Tuesday, May 26, 2015

ឯកឧត្តម ស្វាយ ស៊ីថា ដឹកនាំ​​ប្រជុំ​​ត្រួត​​ពិនិត្យ​​ការ​ងារ​ និង​ពង្រឹង​​ការ​​អនុវត្ត​​ការ​ផ្ដល់​​សេវា​​សាធារណៈ និង​គោល​​នយោបាយ​​ភូមិ​ឃុំ​​មាន​​សុវត្ថិភាព​

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា និងឯកឧត្តម កែវ រ៉េមី សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំប្រជុំត្រួតពិនិត្យវាយតម្លៃការងារមួយចំនួនដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ដក្នុងមូលដ្ឋានឃុំកុមាររាជានៃស្រុកបាទី​​ ខេត្តតាកែវ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍​​បូកសរុប របស់​ឯកឧត្តម ស្វាយ​ សុវណ្ណរិទ្ធ អនុប្រធាន​ក្រុម​ការងារថ្នាក់​ជាតិចុះ​​មូលដ្ឋាន និងលទ្ធផលនៃការស្រាវជ្រាវរបស់និស្សិតនៃសាកលវិទ្យាល័យ​មួយបានបង្ហាញថា ទន្ទឹមនឹងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស​ ​ និងបានប្រែក្លាយជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរប៉ុន្ដែបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋានក៏​នៅ​តែ​ជាក្ដីកង្វល់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជាការផ្ដល់​​សេវាសាធារណៈ​​មិនបានល្អ បញ្ហាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយ​​លេចលឺនូវការកើតមានចោរកម្ម ល្បែងស៊ីសង ក្មេងទំនើង ជាពិសេស ការចែកចាយ និងសេពគ្រឿងញៀន ដែលបង្កការភ័យខ្លាចជាប្រចាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឯកឧត្តមស្វាយ ស៊ីថា បាន​ជម្រុញ​ក្រុម​ការងារ និង​សមត្ថកិច្ច​ពាក់​ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់ត្រូវ​ខិត​ខំ​ពង្រឹងការផ្ដល់សេវាសាធារណៈជូន​ប្រជាពល​រដ្ឋ​​ឲ្យ​បាន​ល្អ និង​លឿនរហ័ស ដោយប្រាប់​ទៅ​ មន្ដ្រីថ្នាក់ឃុំ មេភូមិ និងក្រុមយុវជនត្រូវមានការបិទផ្សព្វផ្សាយ និងអនុវត្តតាមតម្លៃសេវាសាធារណៈដែលកំណត់ដោយរដ្ឋ និង​ត្រូវតែបញ្ឈប់នូវការយកប្រាក់បន្ថែមពីប្រជាពលរដ្ឋលើតម្លៃសេវាដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់អត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​​សំបុត្រមរណ​ភាព។​​ល។ ដោយមន្ដ្រីគ្រប់រូបត្រូវតែបម្រើ​ប្រជា​ពលរដ្ឋដោយស្មោះត្រង់។
តំ​ណាងក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ បានឡើង​ប្តេជ្ញា​អនុវត្តការ​ផ្តល់​សេវា​សាធារណ ជូនប្រជា​ពលរដ្ឋ​ ក៏​ដូច​ជាសន្យាធ្វើ​ការ​ផ្សព្វ​ផ្សាយនូវ​តម្លៃ​សេវាសាធារណៈឲ្យបាន​ទូលំ​ទូលាយ​ បន្ទាប់​ពី​ឯកឧត្តម ស្វាយ ស៊ីថា បានជំរុញឲ្យមេភូមិទាំង១៣ នៅក្នុងឃុំសហការជាមួយក្រុមយុវជនក្នុងការសម្រួលបញ្ហា​ប្រឈម​នានាជូន​ប្រជា​ពលើរដ្ឋ​ ដូច​ការ​អះ​អាង​របស់​មេភូមិ និង​លោក សំ សុវណ្ណ ស្មៀនឃុំកុមាររាជា ដូច​តទៅ​នេះ៖ការ​ធ្វើ​អត្រា​នុកូលដ្ឋាន​​ ដែល​កំណត់​ដោយ​ច្បាប់​របស់​រដ្ឋ គឺ​ឃុំ​ និង​ខ្ញុំ​ជា​ស្មៀន​ឃុំ​ សូម​ប្ដេជ្ញា​ចិត្ត​ថា ធ្វើ​ទៅ​តាម​គោល​ការ​ណ៍​របស់​រដ្ឋ ដែលបាន​កំណត់​ ដូចនេះ​ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​ថា រាល់​ការ​ងារ​​ដែល​ធ្វើ​អត្រា​នុកូលដ្ឋាន​ទាំង​អស់ គឺ​ប្ដេជ្ញា​ធ្វើ​ទៅ​តាម​ច្បាប់​របស់​រដ្ឋ ហើយ​បើ​បងប្អូន​អាច​ឲ្យ លើស​ពី​ការ​កំណត់ គឺ​យើង​ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​ មិន​ទទួល​ទាំង​អស់។ ដូចនេះ ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​ថា ធ្វើ​ឲ្យ​បាន​ ១០០%។
​ឯកឧត្តម​ ស្វាយ ស៊ី​ថា បាន​រំ​លឹក​ឡើង​វិញ​បន្ទាប់​ពី​មន្ត្រី​មូលដ្ឋាន​បាន​ប្រកាសថា នឹង​គោរព​អនុវត្ត​ឲ្យ​បាន​ប្រសិទ្ធភាព​លើ​ការ​ងារ​ផ្តល់​តម្លៃ​សេវាសាធារណៈនេះ ដោយ​ឯកឧត្តម​ បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​បញ្ឈប់ទាំង​ស្រុង​នូវការិយាធិបតេយ្យ ៖ «ទាំង​ក្រុម​ប្រឹក្សា​ឃុំ​ ទាំងថ្នាក់ដឹកនាំភូមិ​​ទាំង ១៣ គឺ​បាន​ឯកភាព​គ្នា ទីមួយ ផ្សព្វ​ផ្សាយ​​ជា​សាធារណៈ​ឲ្យ​បាន​ទូលាយ នូវ​តម្លៃ​សេវា​សាធារណៈ ដែល​រដ្ឋ​បាន​កំណត់​។ ទីពីរ​ ឯកភាព​អនុវត្ត​ឲ្យបាន​ត្រឹម​ត្រូវ​ ទៅ​តាម​ការ​​កំណត់​​តម្លៃ​សេវា​សាធារណៈ​របស់​រដ្ឋ​។ ទីបី ក្រុមការ​ងារ​របស់​យើង សហការ​បោះ​ពុម្ព​ ជួយ​បិទ​ផ្សព្វ​ផ្សាយ​ទាំង ១៣ ភូមិ និង​នៅសាលា​ឃុំ​។ ទីបួន ក្រុមការ​ងាររបស់យើង ប្រើ​ប្រាស់​យុវជន​របស់​យើង​ គឺ​ទីមួយ ផ្សព្វ​ផ្សាយ​រឿង​ហ្នឹង និង​ទីពីរ តាម​ដាន​ឃ្លាំមើល​ការ​អនុវត្ត​ ការ​យក​តម្លៃ​សេវា​សាធារណៈ ដែល​រដ្ឋ​បាន​កំណត់»
ពាក់​ព័ន្ធនឹង​ការងារផ្ដល់សេវាសាធារណៈ ក្នុងនោះបញ្ហាការ​ធ្វើ​លិខិត​បញ្ជាក់អត្រានុកូល​ដ្ឋាន​ដែល​ជា​ការងារ​ធ្លាប់​ទទួល​រង​នូវ​ការ​រិះ​គន់​ថា​ មន្ត្រី​មួយ​ចំ​នួនមាន​ការ​ទទួល​លុយ​កាក់​ពី​ប្រជា​ពលរដ្ឋ​ ជាថ្នូរនៃ​ការ​ទទួល​សេវាបានលឿន រហ័ស ឯកឧត្តម កែវ រ៉េមី ក្នុងនាមជាសមាជិក១រូប​នៃក្រុមប្រឹក្សាជាតិប្រឆាំអំពើពុករលួយ ក៏បានក្រើនរំលឹកដល់មន្ដ្រីក្រុមប្រឹក្សាឃុំស្មៀន ត្រូវតែបញ្ឈប់ការទទួលយកប្រាក់ពីប្រជាពលរដ្ឋលើសតម្លៃសេវា​​កំណត់ដោយរដ្ឋ បើទោះបីប្រជា​ពលរដ្ឋឲ្យលុយក្រៅសេវាក៏មិនត្រូវទទួលយកដែរ ដើម្បី​បញ្ចៀសបាន​នូវ​ការ​ប្រឈមមុខផ្លូវ​ច្បាប់ ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានហាមប្រាម​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​បញ្ឈប់ការទារ​ប្រាក់​បន្ថែមពី​ប្រជា​ពលរដ្ឋលើតម្លៃធ្វើអត្តសញ្ញាណប័ណ្ណ​ដែល​រដ្ឋ​កំ​ណត់យកតម្លៃត្រឹមតែ១០០០០រៀល គឺ​​សមត្ថ​កិច្ចមិន​ត្រូវ​ទារ​បន្ថែម ២០០០រៀលទៀត​នោះ​ទេ បើ​ទោះ​បី​ថា ប្រាក់​២០០០រៀល​នេះ ដើម្បី​សម្រួល​ការ​ដឹក​ជញ្ជូនសម្ភារៈ ចុះដល់​ភូមិ និង​ការហូប​ចុក​របស់​មន្ត្រី​ក្រុម​ការងារ​ក្តី​ គឺត្រូវ​ធ្វើ​ធ្វើ​យ៉ាង​ណាកុំ​ឲ្យ​មានការគាប​សង្កត់​បន្ថែម​លើការ​លំ​បាករបស់​ប្រជាពលរដ្ឋ​។
ការ​លើកឡើង​នេះ​ត្រូវ​បាន​លោក ង៉ាន់ សារី អធិការ​នគរបាល​ស្រុក​បាទី​​ទទួល​យកទៅ​អនុវត្ត​ និងក៏បាន​ធ្វើការ​ទាក់​ទង​ភ្លាម​ៗទៅអ្នក​ជំ​នាញដែល​កំ​ពុង​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​នៅ​តាម​ភូមិ​មួយ​​ចំ​នួន​ទៀត ក្នុង​ឃុំកុមារ​រាជា​​ ឲ្យ​បញ្ឈប់​​យក​ប្រាក់​២០០០រៀលពី​ប្រជា​ពលរដ្ឋ​​ ចាប់​ពី​ពេល​នេះ​តទៅ!
ដោយឡែក ឆ្លើយតបចំពោះកង្វល់អំពីកម្សោយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិ​ភាព ដោយការកើតមាន ចោរកម្ម ល្បែងស៊ីសង ជាពិសេស បញ្ហាគ្រឿងញៀនក្នុងភូមិមួយចំនួនក្នុងឃុំ ឯកឧត្តម ស្វាយ ស៊ីថា ចាត់ទុកថា បញ្ហា​គ្រឿង​ញៀន គឺជាភ្នក់ភ្លើង​ដែលត្រូវតែពន្លត់ និងចាំបាច់ត្រូវតែលើកកម្ពស់គុណភាព អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​ ធ្វើយ៉ាង​ណា​ធានាបាន​នូវ​សុខសន្តិភាព​ និង​ទំ​នុក​ចិត្តសម្រាប់ប្រជាពលរដ្ឋ​ ។
លោក ឃុត ឡូ អធិការរងនគបាលស្រុកបាទី និងលោក ណុប ស៊ីម៉ុន នាយប៉ុស្ដិ៍នគរបាលឃុំកុមារ​រាជា ក៏បានឡើងប្ដេជ្ញាចិត្ត ថា៖ ខ្ញុំបាទវរសេនីយត្រី ឃុត ឡូ អធិការងទទួលបន្ទុកយុត្តិធម៌ស្រុកបាទី ខ្ញុំ​បាទ​ប្ដេជ្ញា​​យក​ចិត្ត​ទុកដាក់ និងបង្ក្រាប​គ្រប់បទល្មើសផ្សេងៗ គ្រប់ប្រភេទនៅស្រុកបាទី ទាំង ១៥​ឃុំ​ ពិសេសឃុំកុមារាជា​មិនឲ្យមានសកម្មភាពចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀនតទៅទៀត​ខ្ញុំ​សូ​ម​ប្ដេជ្ញា​មុខអង្គប្រជុំថា នឹងខិតខំអនុវត្តបង្ក្រាប​រាល់​បទល្មើសផ្សេងៗ ពិសេស​ឃុំ​កុមារាជានេះ​ឲ្យ​ទៅ​​ជាឃុំគំរូ ។ ខ្ញុំសូមប្ដេជ្ញាចិត្ត យកចិត្តទុកដាក់ ១០០%​។
សម្តីរបស់លោក ស៊ី​ម៉ុន ៖ ខ្ញុំ​សន្យាថា រដ្ឋអនុវត្ត​ហើយ ពេលឲ្យលុយក្នុង​ ឬក្រៅ លើតុក៏ដោយ ក្រោមតុក៏ដោយ​ឲ្យ​ប្រពន្ធ​ក៏​ដោយ គឺខ្ញុំមិនយក ខ្ញុំ​ប្ដេជ្ញាថា​មិនយកជាដាច់ខាត។
បន្ទាប់ពីបានលឺនូវការប្ដេជ្ញាចិត្តរបស់អាជ្ញាធរពាក់ព័ន្ធហើយនេះ ឯកឧត្តម ស្វាយ ស៊ីថា ក៏បានជំរុញឲ្យក្រុមការងារ សមត្ថកិច្ចពាក់ព័ន្ធ​​ទាំងអស់ ត្រូវតែអនុវត្តនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺត្រូវចូលរួមកម្ទេចឲ្យអស់នូវរាល់បទល្មើស ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន គឺសូមឲ្យមានវិធានការជាក់ស្ដែង។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់ជាតិចុះមូលដ្ឋាន នាឱកាសនោះដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏ផ្ដោតជាកង្វល់នៅក្នុងឃុំកុមារាជា អំពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ ទាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទទួលទានប្រចាំថ្ងៃ ទឹកសម្រាប់ធ្វើស្រែចំការដាំដំណាំ និងសូម្បីតែទឹកសម្រាប់សត្វពាហនៈ ក៏ស្ទើរតែគ្មានផងនោះ ដោយមាន​ប្រសាសន៍ថា នឹង​ខំប្រឹងរិះរកវិធីដោះស្រាយបញ្ហានេះដូចជាចលនាឲ្យមានការជីកស្រះ ស្ដាស្រះ ជួសជុលអណ្ដូង និងប្ដេជ្ញា​ខិតខំដោះស្រាយជាជំហានៗ ដោយតុល្យភាព តម្លា​ភាព និង​កំណត់ភូមិជាអាទិភាពដើម្បីដោះស្រាយបញ្ហាប្រឈមចំ​ពោះ​មុខ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិន​ប្រកាន់និន្នាការនយោ​បា​យឡើយ​។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានមានប្រសាសន៍ផងដែរថា នឹងធ្វើការប្រជុំនៅខែក្រោយទៀត  ដើម្បី​​ត្រួត​ពិនិត្យការងារ​ដែលបានឯកភាព​គ្នា​នេះ​      និងស្វែងរកបញ្ហាដែលជាតម្រូវការជាក់​ស្ដែង​​រ​បស់​ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយ​ជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព ប្រសិ​ទ្ធ​ភាព ជាពិសេសក្នុងការជំរុញឲ្យពង្រឹង​​ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិ​ភាព និងផ្ដល់​សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បន្ទាប់​មកក្រុម​ការងារ​ទាំង​អស់​ក៏ បាន​ទទួល​ទាន​អាហារ​​រួម​គ្នា​ នៅ​នឹង​កន្លែងសាល​ប្រជុំ​ ក្នុង​ស្មារតី​​សាមគ្គីឯកភាព​គ្នា​និង​បរិយា កាស ​​ស្និទ្ធ​ស្នាល​​​បំ​ផុត។





No comments:

Post a Comment