Thursday, May 12, 2016

សម្ដេច​តេជោ​ ហ៊ុន​ សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះការចោទ​ប្រកាន់គ្មានការ​ពិត​របស់​ក្រុម​គណបក្ស​ប្រឆាំង

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យា​ល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រតិកម្មខ្លាំងៗទៅកាន់ក្រុមគណបក្សប្រឆាំង ដែលបាន​បង្ហោះ​នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនមែន​ជា​កូន​បង្កើតរបស់សម្ដេច និងថាភរិយារបស់សម្ដេចជាកូនមន្រ្ដីជាន់ខ្ពស់វៀតណាមម្នាក់ ដែល​ការចោទប្រកាន់នេះមិនមែនជាការពិតឡើយ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនប្រុសបង្កើតរបស់សម្ដេច ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយារបស់សម្ដេច មិនមែនជាកូនមន្រ្ដីជាន់ខ្ពស់ប្រទេសវៀតណាម ដូចការចោទប្រកាន់របស់ក្រុមគណបក្សប្រឆាំងឡើយ។
ទាក់ទងនឹងការចោទប្រកាន់របស់គណបក្សប្រឆាំងនេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានឲ្យ​ដឹងថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ បានសុំការអនុញ្ញាតពី​សម្ដេចជាឱពុក​ដើម្បីធ្វើការ​ពិនិត្យ DNA ហើយដាក់លក្ខខណ្ឌជាមួយគណបក្សប្រឆាំងថា បើសិនជាពិនិត្យទៅឃើញ​ឈាម​ដូចគ្នាគឺគណបក្សប្រឆាំងត្រូវដកខ្លួនពីឆាកនយោបាយ តែបើសិនជាឈាមមិនដូចគ្នា​នោះខាងសម្តេច ក៏ត្រូវដកខ្លួនពីឆាកនយោបាយដែរ។ តែយ៉ាងណាក៏ដោយសម្ដេចតេជោ បានឆ្លើយតបទៅកាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត វិញថា កុំខ្វល់នឹងសម្តីអត់ប្រយោជន៍​របស់ក្រុមគណបក្សប្រឆាំងធ្វើអ្វី។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានគូសបញ្ជាក់ថា គ្មានការកែតម្រូវណាមួយ និងក៏គ្មាន​ការ​ណែនាំណាមួយ ឲ្យសម្ដេចឃើញឲ្យសោះ ហើយក៏មិនត្រូវយកដៃរបស់សម្តេចជួយទៀតដែរ។ រីឯដំណើរការជនុំជម្រះក្ដី របស់តុលាការ ទាក់ទងនឹងសំណុំរឿងមេដឹកនាំ​គណបក្សប្រឆាំ​ង​រួមទាំងមន្រ្ដីគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារនោះ គឺជាដែន​សមត្ថកិច្ច​របស់​តុលាការ ហើយសម្ដេច មិនលុកដៃជាដាច់ខាត។
នៅក្នុងឱកាសនេះសម្ដេចតេជោហ៊ុន សែន ក៏បានរំលឹកនូវប្រវត្ដិជូរចត់ ដែលកូនប្រុស​ច្បង​របស់សម្ដេច បានស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយសម្ដេចបានឃ្លាតឆ្ងាយពី​ប្រពន្ធកូន​មួយរយៈ ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ ពីក្រញ៉ាំនៃពួកខ្មែរក្រហម រហូតទទួល​បានជោគ​ជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបក្រោយមកទៀត សម្ដេចជួបប្រពន្ធកូនឡើងវិញ ហើយ​​សម្ដេចបានដឹកនាំប្រទេសឲ្យមានសន្ដិភាព និងមានការរីកចំរើនដូចសព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ទោះតំលៃណាក៏ដោយ ត្រូវថែរក្សា​សន្ដិភាព និងស្ថិរភាពនយោបាយ ដោយមិនឲ្យអ្នកណាម្នាក់មកបំផ្លាញសន្ដិភាព ដែលកំពុង​តែមាននៅក្នុងប្រទេសកម្ពុជាឡើយ៕



No comments:

Post a Comment