Friday, July 22, 2016

អ្នកជំនាញនិយាយពីការ​ជួសជុលនិងអភិរក្ស​នៅព្រះវិហារវត្តរាជបូណ៌

វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀម​រាប​ កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង ន្លឹកទ្វារ សន្លឹក​បង្អួ​ ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់​អារម្មណ៍​បំផុតសម្រាប់​អ្នក​ទេស​ចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។
ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អ​ពិ​ចិ​ត្រនៃ​សំណ​​ង់ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយ​សារ​អាកាសធាតុ អាយុកា​​ល ការធ្វើថ្មី ការប្រេះស្រាំធូលី និងផ្សែធូបទៀនរុំជាដើម។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។
ក្នុងសម្លៀកបំពាក់ខោសជើងវែង អាវយឺតប្រផេះដៃខ្លី មួកលឿង ទឹកមុខប្រកប​ដោយ​ភាពរួសរាយ កញ្ញា មាស សុភាព បុគ្គលិកអភិរក្សនៃសារមន្ទីរនរោត្តមសីហនុអង្គរ បានប្រាប់ថា ការជួសជុលព្រះវិហារវត្តបូណ៌ គឺចាប់ផ្តើមនៅឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នា។ ការជួសជុលនិងសម្អាតនេះផ្តោតសំខាន់លើសន្លឹកបង្អួច សន្លឹកទ្វា ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្ក គំនូរ រចនាសម្ពន្ធសសរ ដែ​​លរងនូវការខូចខាត ប្រេះស្រាំ រលុបបាត់បង់ភាពដើម ដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់។

កញ្ញាបន្តទៀតថា ដើម្បីរក្សាគុណតម្លៃនៃបុរាណវត្ថុនេះឱ្យបានល្អ យើងមានវិធីសម្អាស្ងួត សម្អាតសើម ដើម្បីយកពណ៌ថ្នាំថ្មី ធូលីឬលាងកំណកផ្សែងដែលរុំព័ទ្ធលើរូបបដិមា រូបគំនូ និងចង់ដឹងដែរថា តើពណ៌ដើមនៃសំណង់មានពណ៌អ្វី ធ្វើពីអ្វី។ មួយទៀតក៏ដើម្បីអភិរក្សនិងលើកតម្លៃសោភ័ណដើមនៃសិល្បៈសំណង់នេះផងដែរ។ យើងសម្អាតមួយស្រទាប់​​​ម្តងៗ ដើម្បីបកថ្នាំទាំងនោះ រហូតដល់ស្រទាប់ដើម ដែលភាគច្រើនជាពណ៌​បែប​ស្រ​គត់​ស្រគំ​ តែកន្លែងខ្លះ រូបខ្លះយើងក៏មិនអាច​សម្អាតឱ្យដល់ស្រទាប់ដើមដែរ ព្រោះវានាំឱ្យប៉ះពាល់វត្ថុនោះ។ នៅតាមជញ្ជាំង សសរ រូប​ចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាតជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមាន​ជំនាញ​លាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះ​គូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។
កញ្ញា សុភាព បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលការងារដែល សម្រេចបាន បើទោះជាយើងធ្វើបានតិចក៏ពិតមែន តែវាប្រកបដោយភាពអស្ចារ្យចំពោះអ្វី ដែលយើងបានឃើញ ដូចជាពណ៌ដើមនៃសសរ ជញ្ជាំង ចម្លាក់ គំនូរ សន្លឹកទ្វារបង្អួច ភាពស្រស់ស្អាតនៃបល្ល័ង្ក។ល។ យើងខ្ញុំក៏សូមឱ្យមានការលើកទឹកចិត្តចំពោះអ្នកជួសជុលទាំងអស់ឱ្យបានខ្ពស់ផងដែរ ពីសំ​​ណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ព្រោះមានបុរាណដ្ឋាន បុរាណវត្ថុខ្មែរច្រើនណាស់ ដែ​ល​ត្រូវការអ្នកជួសជុលធ្វើការងារនេះដើម្បីសង្គ្រោះវត្ថុទាំងនោះឱ្យនៅរស់រវើកគ្រប់ជំនាន់។

បន្ថែមពីនោះ អ្នកជំនាញរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការជួសជុលបុរាណវត្ថុដែរថា៖ យើងគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី បើយើងមិនប្រយ័ត្ននៅ​ពេលឡើងឈរនៅលើរន្ទា ពេលខ្លះតកៅអីលើរន្ទាទៀតដើម្បីកោសលុបឬគូររូបទាំងនោះ។ ពេល​​កាន់​​ស្កាប៉ែលម្តងៗ (កាំបិតវះកាត់) ដើម្បីបកស្រទាប់ថ្នាំ ពេលខ្លះ​អាចនាំឱ្យ​មុតដៃ។ មិនតែប៉ុណ្ណោះក៏ប្រឈមនឹងបញ្ហាសុខភាពពេលប្រើប្រាស់សារធាតុគីមី​ផងដែរ។ កម្តៅថ្ងៃ ក៏ជា​បញ្ហា​សំខាន់​ចំពោះភាពអំណត់របស់ពួកយើងលើការងារដូចគ្នា។ ក្រៅពីប្រឈមមុខនឹង ខ្លួន​ឯងហើយ ក្រុមអ្នកជួសជុលត្រូវទទួលខុសត្រូវលើការងារខ្លួនឯងខ្ពស់ បើភ្លាត់តែបន្តិច អាចធ្វើឱ្យរូបនិងវត្ថុបុរាណទាំងនោះខូចទ្រង់ទ្រាយដើមទាំងស្រុង។ រឹតតែសំខាន់ជាងនេះ ទៅទៀត ពួកយើងក៏មានសម្ពាធផ្លូវចិត្តដែរ នៅពេលដែលការខិតខំប្រឹងប្រែងរបស់យើង ធ្វើអស់ពីលទ្ធភាពហើយ បែរជាគេថាធ្វើការយឺត។ កញ្ញាក៏ទទួលស្គាល់ដែរចំពោះបញ្ហា​យឺ​ត​យ៉ាវ ធ្វើបានចំនួនតិច តែត្រូវដឹងថា ការងារនេះមិនមែនធ្វើឱ្យតែរួចពីដៃទេ គឺត្រូវការភាព ផ្ចិតផ្ចង់ ជំនាញ អត់ធ្មត់ ស្រឡាញ់ វិភាគ សិក្សា ធ្វើតេស្តគ្រប់វត្ថុ និងពេលវេលាសមរម្យ ដើម្បីធ្វើបានល្អ៕








No comments:

Post a Comment