Monday, April 25, 2016

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញា​តឲ្យឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហបុរី ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋម​ន្រ្ដី ​នៃព្រះរា​ជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ ឯកឧត្ដមខេវីន ជក់ (Kevin Cheok) ឯកអគ្គ​រដ្ឋទូត​សឹង្ហបុរី ចូលជួប​សម្ដែង និង​ជម្រាបលានៅ​​គ្រា​ដែលឯកឧត្ដមបាន​បញ្ចប់​បេសកកម្មការ​ទូតនៅ​កម្ពុជា នាវិមាន​​សន្ដិ​ភាព​​ទីស្ដី​នា​យករដ្ឋ​មន្រ្ដី ព្រឹកថ្ងៃទី២៥ ខែមេសានេះ។
ជំនួ​យ​​ការផ្ទាល់​របស់​សម្ដេច​តេជោ ឯកឧត្ដម អ៊ាង សុផល្លែត បាន​អ្នកសារ​ព័ត៌មាន បន្ទាប់​ពីជំនួប​​បាន​បញ្ចប់ ថា ​ឯកឧត្ដម ​ខេវីន ជក់ បានគោរព​ជម្រាបជូនស​ម្ដេចតេជោ​នាយក​រដ្ឋមន្រ្ដី​ថា ឯក​ឧត្ដម​មាន​ការ​មិនស​ប្បា​យរី​ក​រាយ​​នោះទេ នៅក្នុង​ពេលដែលបេស​ក​កម្ម​របស់​ឯកឧត្ដម​បាន​បញ្ចប់ តែ​ទោះជា​យ៉ា​ង​​ណាក៏​​ដោយ ឯក​ឧត្ដម​​បានគោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅទីបំផុត ដល់​សម្ដេច​តេ​ជោនាយក​​រ​ដ្ឋមន្រ្ដី ដែលតែ​ងតែ​​គាំ​ទ្រ​​ឯក​ឧត្ដ​ម និង​ជួយ​ឯកឧត្ដម ឲ្យទទួល​បានជោគ​ជ័យ​​ក្នុងការ បំពេ​ញ​បេស​ក​កម្ម​កា​រ​​ទូត​នៅ​ព្រះ​រាជា​​ណាច​ក្រ​​ក​​ម្ពុជា។ ក្នុង​នោះ​​ដែរ​ឯកឧត្ដម ក៏បានថ្លែង​អំណរគុណដល់​សហការី​របស់​សម្ដេច​តេជោ ដែល​បាន​​ស​ហការ​គាំ​ទ្រ និងជួយ​ដល់បេសក​កម្មរ​បស់ឯ​កឧត្ដម រួមទាំង​ស្ថានទូត​សឹង្ហបុរី អោយ​ទទួល​បានជោគ​​ជ័យ​ក្នុង​អា​ណ​ត្ដិ​​របស់​​ឯកឧត្ដម។
ឯកឧត្ដម ខេវីន ជក់ ក៏បាន​សម្ដែង​ការគោរព​ដោយ​ស្មោះស័្មគ្រ ជូនចំពោះ​​សម្ដេច​​តេជោ ​ហ៊ុន​ សែន ដែល​​មាន​​សណ្ដាន​ចិត្ដល្អ ក្នុងការ​ជួយគាំទ្រ​ គ្រប់បែប​យ៉ាង ព្រមទាំងផ្ដល់​អនុ​សាសន៍​ល្អៗ ក្នុង​ការ​ជំរុញការ​​អភិ​វ​ឌ្ឍ​ន៍​នៅ​កម្ពុជា ហើយឯកឧត្ដម​បានយល់​​ឃើញថា នៅក្នុង​អាណត្ដិការ​ទូតរ​បស់​​ឯក​ឧត្ដម​​នៅកម្ពុជា គឺប្រទេ​ស​​កម្ពុជា មានការ​អភិវឌ្ឍន៍ទាំង​នៅទីក្រុង និង​ជនបទ។
ទាក់ទង​នឹងទំនាក់​ទំនងរវាង​ប្រទេសទាំ​ងពី​​រ​វិញ ឯកឧត្ដម ខេវីន ជក់ បានមាន​ប្រសាសន៍ ថា ទំនាក់​​ទំ​ន​​ង​រវាងប្រ​ទេស​​សឹង្ហ​បុរី និងប្រទេស​កម្ពុជា មានការ​រីកចំរើន​​ច្រើន ហើយ​ឯកឧត្ដមបាន​អរ​គុណ​ចំពោះ​ស​ម្ដេច​​តេជោ ដែ​លបាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចនៅ​​សឹង្ហ​បុរី​​ចំនួនពីរលើកក្នុងមួយឆ្នាំ។ ទីមួយ​ចូល​រួម​​គោរ​ពវិញ្ញា​ណ​​​ស​ពឯក​ឧត្ដម លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួម​បុណ្យ​​ឯករាជ្យជាតិ​របស់សឹង្ហបុរី ។
ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និងធនធាន​មនុស្ស​វិញ ឯកឧត្ដម ខេវីន ជក់ បានជម្រាប​ជូន​សម្ដេចតេជោ ថា​ប្រទេសសឹ​ង្ហបុរីជាប់​ចំណាត់​ថ្នាក់​លេខ៩ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។ ដោយ​ឡែកសឹង្ហបុរី ក៏មាន​​មជ្ឈ​មណ្ឌល​បណ្ដុះប​ណ្ដាល​ធនធាន​មនុស្ស​នៅកម្ពុជា ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មាន​វិជ្ជ​មា​ន​, ពាណិជ្ជកម្ម, និងផ្នែក​ផ្សេងៗ​ទៀត ហើយ​រហូត​មកដល់​ពេលនេះ មជ្ឈ​មណ្ឌល​នេះបាន​ហ្វឹក​ហាត់​​សិ​ស្ស-​និស្សិត បានប្រមាណ​ជា១ម៉ឺន២​ពាន់​នាក់ ហើយកំពុង​តែពិចារ​ណា ដើម្បីពង្រីក​មជ្ឈ​មណ្ឌល​​នេះ​​បន្ដ​ទៀត សម្រាប់​គ្រប​ដណ្ដប់លើមុខ​វិជ្ជាផ្សេង​ៗ​ទៀត ក្នុងការជួយ​ដល់យុវជនកម្ពុជា។
ជាការឆ្លើយ​តប​​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមាន​ប្រសាសន៍​ថា សម្ដេច​​មាន​មោ​ទ​ភាពណាស់ ដែលបាន​ធ្វើជាដៃ​គូ​ជាមួយ​រដ្ឋាភិបាល និងប្រជាជន​សឹង្ហបុរី។ សម្ដេចតេជោ​បាន​​ប​ញ្ជា​ក់​ផងដែរ​ថា នៅឆ្នាំ​២០០០ ប្រទេស​សឹង្ហបុរី បានធ្វើកា​រផ្ដួច​ផ្ដើម​ធ្វើឲ្យ​មាន​សមា​ហរ​កម្ម​​អាស៊ាន  ដែល​ក្នុង​នោះ សឹង្ហបុរីបាន​ដើរតួនាទី​យ៉ាង​សំខាន់ នៅក្នុងការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ក្នុង​តំបន់​អាស៊ាន។ ក្នុង​ន័​យ​​នេះ​សម្ដេច​តេជោ​ស្នើឲ្យ​សឹង្ហបុរី បន្ដដើរ​តួជាអ្នក​ជួយ​ជំរុញ នៅក្នុង​ការបណ្ដុះ​បណ្ដាល​ធ​នធាន​​ម​នុ​ស្ស​​នៅ​ក្នុង​តំបន់​អាស៊ានទាំង​មូល​បន្ដទៀត។

ជាទីបញ្ចប់​សម្ដេច​តេជោ ហ៊ុន សែន បានថ្លែង​អំរគុណ​​ដល់​ឯក​ឧត្ដ​ម ​ខេវីន ជក់ ដែលបាន​មើលឃើញ​ពីការ​រីកចំរើន​របស់ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ជូន​ពរ​​ឯក​ឧត្ដម ឲ្យទទួល​បាន​​ជោគជ័យ​ក្នុង​បេសក​កម្មប​ន្ដ​ទៀត៕​




No comments:

Post a Comment