទី១ ពីបាត់ដំបង ទៅប៉ោយប៉ែត, ដំណាក់កាលទី២ ពីព្រែកក្តាម ទៅកាន់ខេត្តពោធិ៍សាត់ និង​ដំណាក់កាលទី៣ ពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តដំបង៕




No comments:

Post a Comment