Friday, June 26, 2015

សម្ព័ន្ធយុវជនកម្ពុជាយល់ឃើញថា កម្ពុជាត្រូវតែមានច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

យោងតាម​​សេចក្តីថ្លែងការណ៍​ របស់សម្ព័ន្ធ​យុវជនកម្ពុជា ​ចុះថ្ងៃទី២៦ ​ខែមិថុនា​ ឆ្នាំ២០១៥ ​បានលើកឡើងថា​ កម្ពុជាកំពុងតែបោះ​ជំហ៊ានយ៉ាងស្វាហាប់​លើការពង្រឹង​នីតិរដ្ឋ​ដែលជាមូល​ដ្ឋានគ្រិះរឹងមាំ​​នៃ​លទ្ធិប្រជា​ធិបតេយ្យ​ ដែលពិភពលោក​ទាំងមូលបានដឹង​យ៉ាងច្បាស់ណាស់​ថា ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ​នៃព្រះរាជាណាចក្រ​កម្ពុជា​ ជាប្រជាធិបតេយ្យ ​ដែលមានការធានា​យ៉ាងច្បាស់ថា​ រាជរដ្ឋាភិបាល ​គឺជាតំណាងយ៉ាងពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ។
​សេចក្តីថ្លែង​ការណ៍ដដែល ​ក៏បានបញ្ជាក់ថា​ ដោយយល់​ច្បាស់អំពី​ មាត្រា ៤២ ​នៃរដ្ឋធម្មនុញ្ញ​ដែលបានចែង​ពីការផ្ដល់សិទ្ធិ​សេរីភាព​ ជូនដល់​​ពលរដ្ឋក្នុងការបង្កើត​សមាគម​ ឬ គណបក្ស​នយោបាយ​ តែសិទ្ធិនេះត្រូវ​កំណត់ក្នុងច្បាប់។​ អនុលោម​តាមមាត្រា​ខាងលើប្រទេស​កម្ពុជា​ រហូតមកទល់ពេល​បច្ចុប្បន្ននេះ​មានអង្គការ​ក្រៅរដ្ឋាភិបាល ទាំងអង្គការក្នុង​ស្រុក ទាំងអង្គការអន្តរជាតិ និងសមាគម ​ដល់ទៅជាង​ ៥០០០ អង្គការ-​សមាគម ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់មាន​ច្បាប់ស្តីពីការ​គ្រប់​គ្រងអង្គការ​សង្គមស៊ីវិល​ក្រៅរដ្ឋាភិបាល​នៅទ្បើយ។
សម្ព័ន្ធយុវជន​កម្ពុជាយល់​ឃើញថា ​ដើម្បីការពារ​សន្តិភាព​ និង​ស្ថេរភាព​ជាតិ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ រាជរដ្ឋាភិបាល​មានកាតព្វកិច្ច​ពេញលេញ ​ក្នុងការព្រាង​ច្បាប់ស្ដីពី​អង្គការ​សមាគមនេះ។​ ​សេចក្ដី​ព្រាងច្បាប់​នេះដែល​មាន​ ៩ជំពូក​ ៣៩មាត្រា ​គឺមិនមាន​មាត្រាណាមួយ​បិទសិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ឬបិទ​សិទ្ធិអង្គការ​-សមាគម​នោះទេ​។​ ការបង្កើត​អោយមាន​ច្បាប់​នេះ​គឺមានសារៈ​សំខាន់​ណាស់ ​ដើម្បីគ្រប់​គ្រងតាម​ដាន​សកម្ម​ភាពរបស់​អង្គការ​ សមាគម​ ព្រោះតាម​ការកត់សំគាល់​កន្លងមក​ មានអង្គការ​-សមាគម​ខ្លះ បានដើរហួស​ពីតួនាទី​របស់ខ្លួន​ ដោយតាំង​ខ្លួន​ជាអ្នក​ប្រឆាំងរាជ​រដ្ឋាភិបាល​​ជាប់ឆ្នោតស្រប​ច្បាប់។ ​សម្ព័ន្ធយុវជនកម្ពុជា ​ក៏បាន​ចាប់អារម្មណ៍​ឃើញថា ​តួនាទីរបស់​អង្គការ​-សមាគម​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ​មានសិទ្ធិ​ត្រឹមតែប្រឹក្សា ​ពិគ្រោះផ្ដល់​យោបល់​ តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ជាប់​ឆ្នោត​តែប៉ុណ្ណោះ។ ​អង្គការ-សមាគម​ រួមទាំងគណបក្ស​ប្រឆាំង​ដែលមាន​សម្លេងភាគតិច ​មិនមែន​តំណាង​អោយ​ប្រជាពលរដ្ឋ​ខ្មែរទូទាំង​ប្រទេសទេ ​គឺមានតែ​រាជរដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ ដែល​តំណាងអោយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ ​រាជ​​​រដ្ឋាភិបាល​អាចពិចារណា​ទទួលយក​រាល់​ ការប្រឹក្សាផ្ដល់​យោបល់​ទាំងឡាយ​ណា​ដែលមាន​ប្រយោជន៍​ដល់ប្រជាពលរដ្ឋ​ ឬដល់​សង្គមជាតិ​ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏អាចនឹង​បដិសេដ​ចំពោះការប្រឹក្សា​ផ្ដល់​យោបល់​ណាដែល​មិនសមស្រប​ផងដែរ។
​ជារួមសម្ពន្ធ័​យុវជកម្ពុជា​សូមទទូច​ហើយ​ទទូចទៀត​ ដល់​គណបក្ស​ប្រឆាំងរួម​ទាំង ​អង្គ​ការ-សមាគម ​ដែលតែង​តែចង់​អោយមាន​ការគោរព​ច្បាប់ ​នោះមិន​គួរគប្បីប្រឆាំង​ចំពោះ​ការបង្កើត​ច្បាប់នេះ​នោះទេ ​ព្រោះច្បាប់​ស្តីពី​សមាគម​-អង្គការ​មិនមែន​រដ្ឋាភិបាល ​នឹងចូល​រួមធានាបាន​គណនេយ្យភាព​ តម្លាភាព ​ការពារកិត្តិយស​និងផល​ប្រយោជន៍​ស្រប​ច្បាប់​ ស្របតាម​បេសកកម្ម​របស់​អង្គការ​-សមាគម​ក្នុងការបំរើ​ផលប្រយោជន៍​ប្រជាជន ​ដោយមិន​ធ្វើនយោ​បាយ ​និងមិនរកប្រាក់​ចំណេញ ​និងរួមចំណែក​រក្សាការពារ​សន្តិសុខជាតិ ​សណ្តាប់ធ្នាប់​សាធារណ:​ទប់ស្កាត់ការលាង​លុយកខ្វក់​តាមរយ:​ NGOs​ និងសមាគម​ដែលមានបំណង​ប្រើប្រាស់ខុស​គោលដៅ​សង្គម​និង​មនុស្សធម៌៕
                               
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment