Tuesday, May 26, 2015

សាក្សី៖ ការដ្ឋានការងារទំនប់ ១ មករា នៅខេត្តកំពង់ធំជាសមរភូមិ ពលកម្មក្តៅ

លោក នេត្រ ភ័ក្ត្រា ​មន្ត្រីអ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម ​នៅថ្ងៃទី ​២៦ ខែឧសភា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​សាក្សីដែលត្រូវបានកោះហៅ​មកផ្តល់សក្ខីកម្ម​នៅចំពោះមុខអង្គជំនុំ​ជម្រះសាលា​ដំបូងនៃសាលាក្តីខ្មែរ​ក្រហមបានថ្លែងថា​ ការដ្ឋានការងារទំនប់ ​១មករា នៅក្នុង​ខេត្តកំពង់ធំគឺជា​សមរភូមិពលកម្មក្តៅ។​ អ្នកស្រី មាស​ ឡៃហួរ​ ដែលជាអតីតនារី​កងចល័តនៅក្នុងការដ្ឋានការងារ​នេះបានមានប្រសាសន៍ថា ​ការ​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់ ១ មករា ក្នុង​ខេត្ត​កំពង់ធំនោះ ជា​សមរភូមិ​ពលកម្ម​ក្ដៅ ព្រោះ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ទេ ហើយ​មាន​គ្រោះថ្នាក់។
ការផ្តល់សក្ខី​របស់អ្នកស្រី ​មាស ឡៃហួរ ​ដែលចាប់ផ្តើម​ធ្វើនៅថ្ងៃទី២៥ ​ខែឧសភា ឆ្នាំ ​២០១៥ ​បញ្ចប់នៅល្ងាចថ្ងៃទី២៦​ ខែឧសភា ​ឆ្នាំ ២០១៥ ​ហើយអង្គជំនុំ​ជម្រះសាលា​ដំបូងនឹង​ស្តាប់ការផ្តល់​សក្ខីកម្ម​របស់ដើមបណ្តឹង​រដ្ឋប្បវេណីមួយរូបទៀត​ ទាក់ទង​នឹង​អង្គហេតុការដ្ឋាន​ ការងារទំនប់​ ១ មករា នេះ។
​បើតាមការបញ្ជាក់​របស់សាក្សីរូបនេះ​ ក្រុមខ្មែរក្រហមបានចែក​ដីឱ្យពលរដ្ឋជីក​ក្នុងមួយថ្ងៃ​មួយម៉ែត្រគូប​ ហើយធ្វើការងារ​ពីព្រឹកព្រលឹម​រហូតដល់ម៉ោង ​១២ យប់​ ដោយឈប់សម្រាក​នៅម៉ោង​ ១២ ថ្ងៃត្រង់​ ហើយសម្រាក​ហូបបាយដែលគេចែកឲ្យ​។ អ្នកស្រីបានបញ្ជាក់ថា ​ប្រជាជនត្រូវបាន​បង្ខំឱ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរ ​ប៉ុន្តែរបបអាហារ ​ដែលផ្តល់ឱ្យមិនគ្រប់គ្រាន់​ឡើយ។ ​អ្នកស្រីបានឱ្យដឹងថា​របបអាហារពេលនោះ​មានគុណភាព​តិចជាងបបរបាយជ្រូក​សព្វថ្ងៃនេះទៀត ​ដោយគ្រាន់តែស្ងោរ​ត្រកួនដាក់អំបិលចែកគ្នា ​ហូប ​និងគ្មានការតវ៉ាអ្វី​ឡើយ ប្រសិនបើតវ៉ា​ នោះនឹង​ត្រូវគេយកទៅ​សម្លាប់ចោល។
តាមការរៀបរាប់​របស់សាក្សី ​ប្រជាជនទាំងឡាយ​ត្រូវបង្ខំឱ្យទៅធ្វើការ ​ទោះបីជាមានជំងឺក៏​ដោយ ​ព្រោះខ្លាចត្រូវខ្មែរ​ក្រហមហៅយក​ទៅកសាង​ និង​ធ្វើទារុណកម្មបង្អត់អាហារ។​ អ្នក​ស្រីបានថ្លែងប្រាប់​ទៅកាន់​អង្គជំនុំជម្រះថា មាន​ពលករ​ធ្វើ​ការ​នៅ​ទំនប់ ១ មករា ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ការ​រស់​នៅ និង​ការ​បរិភោគ​មិន​មាន​អនាម័យ ជា​ពិសេស​គឺ​ទឹក​មិន​ស្អាត  ហើយ​ពេល​ឈឺ មិន​មាន​ពេទ្យ​ព្យាបាល​ត្រឹមត្រូវ​ទេ។
​សាក្សី មាស ឡៃហួរ បានឆ្លើយ​ទៅនឹងសំណួររបស់​ភាគីពាក់​ព័ន្ធនានាក្នុងដំណើរ​ការសវនាការដោយលោកស្រី​បានជម្រាបថា អ្នក​ធ្វើ​ពលកម្ម​នៅ​សមរភូមិ​ទំនប់ ១ មករា​នោះ គឺ​ជា​កង​ចល័ត​ពិសេស ដែល​មាន​ទាំង​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មីរួមគ្នា។ កង​ចល័ត​ទាំង​នោះ​ត្រូវ​ធ្វើការ​លើក​ធ្ងន់​ដោយ​បង្ខំ ប្រមាណ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​កង​ឈ្លប និង​យោធា​យាម​ឃ្លាំមើល​ផង។ អ្នកស្រីបានបញ្ជាក់ថា​អ្នកដែលមិន​ធ្វើការត្រូវបាន​គេចោទថាប្រឆាំងនឹងអង្គការហើយគេ​នឹងយកទៅ​សម្លាប់ចោល ​នៅមន្ទីរសន្តិសុខនៅវត្ត​បារាយណ៍ជាន់ដែក​ដែលស្ថិតនៅក្នុងស្រុកបារាយ ​ខេត្តកំពង់ធំ ដែលមានទីតាំង​នៅក្បែរតំបន់​ការដ្ឋានការងារ​នោះ។
លោក​ នេត្រ ភ័ក្ត្រា ​មន្ត្រីនាំពាក្យ​នៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា​ បានថ្លែងថា​នៅក្នុងដំណើរការ​ស្តាប់ការផ្តល់​សក្ខីកម្មសាក្សីនេះ​ វីដេអូឯកសារទាក់ទង​នឹងការដ្ឋាន​ការងារទំបន់ ​១ មករា​ ក៏ត្រូវបានស្នើឲ្យចាក់ ​បញ្ចាំងដោយក្រុមមេធាវី​ការពារក្តីជនជាប់​ចោទ នួន ជា ​ផងដែរ។ ​លោក នេត្រ ភក្ត្រា​ បានមានប្រសាសន៍ថា ​បន្ទាប់ពីការចាប់ផ្តើម​ដំណើរការសវនាការវគ្គទី២​ លើសំណុំរឿង ​០០២ វគ្គ០២ ​ទាក់ទងនឹងការដ្ឋាន​ការងារទំនប់ ​១ មករា​នេះ ​សាក្សីបីរូបហើយដែល​ត្រូវបានកោះហៅ​មកផ្តល់សក្ខីកម្ម​ គឺលោក ឱ ហូ ​លោក ប៉ិច​ សុខា​ និងអ្នកស្រី ​មាស ឡៃហួរ។
​លោក នេត្រ ​ភ័ក្ត្រា បានថ្លែងថា​ នៅថ្ងៃទី១៩ ​ខែឧសភា ​ឆ្នាំ ២០១៥​ កន្លងទៅ ​អង្គជំនុំជម្រះ​សាលាដំបូង​នៃអង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​ បានចាប់ផ្តើម​សវនាការវគ្គទី២ ​ដែលផ្តោតទៅ​លើការដ្ឋានការងារ។ ​អង្គជំនុំជម្រះសាលា​ដំបូងនឹងធ្វើ​សវនាការលើ​ការដ្ឋាន ​ការងារចំនួនបី​តាមលំដាប់លំដោយ​ដូចតទៅ៖​ ទំនប់ ១ មករា​ (ខេត្តកំពង់ធំ) ​ការដ្ឋានព្រលាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង​ និងទំនប់ត្រពាំងថ្ម ​(ខេត្តបន្ទាយមានជ័យ)។ ​អង្គជំនុំ ​ជម្រះនឹង​រៀបចំស្តាប់ការ​ផ្តល់សក្ខីកម្មពីដើម​បណ្តឹងរដ្ឋប្បវេណី​ និងសាក្សីចំនួន ​១០​ រូប សម្រាប់អង្គ​ហេតុទាក់ទងនឹង​ការដ្ឋានការងារទំនប់ ១ ​មករានៅក្នុងខេត្តកំពង់ធំ។​
សូមបញ្ជាក់ថា ​សវនាការលើអង្គហេតុថ្មី​ក្នុងវគ្គទី២នៃសំណុំរឿង​ ០០២ វគ្គ០២​ នេះធ្វើឡើង​​បន្ទាប់ពីអង្គជំនុំជម្រះ​សាលាដំបូង​បានបញ្ចប់សវនា​ការវគ្គទី១​ លើអង្គហេតុសហករណ៍​ត្រាំកក់ ​និងមន្ទីរសន្តិសុខ​ក្រាំងតាចាន់។ ​ចាប់តាំងពីបើកសវនាការ​ស្តាប់សក្ខីកម្មនៅថ្ងៃទី៨ ​ខែមករា​ ឆ្នាំ ២០១៥ ​រហូតមកដល់ថ្ងៃទី២៦ ​ខែឧសភា ​អង្គជំនុំជម្រះសាលាដំបូង ​ បានបើក​សវនាការរយៈពេល​ ៥៥ ថ្ងៃ ​និងបានស្តាប់ការផ្តល់​សក្ខីកម្មរបស់សាក្សី ​អ្នកជំនាញ ​និង​ដើម ​បណ្តឹងរដ្ឋប្បវេណីចំនួន ​៤០ រូប ​ក្នុងនោះសាក្សី ២១​ រូប ​ដើមបណ្តឹងរដ្ឋប្ប​វេណីចំនួន ​១៨ រូប និងអ្នកជំនាញ​ ១ រូប៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment