Friday, July 22, 2016

នារីពិការម្នាក់បានឡើង​លើរួតបាកាណនៃ​ប្រាសាទអង្គរវត្ត​បានដោយជោគជ័យ

ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។

        មុនពេលឡើងទៅលើរួតបាកាណ ជឿន គឹមហេង មានអាយុ២៥ឆ្នាំ និងក៏ជាមន្ត្រីរាជការមួយរូប ដែលបានពិការស្វិតជើងតាំងពីតូចមក បានរៀបរាប់ថា នាងពិតជាប្រាថ្នាចង់ឡើងលើរួតបាកាណខ្លាំងណាស់។ នៅពីរបីខែមុនដោយសារតែពុំបានដឹងមុន នាងបានមកកម្សាន្តនៅប្រាសាទអង្គរវត្ត ហើយបានសុំភ្នាក់ងារឡើងទៅជាន់លើដូចភ្ញៀវដទៃទៀតដែរ តែត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ ក្រោមហេតុផលសុវត្ថិភាពរបស់នាង។

        ដោយមិនអស់ចិត្ត គឹមហេង បានស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលយ៉ាងណាឲ្យនាងអាចឡើងទៅរួតបាកាណបាន ដោយនាងជាអ្នកទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រោយទទួលបានការអនុញ្ញាត នាងបានរៀបរាប់ទាំងក្តីរំភើបថា ក្តីប្រាថ្នារបស់នាងពិតជាបានសម្រេចហើយ ដោយអាជ្ញាធរជាតិអប្សរាគ្រាន់តែតម្រូវឲ្យនាងសរសេរលិខិតធានាសុវត្ថិភាពផ្ទាល់ខ្លួនមួយច្បាប់ប៉ុណ្ណោះ។ “កាលពីដើមអង្គរដូចជារឿងនិទានប៉ុណ្ណោះ តែពេលនេះ ខ្ញុំបានមកដល់ហើយ អង្គរពុំមែនជារឿងនិទានទៀតទេ វាជារបស់មានពិត”។

        ឆ្លើយតបនឹងសំណួរដែលថា ហេតុអ្វីនាងចេះតែទទូចចង់ឡើងលើរួតបាកាណដ៏ខ្ពស់ ដែលពិតជាពិបាកសម្រាប់មនុស្សពិការដូចជារូបនាងនេះ គឹមហេង បានពន្យល់យ៉ាងមុតមាំថា “ហេតុអ្វីខ្ញុំមិនអាចឡើងបាន? ខ្ញុំគ្រាន់តែពិការ តែខ្ញុំដឹងថា ខ្ញុំពិតជាអាចឡើងបាន។ ជាក់ស្តែង គេនិយាយថា អង្គរវត្តមានជណ្តើរខ្ញុំមិនអាចទៅបានទេ តែពេលនេះខ្ញុំមកបានហើយតើ។ ខ្ញុំដឹងថា ទីនេះលំបាក តែបើខ្ញុំអាចធ្វើវាបាន វាជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ បើខ្ញុំមកទីនេះបាន កន្លែងណាក៏ខ្ញុំអាចទៅបានដែរ។ ខ្ញុំនឹងឡើងទៅលើ និងចុះមកវិញដោយខ្លួន​ឯង ព្រោះខ្ញុំទុកចិត្តខ្លួនឯងជាងអ្នកដទៃជួយ”។

        ពេលឡើងមកដល់រួតបាកាណ គឹមហេង បានរៀបរាប់ទាំងអារម្មណ៍រំភើបសប្បាយរីករាថា “វាពិតជាអស្ចារ្យណាស់!ឡូយ... ឡើងបានមែន! អម្បាញ់មិញ អ្នកនៅទីនេះបានទះដៃអបអរសាទរឲ្យខ្ញុំ បើគ្រប់គ្នាដឹង ប្រហែលជាគេទះដៃឲ្យខ្ញុំដែរហើយ! ខ្ញុំពិតជាអាចធ្វើបានមែន!”។


ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេង តុលា បានរៀបរាប់ថា តាមគោលការណ៍ យើងមិនអនុញ្ញាតឲ្យអ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ឡើងលើរួតបាកាណទេ ព្រោះយើងបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់។ តែចំពោះករណីនេះ យើងឃើញថា គោលបំណងរបស់គាត់មុះមុតខ្លាំង ទើបសុំឲ្យគាត់សរសេរលិខិតធានាសុវត្ថិភាពដោយខ្លួនឯង។ ជាមួយគ្នានេះ យើងក៏បានជួយសម្រួលដល់ការឡើងទៅលើរបស់គាត់ ដោយយើងបញ្ជូនភ្នាក់ងារបុរសម្នាក់ជួយដើរអមគាត់ ទាំងពេលឡើង ពេលកម្សាន្ត និងពេលចុះមកវិញ៕








No comments:

Post a Comment