Monday, April 25, 2016

លោ​ក ស៊ាង ចែត គ្រាន់តែ​ត្រូវ​បា​នអញ្ជើញ​ម​កផ្តល់​ច​ម្លើយ នៅ ACU តែ​ប៉ុ​ណ្ណោះ មិន​មែន​​ជាការចា​ប់ខ្លួន​ដូ​ចកា​រ​ផ្សាយ​បំ​ផ្លើ​ស​​នោះទេ​

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពប្រឆាំងអំពើពុករលួយថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាការអញ្ជើញមកផ្តល់ចម្លើយ ពាក់ព័ន្ធនិងករណី កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ តាមនីតិវិធីផ្លូវច្បាប់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តក្នុងករណីនេះប៉ុណ្ណោះ វាមិនមែនជាការចាប់ឃាត់ខ្លួន ដូចការផ្សព្វផ្សាយ  និងការទាមទាររបស់គណបក្សនយោបាយមួយនោះឡើយ។
ឯកឧត្តម ឱម យ៉ិនទៀង បានរៀបរាប់នៅក្នុងសន្និសីទកាសែត យ៉ាងដូច្នេះថា ACU បានធ្វើលិខិតកោះអញ្ជើញមនុស្ស៨នាក់ទៀត ដើម្បីមកបំភ្លឺពាក់ព័ន្ធករណី ស្រីមុំ ក្នុងនោះក៏មានមន្រ្តីសមាគមអាដហុកផងដែរ។ ឯកឧត្តម ឱម យ៉ិនទៀង បានបញ្ជាក់ថា ការកោះអញ្ជើញ លោក ស៊ាង សែត មកឆ្លើយបំភ្លឺ រហូតឈានដល់ការឃាត់ខ្លួន ក្នុងសំណុំរឿង របស់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ មិនមែនមកពីអក្សរចំនួន៤ទំព័ររបស់ស្រីមុំ នោះទេ គឺការចាប់ខ្លួននេះ យោងតាមការចម្លើយរបស់លោក ស៊ាង ចែត តែម្តង ដូច្នេះសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងការលាបពណ៌របស់ជនទាំងឡាយ ដែលថា ACU ចាប់ខ្លួនមេឃុំ ស៊ាង សែត ព្រោះតែការឆ្លើយដាក់ពីបុគ្គលម្នាក់ គឺស្រីមុំ។ លោកបានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ ប្រមាណ៣៦ម៉ោងនេះ លោកបានមិនទាន់បានសម្រាកនៅឡើយទេ តែលោកមេឃុំបានសម្រាក បាយភ្លៅមាន់ ហើយដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតផង។ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ថា លោកបានធ្វើលិខិតកោះអញ្ជើញ មនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់ការបំភ្លឺជុំវិញករណីរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំបន្ទាប់ឃាត់ខ្លួនលោកមេឃុំ ស៊ាង ចែត ក្នុងករណីទទួលសំណូក ៥០០ដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា លោកមេឃុំ ស៊ាង ចែត និយាយថា មេដឹកនាំរបស់លោក បានប្រើកូនចៅរហូតឲ្យជាប់គុក ដូច្នេះគាត់កំពុងខឹងមេដឹកនាំរបស់គាត់ ហើយនឹងអាចលាឈប់ហើយ។ ឯកឧត្តម ឱម យ៉ិនទៀង បានលើកឡើងថា លោក អេង ឆៃអ៊ាង ជាអ្នករៀបចំធ្វើការចោទប្រកាន់អង្គភាពរបស់លោកថា បានចាប់ខ្លួនលោក ស៊ាង ចែត ផ្អែកលើការលើកឡើងរបស់ កញ្ញាស្រីមុំតែម្នាក់នោះ តែលោកបានបញ្ជាក់ដដែលជាដដែលថា អង្គភាពរបស់លោក បានអញ្ជើញ មិនមែនចាប់ខ្លួននោះទេ នៅពេលជួបគាត់ដោយចៃដន្យនៅសាលាស្រុក កំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឲ្យដឹងទៀតថា អង្គភាពACUរបស់ឯកឧត្តម នឹងកោះហៅមនុស្សចំនួន៨នាក់ទៀត ជុំវិញករណីនេះក្នុងនោះមានម្នាក់ បានរត់គេចខ្លួនទៅកាន់ព្រំដែន។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើម្តាយស្រីមុំ ទទួលប្រាក់ទាំង២លានរៀលនោះ ពីមេឃុំ ស៊ាង ចែត នោះអាចប្រឈមការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ តែម្តាយស្រីមុំ បានបដិសេធមិនទាន់ទទួល ដូច្នេះលុយទាំងនេះនៅនឹងលោកមេឃុំ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកឡើងទៀតថា អ្នកលាបពណ៌ អ្នកបំផ្លើស ពិនិត្យមើល ការអនុវត្តនីតិវិធីរបស់ ACU សិនមុននឹងគ្រវីជក់ពណ៌របស់ខ្លួន។ ACU ក៏បានអំពាវនាវដល់ សាធារណៈជនមេត្តាពិនិត្យ តើACU អញ្ជើញមេឃុំ ស៊ាង ចែត មកស្តាប់ចម្លើយបន្តនេះ ដោយគ្រាន់តែស្តាប់ស្រីមុំម្នាក់ឆ្លើយដាក់ ឬមកពីចម្លើយរបស់មេឃុំ ស៊ាង ចែត ដែលមានទម្ងន់ដាក់បន្ទុកលើខ្លួនឯង ថាខ្លួនពិតជាបានប្រព្រឹត្តដូច្នេះមែនការឆ្លើយដាក់របស់ស្រីមុំ មានតម្លៃតែ ២០% ទេ រឺឯចម្លើយរបស់មេឃុំ ស៊ាង ចែត មានតម្លៃដល់៨០% សម្រាប់អញ្ជើញគាត់មក ACU ហើយក្នុងរយៈពេល ៤៨ម៉ោងនៅ ACU នេះទៀត គឺជាដំណាក់កាលដែល ACU ទម្លាក់ភស្តុតាងនានាឱ្យមេឃុំ ស៊ាង ចែត ឆ្លើយដោះសារដោយយុត្តិធម៌បំផុត។
យោងតាមប្រភពព័ត៌មានពី ACU បានឱ្យដឹងថា ACUបានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីសំណុំរឿង កញ្ញាស្រីមុំ ក្នុងនោះមានមនុស្ស៥នាក់ដែលត្រូវបានបង្ហាញសមាសភាពរួចហើយ ដែលរួមមាន៖ ១- លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ២- លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ៣- លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ៤- លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក និង៥- លោកស្រី ទ្រី ឈូន មេធាវី នៃសមាគមអាដហុក ដែលធ្លាប់ការពារក្តីឱ្យស្រីមុំកន្លងមក។ ចំណែកឯមនុស្ស៣នាក់ទៀត ACU នៅមិនទាន់បង្ហាញសមាសភាពនៅឡើយទេ។ តាមការចុះផ្សាយពី Fresh News បានឱ្យដឹងថា ដោយឡែកតាមព័ត៌មានក្រៅផ្លូវការអាចនឹងមានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕


No comments:

Post a Comment