Thursday, July 21, 2016

សម្តេចតេជោ ហ៊ុន សែន នឹងបើកយុទ្ធ​នាការ​ជួបមន្រ្តីរាជការ​-​ប្រជាពលរដ្ឋ២៥ រាជធានី ខេត្ត- ក្រុង ដោយចាប់​ផ្តើមពីខេត្ត​បាត់ដំបងមុនគេ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន លើកឡើងថា សម្តេចនឹងបើកយុទ្ធនាការជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ២៥រាជធានីខេត្តក្រុង ហើយខេត្តបាត់ដំបូងជាខេត្តដំបូងគេ ដែលសម្តេចតេជោចាប់ផ្តើម។
នៅក្នុង Facebook របស់សម្តេចតេជោ បានឲ្យដឹងថា បន្ទាប់ពីខេត្តបាត់ដំបង សម្តេចនឹងបន្ត​ដំណើរទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្ទាប់មកគឺខេត្តកំពង់ធំ។
សម្តេចបានរៀបរាប់យ៉ាងដូច្នេះថា «នៅរសៀលថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ដែល​បាន​ជួប​សំណេះសំណាល ជាមួយមន្រ្តីរាជការរបស់ យើងនៅខេត្តបាត់ដំបង។ នេះជាខេត្តទី១ ដែល​ខ្ញុំបានចាប់ធ្វើពិធីនេះមុនគេ ហើយជាបន្ទាប់មកគឺនឹងធ្វើនៅគ្រប់ទូទាំង២៥ រាជធានី ខេត្ត​ក្រុង។ បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែកខ្ញុំនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ។ នេះជាឱកាស ដែលខ្ញុំត្រូវតែចុះសួរសុខ​ទុក្ខ​បងប្អូន​មន្រ្តីរាជការ ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យអំពីសមិទ្ធផលនៅតាមបណ្តាខេត្ត និង បញ្ហា​ប្រឈមនានា»។
សម្តេចតេជោ បានរៀបរាប់ទៀតថា ខេត្តបាត់ដំបង ជាអតីតទីសមរភូមិក្តៅ​ដែលយើងមិន​នឹក​ស្មានថា បានក្លាយជាខេត្តដែលមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់សព្វថ្ងៃ។ ដោយ​សារស្មារតីនៃនយោបាយ ឈ្នះ-ឈ្នះ យើងបានបញ្ចប់សង្រ្គាម ហើយបាន​នាំមកនូវ​សន្តិភាព​ពេញលេញ និងឯកភាពជាតិ ដោយបានប្រែក្លាយទីសមរភូមិមរណៈមកជាទីផ្សារ និង សហគមអភិវឌ្ឍន៍។
ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
«ខ្ញុំសូមរំលឹក និងផ្តាំផ្ញើដល់មន្រ្តីរាជការយើង គឺត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយ​សេវា​តម្រូវ​ការចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ត្រូវតែ​លុប​បំបាត់រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើ​ល្អ​អោយបានច្រើន។ ចំពោះកុងត្រូលទាំងជជុះ ឬមិនជជុះគឺត្រូវលុបបំបាត់ឲ្យអស់ រួមទាំង​ជញ្ជីង​ថ្លឹងអនាធិបតេយ្យផងដែរ។
មិនមែនអ្វីៗដែលខាងលើដាក់មកសុទ្ឋតែត្រូវទាំងអស់នោះទេ ឬចេះតែថាល្អទាំងអស់​នោះ​ដែរ។ គឺយើងត្រូវចេះពិនិត្យ និងកែលម្អឡើងវិញ បើមានអ្វីមិនល្អ ឬមិនប្រក្រតី។ មន្រ្តីរាជការ និងកងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ និងពន្ឋដារក្នុង​ការប្រមូល​ចំ​ណូល​​។ មន្រ្តីពាក់ព័ន្ឋ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និង​ដោះ​ស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗ របស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ឋភាព។ ទន្ទឹមនឹងនេះ គឺ​យើង​ទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិរដ្ឋអោយបានល្អរឹងមាំ ហើយកុំភ្លេចទៅចុះឈ្មោះ​បោះ​ឆ្នោត​ឲ្យបានគ្រប់ៗគ្នា។ ត្រូវមានសាមគ្គីភាពរវាងគ្នា​ទៅវិញទៅមក ហើយត្រូវខិតខំ​រក្សាមិត្ត​ភាព និងសហប្រតិបតិ្តការជាមួយប្រទេសថៃជាប់ព្រំដែនជាមួយខេត្តឲ្យបានល្អ។

ខ្ញុំសូមកោតសរសើររាល់នូវការខិតខំប្រឹងប្រែងរបស់ខេត្ត និងសូមជូនពរបងប្អូនមន្រ្តីរាជការ​នៅក្នុងខេត្តបាត់ដំបងទាំងមូលជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕




No comments:

Post a Comment