Tuesday, June 14, 2016

គណៈកម្មការស្រាវជ្រាវ បានរកឃើញថាស្នាមមេដៃក្នុងញត្តិ CNRP មានភាពមិនប្រក្រតីច្រើន

ទីបំផុតលទ្ធផលលើការធ្វើកោសល្យវិច័យ លើស្នាមមេដៃក្នុងញត្តិរបស់គណបក្ស​សង្រ្គោះ​ជាតិ (CNRP) បានរកឃើញមានភាពមិនប្រក្រតីជាច្រើន នេះបើយោងតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និង ជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើ កោ​សល្យ​​វិច័យ​ស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការពិនិត្យ និងធ្វើកោសល្យ​វិច្ច័យ​អស់​ជា​ច្រើន​ថ្ងៃ។
នៅក្នុង​ញត្តិនោះបានរកឃើញថា មានស្នាមមេដៃតែមួយបានផ្តិត​នៅលើ​ឈ្មោះ​ច្រើន​នាក់ ហើយ​​​ស្នាមមេដៃខ្លះទៀត មិនមានអត្តសញ្ញាណច្បាស់លាស់ និងស្នាមមេដៃ​ខ្លះ​ទៀត​មិន​បាន​បញ្ជាក់​​អាសយដ្ឋានច្បាស់លាស់នោះឡើយ។
នាយឧត្តមសេនីយ៍ កង សុខន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយពីការធ្វើ​កោសល្យវិច័យ​នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា  ដំណើរការធ្វើកោសល្យវិច្ច័យនេះធ្វើបាន​ប្រ​មាណ ៣០ភាគរយហើយ ដែលអាចឲ្យគណៈកម្មការវាយតម្លៃ សន្និដ្ឋានបានថា ស្នាមមេដៃ​នៅ​លើ​ញត្តិ​នោះ​មាន​​​ភាពមិនប្រក្រតីច្រើន។
នាយឧត្តមសេនីយ៍ កង សុខន បានឲ្យដឹងផងដែរថា ការពិនិត្យ និង ធ្វើកោសល្យវិច័យលើ​ស្នាម​​​​មេដៃនេះ ក៏មានការចូលរួមពីអគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយ​ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា ផងដែរ។ សូមបញ្ជាក់ថា គណៈ​កម្មការ​ស្រាវជ្រាវ និងធ្វើកោស​ល្យ​វិច័យស្នាមមេដៃ ដែលមាននាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ជា​ប្រធានបានបើកការពិនិត្យ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃនេះ កាលពីថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ២០១៦។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពី​គណបក្ស​សង្រ្គោះ​​​ជាតិ តំណាងដោយឯកឧត្តម យ៉ែម បុញ្ញរិទ្ធ  បានធ្វើញត្តិមួយ​អមដោយស្នាមមេដៃ​របស់​ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រ​ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារ ឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និង​តំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់​ចោលការចោទ​ប្រកាន់  ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។

បន្ទាប់ពី ប្រគល់ញត្តិនេះ មានព័ត៌មានទម្លាយថា ក្នុងញត្តិមានករណីមិនប្រក្រតីមួយចំនួន ក្នុង​ការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ។ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងចៀសវាងការ​បោក​ប្រាស់​ព្រះមហាក្សត្រ នាំឲ្យប៉ះពាល់ដល់ព្រះកិត្តិស័ព្ទរបស់ព្រះអង្គនោះ នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃ តាមវិធីសាស្រ្ត​ធ្វើកោសល្យវិច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត ឲ្យបាន​ហ្មត់​​ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំង ប្រជាជន ជាពិសេស​បោកប្រាស់ព្រះមហាក្សត្រ៕


No comments:

Post a Comment