Tuesday, May 26, 2015

អភិបាលក្រុងប៉ោយប៉ែត អះអាងថា បាតុកម្មតវ៉ានៅមុខ ការិយាល័យគយ នៅប៉ោយប៉ែត គឺមានមន្ត្រីគណបក្ស សង្គ្រោះជាតិនៅពីក្រោយ

យោងតាមរបាយការណ៍​ស្តីពីបាតុកម្មហឹង្សា​របស់កម្មករអូសរទេះ ​នៅចំណុចមុខ​ការិយាល័យគយ ​និងរដ្ឋាករ​ ក្រុងប៉ោយប៉ែត​ ដែលចេញដោយគណៈ​បញ្ជាការឯកភាពរដ្ឋបាល ​ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី ២៥ ​ខែឧសភា ​ឆ្នាំ ២០១៥​កន្លងទៅ ​បានឲ្យដឹងថា ​ករណីផ្ទុះជាអំពើ​ហិង្សានៅចំណុច​មុខការិយាល័យគយ​ និងរដ្ឋាករក្រុងប៉ោយប៉ែត ​បានកើតឡើងនៅព្រឹកថ្ងៃទី​ ២៥ ​ខែឧសភា ​ឆ្នាំ២០១៥ ​ដោយក្នុងនោះក្រុមកម្មករ​អូសរទេះបានធ្វើបាតុកម្ម​បិទផ្លូវជាតិលេខ៥ ​ដោយទាមទារលក្ខខ័ណ្ឌ​ចំនួន២ចំណុច​ ទី១-ទាមទារមិនឲ្យមាន​ការបង់ពន្ធសម្រាប់​ទំនិញដែលមានចំនួន ៣០កេស​ ក្នុងមួយជើង និងទី២​-ស្នើសុំឲ្យលោក ឈួន ហៃ​ ប្រធានការិយាល័យគយ​ និងរដ្ឋាករ ​ចេញមកធ្វើការដោះស្រាយ។
​នៅក្នុងរបាយការណ៍ដដែល​បានបញ្ជាក់ទៀតថា​ ដោយលោក ឈួន ហៃ​ ជាប់បំពេញបេសកម្មនៅ​រាជធានីភ្នំពេញ​ និងបានផ្ទេរសិទ្ធិជូន ​លោក នួន វុទ្ឍី​ ជាអ្នកទទួលខុសត្រូវរួម។ ​នៅក្នុងកិច្ចដំណើរ​ការសម្របសម្រួល​អាជ្ញាធរក្រុង ​និងលោក នួន វុទ្ឍី ​បានធ្វើការសម្រុះសម្រួល​ជាមួយប្រជាពលរដ្ឋ​ដែលជាកម្មករអូស​រទេះជាច្រើនលើក​នៅតែពុំបានលទ្ធផល ​ដោយសារតែពួកគាត់​នៅតែទទូចសុំ​ឲ្យលោក ឈួន ​ហៃ មកជួប ​និងពុំព្រមស្តាប់​ការបកស្រាយរបស់អាជ្ញាធរ។​ លុះដល់ម៉ោង ១២.៣០នាទី ​ថ្ងៃត្រង់កម្លាំង​គណៈបញ្ជាការ​បានសម្រេចចូលអូសរទេះ​ យកចេញពីលើផ្លូវ​ដើម្បីយកទៅទុកនៅទី​តាំងផ្សាររ៉ាថ្មី​ និងសំណូមពរឲ្យពួកគាត់​ទៅទីនោះដើម្បីធ្វើ​ការចរចារដោះស្រាយ​សម្រុះសម្រួល ​និងបានបើក​ឲ្យចរាចរណ៍​ដំណើរការបានធម្មតាវិញ។
​ប៉ុន្តែនៅម៉ោង ​១៣ និង៥០នាទី​ ដោយមានការញុះញង់​ពីជនមួយក្តាប់តូច ​បានបញ្ឆេះកំហឹងកម្មករ​ឲ្យផ្ទុះសារជាថ្មី ​ដោយបានទាញរទេះមក​ក្រឡាប់ផ្ងារជើងបិទផ្លូវជាតិលេខ ៥ ​សាជាថ្មីម្តងទៀត ​និងបានដុតពូក​ សំបកកង់​ ម៉ូតូ ឡាន ​តែប៉ុណ្ណោះនៅវេលាម៉ោង​ ១៤ និង៤០នាទី ក្រុមកម្មករបាន​គប់ដុំថ្ម ​និងវាយទ្វាររបងសម្រុក​ចូលការិយាល័យគយ ​ធ្វើឲ្យរថយន្តរបស់មន្ត្រីគយចំនួន ​០៧​គ្រឿង ​បានរងការខូចខាត ទ្វារ បង្អួច ​កញ្ចក់ ជាដំណាំ​ និងបានធ្វើឲ្យរបួសដល់​សន្តិសុខគយចំនួន ​០១នាក់។​
​ដើម្បីទប់សភាពការណ៍​កំពុងតែធ្ងន់ធ្ងរនេះ​ និងដើម្បីរក្សាទ្រព្យសម្បត្តិរដ្ឋ​ ក្រោមការដឹកនាំរបស់​ប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលក្រុង ​កម្លាំងអាវុធហត្ថ ​ដែលនៅការពារ​ទ្រព្យសម្បតិ្តក្នុងទី​តាំងការិយាល័យគយ ​បានបាញ់បង្អើលឡើង​លើចំនួន ០៤គ្រាប់ ​ដោយអាវុធខ្លី​ ពេលនោះក្រុមបាតុករ​បាននាំគ្នាដកថយចេញ​ពីបរិវេណទីតាំងមុខ​ការិយាល័យគយ។ ​តាមរបាយការណ៍ ​ដែលចុះហត្ថ​លេខា ដោយលោក​ ង៉ោ ម៉េងជ្រួន​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ និងប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលក្រុង ​បានគូសបញ្ជាក់ថានៅក្នុង​កិច្ចដំណើការបាតុកម្មនោះ ​គឺមានការ​ដឹកនាំដោយបុគ្គល​មួយចំនួនក្នុងនោះមាន​ លោក ចៅ វាសនា ចៅ​សង្កាត់រងទី២​ សង្កាត់ប៉ោយប៉ែត​ ​មកពីគណបក្ស​សង្គ្រោះជាតិ, លោក ​ឌិត ពុទ្ធី​ ប្រធានសមាគមន៍​អភិវឌ្ឍន៍សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ប៉ោយប៉ែត និងគូកន​មួយចំនួនដែល​មិនបានស្គាល់​អត្តសញ្ញាណ។
​តាមការឲ្យដឹងពី​ ឯកឧត្តម ​គោស៊ុំ សារឿត ​អភិបាលនៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យបាន​ឲ្យដឹងថា ​ការធ្វើបាតុកម្មតវ៉ាពី​សំណាក់ក្រុមកម្មករ​អូសរទេះ​ កាលពីថ្ងៃទី ២៥​ ខែឧសភា​ ឆ្នាំ២០១៥ ​ម្សិលមិញ ​បានធ្វើឲ្យស្ថាប័នគយ​នៅក្រុងប៉ោយប៉ែត ​បានបាត់បង់ថវិកា​ប្រមូលពន្ធចំនួនជាង ​១៥០០លានរៀល៕

អត្ថបទ៖​ ច័ន្ទ ទេវី

No comments:

Post a Comment