Tuesday, June 14, 2016

លោក កឹម សុខា នៅតែបន្តអវត្តមានក្នុងការសាកសួរ, មន្រ្តីតុលាការបញ្ជាក់ថា មេធាវីមិនអាចឆ្លើយសំណួរជំនួសទេ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តអវត្តមាន ក្នុងការបំភ្លឺជូនចៅក្រមស៊ើបសួរ នៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ​ការ​មិន​ចូល​ខ្លួន​តាមការកោះហៅកន្លងមក ដោយគ្រាន់តែប្រកាសថា មេធាវីរបស់លោក នឹងចូលតុលាការជំនួស។
សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ មាន​មេធាវី៣​របស់​លោក កឹម សុខា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា មេធាវី​អាច​ការពារ​ក្តី​ឱ្យ​ជនត្រូវចោទបាន ប៉ុន្តែ​មិន​អាច​ឆ្លើយសំណួរជំនួសជនត្រូវចោទបាននោះទេ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី២៦ ខែឧសភា បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លមក។ ការចេញ​ដីកា​កោះ​នេះ​បានធ្វើឡើង បន្ទាប់លោក កឹម សុខា បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់​តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន ២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួននេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើន ដាច់ខាត​បានបោះឆ្នោតគាំទ្រឱ្យតុលាការ បន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ​មិនចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការឬចៅ​ក្រម​ស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មាន​មូលហេតុ​សម​ស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ​១​លានរៀល»៕


No comments:

Post a Comment