Tuesday, March 15, 2016

ថ្នាក់ដឹកនាំស្រ្តីមកពីក្រសួង ស្ថាប័នចំនួន៣០ ចូលរួមវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល

ថ្នាក់ដឹកនាំស្ត្រីមកពីក្រសូង ស្ថាប័នចំនួន ៣០ ត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងតាមរយៈសាលាភូមិន្ទរដ្ឋបាល សហការជាមួយក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីបំពាក់បំប៉នសម្រាប់ធ្វើបច្ចុប្បន្នភាពចំណេះដឹង។
ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា សកម្មភាពបណ្តុះបណ្តាល     គឺជាការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា ហើយវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាស្ត្រី នៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ     ក៏បានរួមចំណែកក្នុងការវិនិយោគលើសមភាពយេនឌ័រផងដែរ។
ឯកឧត្តមបានបន្តថា កាលពីដើមខែកុម្ភៈកន្លងមកនេះ តំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និង តំណាងគណៈកម្មការយេនឌ័ររបស់ក្រសួងមុខងារសាធារណៈ បានឯកភាពគ្នាជំរុញដំណើរការវគ្គបណ្តុះ បណ្តាល៣កម្រិត៖ ទី១. ស្ត្រីជាអ្នកនយោបាយ មានកម្រិតជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ទី២. ស្ត្រីក្នុងក្របខ័ណ្ឌមុខងារសាធារណៈជាអគ្គនាយិកា អគ្គនាយិការង និងប្រធាននាយកដ្ឋាន និង ទី៣. ស្ត្រីក្នុងក្របខ័ណ្ឌមុខងារ សាធារណៈជាអភិបាលរងរាជធានី ខេត្ត, អភិបាល និងអភិបាលរងក្រុង ស្រុក ខណ្ឌ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានកំណត់ថា ជាកាតព្វកិច្ចសម្រាប់ ថ្នាក់ដឹកនាំជាស្ត្រី ឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ហើយត្រូវបានចាប់ផ្តើមដំណើរការ វគ្គបណ្តុះបណ្តាល ដំបូងគេ ដែលមានរយៈពេលបណ្តុះបណ្តាល៥សប្តាហ៍ ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗជាធាតុចូលថ្មីចំនួន៧មុខវិជ្ជា ដោយផ្តោតសំខាន់លើបរិបទ និង តម្រូវការថ្មីៗ រួមមាន វិស័យកំណែទម្រង់របស់រាជរដ្ឋាភិបាល វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វិស័យ គ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ ព្រមទាំង វិស័យយេនឌ័រផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ការមកសិក្សារបស់លោកជំទាវ លោកស្រីជាសិក្ខាកាមទាំងអស់នៅសាលាភូមិន្ទរដ្ឋបាល វាមិនត្រឹមតែជាការបំប៉ន និងបន្ថែមធាតុចូលជា ចំណេះដឹងថ្មីៗ ដែលត្រូវរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាឱកាសសម្រាប់សិក្ខាកាម មកពីគ្រប់ក្រសួង ស្ថាប័ន ទាំងអស់ បង្កើតទំនាក់ទំនងគ្នា រួមជាកម្លាំងមួយនៃថ្នាក់ដឹកនាំជាស្ត្រីក្នុងការលើកកម្ពស់វិស័យយេនឌ័រ ជាឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរ ចែករំលែក បទពិសោធន៍ ដំណោះស្រាយ និង ចំណេះដឹងថ្មីៗ ក្នុងវិស័យ បច្ចេកទេសក្រសួងនីមួយៗ និងបង្កើតនូវការសម្របសម្រួលការងារអន្តរក្រសួងជាមួយគ្នា ឱ្យកាន់តែ ប្រសើរជាងមុន នាពេលខាងមុខ៕



No comments:

Post a Comment