កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ
វៀតណាម (CLMV)លើកទី៧ បានប្រារព្ធពិធីបើកជាផ្លូវការនៅសាលសន្និសីទអន្តរជាតិមីយ៉ាន់ម៉ារ
ក្នុងទីក្រុងណៃពិដោនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ារ កាលពីរសៀលថ្ងៃទី២២មិថុនា។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងស៊ីន ថាំម៉ាវង្ស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តមង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម
ឡេ លួងមិញ អគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត
ពី ឯកឧត្តមថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាម្ចាស់ផ្ទះនៃ
កិច្ចប្រជុំកំពូលកម្ពុជាឡាវមីយ៉ាន់ម៉ារវៀតណាមលើកទី៧។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលCLMVលើកទី៧ ឯកឧត្តម ថេន
សេន ប្រធានាធិបតីនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល
កម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម លើកទី៧ បានគូសបញ្ជាក់ពីការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការ
កម្ពុជា ឡាវ វៀតណាម និងការផ្លាស់ប្តូរនូវទស្សនៈវិស័យ ស្តីពីទិសដៅអនាគត នៃបណ្តាប្រទេស
CLMV។
ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងនូវការកោតសរសើរ
និងវាយតម្លៃខ្ពស់ដែលប្រទេសCLMV សំរេចបានបន្ទាប់ពីកិច្ចប្រជុំកំពូលCLMV លើកទី៦ ដែលធ្វើឡើងក្នុងប្រទេសឡាវ
កាលពី ពេលកន្លងមក។
ដូចគ្នា និងសុន្ទរកថារបស់មេដឹកនាំនៃប្រទេសCLMV
សម្តេចតេជោនាយករដ្ឋមន្រ្តី មាន ប្រសាសន៍ថា កិច្ចប្រជុំកំពូលលើកទី៧នេះ គឺជាឱកាសសម្រាប់យើងជាមេដឹកនាំ
នៃប្រទេស CLMV ពិនិត្យឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង
ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិ ការ CLMV លើវិស័យទាំង៩ រួមមាន
វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យ អភិវឌ្ឍន៍ធនធានមនុស្ស វិស័យកសិកម្ម
វិស័យឧស្សាហកម្ម វិស័យថាមពល វិស័យដឹកជញ្ជូន វិស័យបច្ចេកវិទ្យាព័ត៌មាន និងវិស័យទូរគមនាគមន៍
ក៏ដូចជាការផ្លាស់ប្តូរទស្សនៈសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នានាពេលអនាគត។
នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថាឆ្នាំ២០១៥នេះ
គឺជាបង្គោលគោចរមួយដ៏សំខាន់នៅក្នុងដំណើរការសមាហរណកម្មកាន់តែជិតស្និត នៅក្នុងតំបន់នោះគឺការចាប់ផ្តើមចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សម្តេចតេជោយល់ថាតាមរយៈកិច្ចសហប្រតិបត្តិការCLMV ប្រទេសយើងទាំងបួនបានចូលរួមចំណែកយ៉ាងសកម្មនិងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចប្រឹងប្រែង
ដើម្បីសម្រេចបាននូវការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥នេះ។
នៅក្នុងកិច្ចប្រជុំកំពូលCLMV លើកទី៧នេះ បណ្តាមេដឹកនាំនៃប្រទេសCLMV
បានអនុម័តលើសេចក្តីថ្លែងការណ៍CLMV លើកទី៧លើវិស័យអាទិភាពសំខាន់ៗមួយចំនួន
ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះមេដឹកនាំនៃប្រទេសCLMV បានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់ក្នុងចំណោមប្រទេសCLMV ដើម្បីជម្រុញពាណិជ្ជកម្មនិងវិនិយោគ។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានសំដែងនូវការកោតសរសើរចំពោះប្រទេសឡាវ
និងវៀតណាម ដែលបានអនុវត្តការត្រួតពិនិត្យច្រកចេញចូលតែមួយនៅច្រកអន្តរជាតិ ដានសាវ៉ាន់ប្រទេសឡាវ
និងឡាវ បានប្រទេសវៀតណាមបានទទួលជោគជ័យ និងបានឯកភាពពង្រីកការអនុវត្តការត្រួតពិនិត្យច្រកចេញចូលតែមួយនៅច្រកព្រំដែនអន្តរជាតិផ្សេងៗទៀត។
លើកិច្ចសហប្រតិបត្តិការដឹកជញ្ជូនមេដឹកនាំនៃប្រទេសCLMV
បានប្តេជ្ញាធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និតថែមទៀត ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មតំបន់អាស៊ានឲ្យមានប្រសិទ្ធភាព
រួមមាន ការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់សហគមន៍អាស៊ានមួយនិងផែនការមេ ស្តីពី
ការតភ្ជាប់អាស៊ាន។ ពង្រីកកិច្ចសម្របស្រួលថែមទៀតដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវរបៀងសេដ្ឋកិច្ចឆ្លងកាត់ប្រទេសCLMV ក្រោមកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។សម្រួលដល់សកម្មភាពឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ
និងការដឹកទំនិញក្នុងចំណោមប្រទេសCLMV។ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឧស្សាហកម្ម
និងថាមពលមេដឹកនាំនៃប្រទេសCLMV បានឯកភាពគ្នាក្នុងការសម្រួលគ្នាទៅវិញទៅមកនូវការវិនិយោគ
ពិសេសការលើកទឹកចិត្តវិនិយោគលើវិស័យសំខាន់ៗ ដូចជាការអភិវឌ្ឍឧស្សាហកម្មខ្នាតតូច
និងមធ្យម ការស្រាវជ្រាវផលិតកម្ម និងកែច្នៃផលិតផលកសិកម្មអាជីវកម្ម ធនធានរ៉ែ ថាមពល
ការអភិវឌ្ឍវារីអគ្គិសនី ការតភ្ជាប់បណ្តាញថាមពល ការរុករកប្រេង និងឧស្ម័ន។លើវិស័យទេសចរណ៍មេដឹកនាំនៃប្រទេសCLMV បានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសCLMV លើកទី២កាលពីថ្ងៃទី៦
ខែធ្នូ ឆ្នាំ២០១៣នៅខេត្តកំពត ដែលបានអនុម័តឡូហ្គោនិងបាវចនាទេសចរណ៍ CLMV និងបានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍CLMV ដោយប្រើប្រព័ន្ធInternet ។ លើវិស័យអភិវឌ្ឍន៍ធនធានមនុស្សមេដឹកនាំនៃប្រទេសCLM បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសCLMV
និងបានស្នើដល់ប្រទេសវៀតណាមបន្តផ្តល់អាហារូបករណ៍ក្នុងក្របខណ្ឌCLMV បន្តទៀត។នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរមេដឹកនាំនៃប្រទេសCLMV ក៏បានថ្លែងនូវអំណរគុណចំពោះប្រទេសជប៉ុនដែលបានផ្តល់ជំនួយចំនួន២០លានដុល្លារអាមេរិកសម្រាប់ប្រទេសCLMV
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គជប៉ុន។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរមេដឹកនាំនៃប្រទេសCLMV បានស្នើដល់អាស៊ាននិងដៃគូអភិវឌ្ឍន៍ដទៃទៀតបន្តគាំទ្រ
និងធ្វើឲ្យសម្រេចនូវការអនុវត្តគម្រោងអភិវឌ្ឍCLMV ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលCLMV លើកទី៧នេះ បណ្តាមេដឹកនាំនៃប្រទេសCLMVបានស្វាគមន៍ចំពោះប្រទេសវៀតណាមដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលCLMV លើកទី៨នៅពេលខាងមុខ៕
No comments:
Post a Comment