Thursday, May 12, 2016

អគ្គនាយក​នៃអាជ្ញាធរ​ជាតិ​អប្សរា​ដឹក​នាំគណៈកម្មការ​ដឹកនាំ​តាមដាន​គម្រោងចុះពិនិត្យ​ការ​ដ្ឋានជួសជុល​ប្រាសាទ​មេបុណ្យខាងលិច

កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរ​ជាតិ​​អប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិង​តាមដាន​ គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច បានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិ​អប្សរា និងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទ​មេបុណ្យ​ ខាងលិច។
ការជួសជុលប្រាសាទមេបុណ្យខាងលិចគឺជាគម្រោងសហការរួមរវាងអាជ្ញាធរជាតិអប្សរា និង រដ្ឋាភិបាលបារាំង។ គម្រោងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ២០១២ ដែលគ្រោង​នឹង​បញ្ចប់នៅឆ្នាំ​២០១៩ ហើយបច្ចុប្បន្ននៅទីនោះមានកម្មករ និងបុគ្គលិកជំនាញខ្មែរចំនួន១៣១នាក់ និង​អ្នក​ជំនាញបារាំងមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្តែង។
ការចុះពិនិត្យតាមដានការងារជួសជុលពេលនេះ គណៈកម្មការដឹកនាំបានពិនិត្យឃើញ​ថាការ​ដ្ឋាន​ ជួសជុលប្រាសាទមេបុណ្យមានដំណើការល្អប្រសើ ព្រមទាំងសម្រេច​បានការងារ​ជា​វិជ្ជ​មាន​ជាច្រើន។ ក្នុងកំឡុងពេលដែលចុះត្រួតពិនិត្យគណៈកម្មការ​ដឹកនាំបានសង្កេតឃើញ​នូវ​ សកម្មភាពជាច្រើនដូចជា៖ ការដាប់ថ្ម ការរៀបថ្ម​និងចាក់ដីខ្សាច់ជា​ស្រទាប់ៗ​ដើម្បីបង្ហាប់​គ្រឹះ​ប្រាសាទ។
ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាអ្នកគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិ​អប្សរាបាន​មាន​ប្រសាសន៍ថាការចុះពិនិត្យការដ្ឋានជួសជុលនេះគឺគណៈកម្មការដឹកនាំចង់ដឹង​ពី​ការ​ជួសជុល​ប្រាសាទបានដំណើរការដល់ណាហើយបន្ទាប់ពីពិនិត្យតាមដានគណៈ​កម្មការ​សង្កេតឃើញ​ថាការដ្ឋានមានដំណើរការលឿនមែនទែនក្នុងរយៈពេល៦ខែនេះដោយសារយើងមានការយល់ច្បាស់ពីគ្រឹះប្រា​សាទ។

ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែងចំកណ្តាលបារាយណ៍​ខាងលិច។ ​ប្រាសាទនេះត្រូវបានស្ថាបនាឡើង​នៅអំឡុងពាក់​កណ្តាល​សតវត្សរ៍ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះ​ព្រហ្មញ្ញ​សាសនាដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំ​ឡើងដោយ​កំពែង​មួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។តាមរយៈ​ការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ។




No comments:

Post a Comment