Wednesday, June 10, 2015

អ្នកនាំពាក្យគណបក្សប្រជាជន ថា ឯកឧត្តម សម រង្ស៊ី ឆ្លើយបង្វែងដាន

ថ្មីៗនេះ ​បន្ទាប់ពីមានលើកឡើងសារជាថ្មី​ពីគណបក្សសង្គ្រោះជាតិ ​ចោទប្រកាន់មកលើរាជ​រដ្ឋាភិបាលកម្ពុជា​ ដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា​ ថាបានលួច​បន្លំសន្លឹកឆ្នោតក្នុងការបោះ​ឆ្នោតសកល ​អាណត្តិទី ៥​ ឆ្នាំ២០១៣កន្លងទៅ ​និងបានលើក​ឡើងថា ​កាកបាទក្រហមកម្ពុជា​ ធ្វើការងារប្រកាន់បក្ខពួកនោះ​ សម្តេចតេជោ ​បានមាន​ប្រសាសន៍​នៅក្នុងរដ្ឋសភាជាតិ ​កាលពីថ្ងៃទី ០៨ ​ខែមិថុនា​ ឆ្នាំ២០១៥ ថា​ សម្តេចហ៊ាន ​ស្បថ និងហៅ ​ឯកឧត្តម សម រង្ស៊ី ​មកស្បថជាមួយក្នុងរឿងនេះ។ ​ឆ្លើយតបនិងការលើក​ឡើងរបស់សម្តេច​ ឯកឧត្តម សម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​ និងជាប្រធានក្រុម​មតិភាគតិចនៃរដ្ឋសភា ​បាននិយាយនៅព្រលានយន្យ​ហោះភ្នំពេញថា ​លោកព្រមស្បថ តែ​សូមឲ្យមានការ​រាប់សន្លឹកឆ្នោតឡើងវិញ។ ​
ការទាមទារឲ្យមានការរាប់​សន្លឹកឆ្នោតឡើងវិញ​នេះ​ ត្រូវបានឯកឧត្តម ​សួស​ យ៉ារ៉ា អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា​ បញ្ចេញការយល់​ឃើញថា​ ចម្លើយរបស់ ​ឯកឧត្តម សម រង្ស៊ី​ គឺហាក់មានចេតនាបង្វែងដាន ​ទៅជារឿងផ្សេង។
​ឯកឧត្តម សួស យ៉ារ៉ា ​មានប្រសាសន៍ ​ប្រាប់គេហទំព័រ ​GNN Cambodia ​នៅល្ងាចនេះថា «​ខ្ញុំយល់ថាពាក្យស្បថ​មួយម៉ាត់ហ្នឹង​ គឺគាត់មិនបានឆ្លើយតបឲ្យ​ចំជាមួយនឹងសំនួរទេ​ គឺគាត់​បង្វែងរឿងផ្សេងវិញ។ ​ខ្ញុំយល់ថាគ្រាន់តែជារឿង​បំប៉ោងពាក្យសំដី ​ព្រោះសម្តេច​នាយករដ្ឋមន្ត្រីមានប្រសាសន៍ ​ក្នុងសភាចង់ឲ្យសមាជិកសភា​ឆ្លើយតបរឿងហ្នឹង ​តែគាត់បង្វែររឿង​ហ្នឹងឆ្លើយរឿងផ្សេង ​ខ្ញុំមើលទៅដូចជាបង្កប់ន័យអ្វីម៉្យាង​ នៅក្នុងការឆ្លើយតបរបស់គាត់។»​
​ឯកឧត្តម សួស ​យ៉ារ៉ា បន្តថា ​គណបក្សសង្គ្រោះជាតិ​ មិនគួរលើករឿងលួចសន្លឹកឆ្នោត​ មក​​និយាយនៅពេលហ្នឹងនោះទេ​ ព្រោះរាជរដ្ឋាភិបាលបាន​និងកំពុងដំណើការការងារ ​ក្នុង​អាណត្តិទី៥នេះ ​ដោយគណបក្សទាំងពីរ​ក៏បានឯកភាពគ្នាចូលសភា ​និងបង្កើតនូវវប្បធម៌​សន្ទនាដើម្បីដោះ​ស្រាយបញ្ហា​នយោបាយនានា​រវាងបក្សទាំងពីរ។ ​ឯកឧត្តម សួស យ៉ារ៉ា ​សង្កត់ធ្ងន់ថា ​«មិនត្រូវលើកពេលហ្នឹងទេ ​យើងបានប្រើប្រាស់វប្បធម៌​សន្ទនាដោយការជួប​និយាយគ្នា ​រវាងថ្នាក់ដឹកនាំ ​និងថ្នាក់ដឹកនាំ ហើយ​មុននឹងឆ្លើយអ្វីជាមួយ​និងសារព័ត៌មាន​​សាធារណៈនោះគាត់​គួរតែធ្វើការប្រាស្រ័យ​ទាក់ទង​ និងថ្នាក់ដឹកនាំគណបក្ស​ទាំងពីរសិន​ គឺចាំមើលលទ្ធផល​ចុងក្រោយសិន​។ ​មុននិយាយគួរតាម​ដានឲ្យច្បាស់់លាស់ ​វប្បធម៌​សន្ទនាមិន​អនុញ្ញាត​ឲ្យយើងធ្វើកិច្ចការអ្វីមួយ​ ដោយល្មើសទៅ​និងភាពមិនទុកចិត្តទេ​»។
​ឯកឧត្តមបន្ថែមថា​ «ការដែលលើកឡើង ​ហើងចោទថាលួចសន្លឹកឆ្នោត ​គឺជាការ​អុជអាលមួយ ​ដែលធ្វើឲ្យសង្គមយើងមិនបានសុខ។ ​គាត់ត្រូវតែច្បាស់លាស់​ឆ្លើយនឹងសំនួរ ​ព្រមស្បថរឺក៏អត់​ បើមិនចឹងទេ ​គាត់ត្រូវបន្សាបរឿងហ្នឹងទៅវិញ​ តាមរយៈការសន្ទនាជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់គណបក្សទាំងពីរ។​ ហើយគាត់ត្រូវស្រាវជ្រាវ​រកថាតើអ្នកណាជា​​អ្នកបង្កើតភ្លើងនេះឡើង៕​
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment