Friday, December 04, 2015

ក្រមប្រតិបត្តិអង្គរ

«ក្រមប្រតិ​បត្តិអង្គរ» ​ត្រូវបានរៀបចំ​ធ្វើឡើងតាំង​ពីឆ្នាំ២០១២ ​តាមរយៈការ​ប្រមូលពត៌មាន ​កិច្ចសហការ ​ការស្រាវជ្រាវ​ឯកសារអន្តរជាតិ ​ការអង្កេត ​និងការពិគ្រោះ​យោបល់ ​រវាងអាជ្ញាធរ​ ជាតិអប្សរា ​ក្រសួងទេសចរណ៍ ​និងអង្គការ​យូណេស្កូ ​ក៏ដូចជាតំណាង​មកពីឧស្សាហកម្ម​ ទេសចរណ៍ ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ ​សហគមន៍​មូលដ្ឋាន ​និងព្រះសង្ឃ​ផងដែរ​។ 
តើអ្វីទៅជា​ «ក្រមប្រតិបត្តិអង្គរ​»?
«ក្រមប្រតិ​បត្តិអង្គរ​» គឺជាសេចក្តី​ណែនាំដល់​ភ្ញៀវទេសចរ​ ដែលមក​ទស្សនារមណីយដ្ឋាន​អង្គរឲ្យ យល់ពី​គុណតម្លៃនៃ​តំបន់អង្គរ​ គោរពនិង​ប្រកាន់នូវ​អាកប្បកិរិយា​សមរម្យ ​ក្នុងអំឡុងពេល ​ទស្សនាប្រាសាទ​ ដើម្បីរួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើអង្គរ​ (ប្រាសាទ ​វប្បធម៌ ​និងបរិស្ថាន) និងទទួ​លបាននូវបទ​ពិសោធន៍ទស្សនា​ដ៏ល្អប្រសើរ។ «ក្រមប្រតិបត្តិអង្គរ​» មិនមែនជាច្បាប់​ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ។ ​ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ​» មានលក្ខណៈ​ជាការអប់រំ​ដល់ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ ​ដោយជំរុញលើក​ទឹកចិត្តឲ្យភ្ញៀវ​ ទេសចរយល់ ​និងជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី ​ដែលមិនគោរព​ទៅដល់ទី​សក្ការបូជា ​និងវប្បធម៌ខ្មែរ​ដូចជា៖ ការស្លៀក​ពាក់ស៊ិចស៊ី ​ការប៉ះចម្លាក់​ឬធ្វើឲ្យខូចខាត​ថ្មប្រាសាទ​ការរំខាន ​ដល់ភាពស្ងប់​ស្ងាត់នៃទីសក្ការបូជា ​ការចូលទីតាំង​ដែលហាម​ឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់ ​ការពិសាបារី​និងចោល​សំរាមពាសវាល​ពាសកាល ​ការឲ្យថវិកា​ឬស្ករគ្រាប់ដល់​ក្មេងៗ និងការ​ ប៉ះពាល់ព្រះសង្ឃ។ 
នៅក្នុងសម័យ​ប្រជុំបច្ចេកទេស ICC Angkor លើកទី២៤ ​នាខែមិថុនា ​ឆ្នាំ២០១៥​ កន្លងទៅនេះ ​អ្នកជំនាញអាដហុក​ បានគាំទ្រ​និងធ្វើការកើត​សសើរចំពោះអាជ្ញាធរ​ ជាតិអប្សរា​ ដែលបានសិក្សា​និងរៀបចំឲ្យមាន «ក្រមប្រតិបត្តិអង្គរ​» ដោយជំរុ​ញឲ្យអាជ្ញាជាតិ ​អប្សរា អនុវត្ត​ក្រមប្រតិបត្តិនេះ​ឲ្យបានឆាប់រហ័ស។ ​លើសពីនេះ «ក្រមប្រតិបត្តិអង្គរ​» ក៏ទទួលបាន​នូវការសាទរ​យ៉ាងខ្លាំងផង​ដែរពីសំណាក់វិស័យ​ឯកជន ទីភ្នាក់​ងារទេសចរណ៍ សមាគមមគ្គុ​ទ្ទេសក៍ទេសចរណ៍ ​ផ្នែកពាក់ព័ន្ធ​ដែលកំពុងបំពេញ​ការងារនៅក្នុង​តំបន់អង្គរ​ ព្រះសង្ឃ ​សារធារណជនទូទៅ ​អាជ្ញាធរមូលដ្ឋាន​ក្នុងតំបន់អង្គរ​ និងស្រទាប់​យុវជន។ អាជ្ញាធរជាតិ ​អប្សរានឹង​ធ្វើការផ្សព្វផ្សាយ​និងអនុវត្ត «ក្រមប្រតិ​បត្តិអង្គរ» នាពេលឆាប់​ខាងមុខ ដោយ​សហការ​ ជាមួយគ្រប់ផ្នែក​ពាក់ព័ន្ធរួមទាំង​ផ្នែកឯកជន​ និងស្ថាប័នពាក់ព័ន្ធ។ ​អាជ្ញាធរជាតិ​ អប្សរាសង្ឃឹម​ និងជឿជាក់យ៉ាង​មុតមាំថា​ ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​ រួមទាំងអ្នកពាក់​ព័ន្ធទាំងអស់​ នឹងចូលរួមគោរព​និងអនុវត្តតាម «ក្រមប្រតិបត្តិអង្គរ» យ៉ាងខ្ជាប់ខ្ជួន​ ដើម្បីរួមចំណែក​ថែរក្សា តំបន់​អង្គរដែលដួង​ព្រលឹងរបស់ជាតិ​ខ្មែរនិងជា​សម្បត្តិរបស់មនុស្សជាតិ​៕




No comments:

Post a Comment