Thursday, April 30, 2015

ឯកឧត្តម ទិត សុធា ៖ Camnews បំផ្លើសការពិត និងសរសេរទាំងងងឹតងងុលថា សម្តេចតេជោ ប្រមាថអាយុជីវិត ឯកឧត្តម កឹម សុខា


ឯកឧត្តម ទិត សុធា អ្នកនាំ​ពាក្យ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័សនៃទីស្តី​ការគណៈរដ្ឋមន្ត្រី បាន​ច្រាន​ចោល​ការសរសេរបំ​ភ្លើស​ការពិត និងគ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ របស់ Facebook Page Camnews ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥នេះ ដែល​បាន​លើក​ឡើងថា សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ប្រមាថ​មើល​ងាយ​អាយុជីវិត ឯក​ឧត្តម កឹម សុខា ដោយ​ចោទថា ចង់​ផ្តួល​រំលំរាជ​រដ្ឋាភិបាល CPP និង​ចោទ​ប្រកាន់​ថា មាន​ប្រពន្ធ​ច្រើន និង​បាន​ធ្វើនយោបាយ​បោក​ប្រាសលុយ​ខ្មែរនៅ​ក្រៅប្រទេស​ជាដើម។

ឯកឧត្តម ទិត សុធា បាន​គូស​បញ្ជាក់ថា អ្នកសរសេរ និង​ផ្សព្វផ្សាយព័ត៌​មាន​គប្បី ផ្សាយនូវព័ត៌មានពិត សរសេរនូវ​អ្វីដែល​ជាព្រឹត្តិការណ៍ដែលជា​បច្ចុប្បន្ន​ភាព​របស់​កម្ពុជា។ ផ្ទុយ​ពីនេះទៅវិញ ឯកឧត្តម ទិត សុធា កត់​សំគាល់​ឃើញ​ថា អ្នក​វិភាគ​ព័ត៌​មាន​មួយ​ចំនួន​ហាក់​បី​ដូចជាមិនមាន​គោល​ជំហរ​ច្បាស់លាស់ ហើយមិន​បានធ្វើ​ឲ្យត្រឹមត្រូវ​ទៅតាម​វិជ្ជាជីវៈ​របស់ខ្លួន​ដែលគួរតែធ្វើព័ត៌មាន​ឲ្យមាន​តម្លាភាព។

អ្នកវិភាគ​ខ្លះ​បានផ្អៀង និងកាន់​ជើង​ទៅ​លើគណបក្ស​មួយ​ចំនួន ដែល​ធ្វើឲ្យ​បាត់​បង់​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួននៅ​ក្នុងនាម​ជាអ្នកសារ​ព័ត៌មាន។ យ៉ាងណាមិញ​ការចុះផ្សាយរបស់​សារព័ត៌មាន Camnews ដែលគេបាន​ដឹងថា មាននិន្នាការ​គាំទ្របក្ស​ប្រឆាំង គឺ​បាន​បំផ្លើសនូវព័ត៌មាន ខុស​ពីការពិត ដោយ​បាន​មួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន គឺមាន​បំណងប្រមាថ​អាយុ​ជីវិត​ឯកឧត្តម កឹម សុខា ប៉ុន្តែបើយោង​ទៅលើ ប្រសាសន៍របស់ សម្តេចតេជោ ដែលបាន​ថ្លែង នៅ​ឯខេត្ត​ព្រះសីហនុ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ គឺ​សម្តេច​មិន​បានប្រមាថ​ដល់អាយុ​ជីវិត​របស់​ឯកឧត្តម កឹម សុខា ដូចការ​ចុះផ្សាយ​បំផ្លើសនោះទេ ផ្ទុយ​ទៅវិញគេបាន​មើល​ឃើញថា សម្តេចតេជោ គ្រាន់​តែជម្រុញឲ្យ​ឯកឧត្តម សម រង្ស៊ី ត្រូវ​តែពង្រឹង​ផ្ទៃ​ក្នុងបក្សរបស់ខ្លូន និង​បញ្ឈប់​នូវ​សកម្មភាព​ប៉ែង​ជើង។

ដោយឡែក​ចំពោះ វប្បធម៌​សន្ទនា ដែល​ប្រមុខ​ដឹក​នាំនៃគណបក្ស​ប្រជាជន និង​គណបក្សសង្គ្រោះជាតិ​កំពុង​តែ​អនុវត្តនេះ ត្រូវ​បាន​ឯកឧត្តម ទិត សុធា ពន្យល់ថា «សម្តេចតេជោ បានសំលឹងឃើញថា ស្រប​ពេលដែល​វប្បធម៌​សន្ទនា បាន​និងកំពុង​មានភាព​ល្អូកល្អឺន ក៏ប៉ុន្តែ​ភាគី​ម្ខាងទៀត នៅក្នុង​គណបក្ស​ប្រឆាំង សំដៅទៅលើ​ឯកឧត្តម កឹម សុខា គឺបាន បើក​យុទ្ធនាការទ្រង់ទ្រាយធំ ក្នុង​ការប្រើពាក្យ​សំដី ដោយ​ចោទប្រកាន់​នានា មក​លើថ្នាក់​ដឹក​នាំគណបក្ស​កាន់អំណាចថា ដឹក​នាំផ្តាច់​ការ និងកុម្មុយនីស ព្រម​ទាំង​ទំ​យើខ្លួនឯង​ថា បើសិនជាគណបក្សសង្គ្រោះជាតិជាប់ឆ្នោត គឺនឹង​មិន​មាន​ការសង​សឹក»

ឯកឧត្តម ទិត សុធា បញ្ជាក់ថា តាមរយៈទង្វើរ​ល្មើស​នឹង​វប្បធម៌​សន្ទនា ម្តង​ហើយ​ម្តង​ទៀតរបស់ ឯកឧត្តម កឹម សុខា នេះហើយ ដែល​ធ្វើឲ្យសម្តេច​តេជោ ប្រើ​ការព្រមាន​ដល់​ឯកឧត្តម កឹម សុខា ថា​ឲ្យបញ្ចប់​ទៅ មិន​អាច​យក​មនុស្ស​ពីរនាក់​ដើរ​តួក្នុង​ពេលតែមួយ មួយ​ដើរតួចរចារ ហើយ​មួយ​ដើរ​តួជេរ​បញ្ចោរ រឺប៉ែង​ជើង​នោះ​ទេ។ នេះគឺ​ជាការ​ខ្វះនូវតម្លាភាព​នៅ​ក្នុង​ភាព​ជា​ដៃគូរសន្ទនា​ក្នុង​ន័យនេះ មិន​មែន​បាន​ន័យ​ថាជា​ការប្រមាថ​ដល់​អាយុជីវិតរ​បស់ឯកឧត្តម កឹម សុខា ទេ។ នេះ​គ្រាន់តែ​ជាការ​ផ្ញើរ​សារព្រមាន​ឲ្យបុគ្គល​នោះដើរ​ទៅ​ត្រង់​ផ្លូវ​នៃគោល​ការណ៍សន្ទនា តែ Camnews បែរ​ជាចោទ​ថា​ជាការ​គំរាម នេះគឺជាការ​និយាយ​បំផ្លើស​របស់​អ្នកសរសេរនៅក្នុងCamnews

ឯកឧត្តម ទិត សុធា បន្ថែមថា ហើយ​ម៉្យាង​ទៀត​អ្វី​ដែល​ជាការ​ពិតនោះ Camnews គួរ​តែ​ទទួលស្គាល់ថា ឯកឧត្តម កឹម សុខា ពិត​ជាបាន​ប្រើពាក្យផ្តួល​រំលំ រាជរដ្ឋាភិបាល​ប្រាកដ​មែន យ៉ាងណាមិញ បើទោះជាមានវប្បធម៌​សន្ទនា​ហើយក្តី គឺនៅឯ​ខេត្តបាត់ដំបង ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ថា គណបក្ស​សង្គ្រោះជាតិ មិន​មែន​ជាគណបក្សរណប​គណបក្សប្រជាជនទេ គឺជាគណបក្ស​ដែល​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​ជ័យ​ជម្នៈ និង​ចង់​ផ្តួល​រំលំដាច់​ខាត​នូវ​ការដឹកនាំរបស់​គណបក្ស​ប្រជាជនប​ច្ចុប្បន្ន នេះជាចេតនា ដែលបង្ហាញ​ដោយ​អនុប្រធាន​គណបក្សសង្គ្រោះជាតិ។

ឯកឧត្តម ទិត សុធា សង្កត់​ធ្ងន់ថា នៅមាន​ការពិត​ជាច្រើន​ទៀត ដែល​រំលេច​ឲ្យឃើញ​ថា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​នឹង​កំពុង​ដើរផ្ទុយ​ពីវប្បធម៌​សន្ទនា និង​ប្រព្រឹត្ត​ខ្លួន​ប្រាសចាក​ពីក្រម​សីលធម៌​ជា​អ្នក​ដឹកនាំ។ ឯកឧត្តម បន្តថា ចំពោះរឿង​ដែល​ថា ឯកឧត្តម កឹម សុខា មានស្រីញី​ប្រពន្ធ​ចុងច្រើន, មាន​ផ្ទះ​សំបែង​ច្រើន រួម​ជាមួយ​នឹង​ការ​ប្រើប្រាស់​លុយ​ជំនួយ​ដែលបានមក​ពី​ក្រៅ​ប្រទេស​សំរាប់​ផល​ប្រយោជន៍​ផ្ទាល់ខ្លូននោះ ដែល​តាំង​ពីមិន​មានទ្រព្យសម្បត្តិច្រើន រហូត​ដល់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ឆាប់​រហ័ស​នេះ នេះ​គឺជា​ការ​ពិត។

ឯកឧត្តម ទិត សុធា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្វី​ដែល Camnews បាន​សរសេរ​ គឺ​បានបង្ហាញ​ថា Camnewsមិន​បានទទួល​ស្គាល់​ការពិត​ដែល​លោក កឹម សុខា បាន​ប្រព្រឹត្តកន្លង​មក និង​បាន​នឹង​កំពុងពាក់​ព័ន្ធ​នោះទេ ផ្ទុយទៅវិញគេហាក់​បីដូច​ជាធ្វើជាការបន្ទរ​សម្លេង​បន្ថែមទៀតគាំ​ទ្រទាំងងងឹត​ងងុល​លើ​អ្នក​នយោបាយ ដោយបង្វែរ​សភាពការណ៍ ងាកមក​ទម្លាក់កំហុស​លើរាជ​រដ្ឋាភិបាល តាមរយៈការ​ខ្ចីប្រាក់​ពីបណ្តាប្រទេស​មួយ​ចំនួន​ដើម្បី​អភិវឌ្ឍន៍ ដោយ​គេចោទ​ថា គឺជាលុយ​ដែល​បាន​មក​ដោយ​ការជំពាក់​គេ។ ឯកឧត្តម ទិត សុធា បញ្ជាក់ថា នៅលើ​ពិភពលោក ប្រទេស​មហាអំណាច​មួយចំនួន​ក៏ជាប់ជំពាក់​លុយ​ពីបណ្តា​ប្រទេសដ៏ទៃៗដែរ នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេស​របស់គេ ហើយ​នៅកម្ពុជា​យើង​នៅក្នុងដំណាក់​កាល​ដែល​ត្រូវការអភិវឌ្ឍន៍ ដូច្នេះ​ការខ្ចី​ជំនួយ​ពីបរទេសគឺ​ជារឿង​ចាំបាច់​ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ឲ្យមានការរីក​ចំរើន។

ឯកឧត្តម ទិត សុធា បានរំលឹក​ថា សម្តេច ហ៊ុន សែន ធ្លាប់បាន​ជម្រាបដល់សាធារណៈ​ជន​រួចហើយថា មិនមាន​ការចរចារណា​មួយ រវាង​សម្តេចតេជោ ជាមួយនិង​ឯកឧត្តម សម រង្ស៊ី ជាការបំផ្លាញជាតិ​នោះទេ។ ផ្ទុយទៅវិញ​មានគោលការណ៍​ពីរដែលបាន​កើត​ឡើង​អំពីវប្បធម៌​សន្ទនានេះ គឺទី១ ជំរុញឲ្យមាន​ការឯក​ភាពជាតិ ការផ្សះ​ផ្សារបង្រួប​បង្រួមជាតិ និងទី ២ រួបរួមគ្នា​ដើម្បីអភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការរីក​ចំរើន នេះ​គឺជាគោលការណ៍​ចម្បង​ពីរដែល​ប្រមុខ​ដឹកនាំគណបក្សប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​ជាយុទ្ធសាស្ត្រ​នៅក្នុង​វប្បធម៌​សន្ទនានេះ ក៏ប៉ុន្តែផ្ទុយទៅវិញ គេបាន​មើល​ឃើញថា ភាគី​ម្ខាងទៅ សំដៅ​ទៅលើគណបក្សប្រឆាំង គឺមិន​បាន​គោរពឲ្យត្រឹម​ត្រូវ​ទៅតាម​គោល​បំណង​ដ៏ពិសិដ្ឋនៅក្នុង​វប្បធម៌សន្ទនា​នេះទេ។ ឯកឧត្តម បន្តថា វាហាក់​បីដូច​ជាមាន​ក្រុម​មួយ បាន​ដើរ​ផ្ទុយពី​វប្បធម៌នេះ ដោយបង្កើន​ល្បឿន​នៃការ​ប្រឆាំងនៃវប្បធម៌​សន្ទនានេះ រួមជាមួយ​នឹងបំ​ផុស​ដល់យុវជនជ្រុលនិយម​មួយចំនួន តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដើម្បី​ឲ្យមានការស្អប់​ខ្ពើមនូវ​វប្បធម៌​នេះទៀត។ ដូច្នេះ​ការព្រមាន​របស់សម្តេចនាយករដ្ឋមន្ត្រីថា បើសិន​ជាមិន​មាន​ការពង្រឹង​ផ្ទៃក្នុង​របស់បក្ស​ប្រឆាំងនោះទេ វប្បធម៌សន្ទនា​នេះអាច​នឹង​ត្រូវ​បំផ្លាញចោល។ នេះ​គឺជាការដាស់អារម្មណ៍ដល់​បក្សប្រឆាំង គួរគប្បីគោរព​ឲ្យបាន​ត្រឹមត្រូវ ដោយភាពស្មោះ​សរនៅក្នុង​ដំណើរ​ការឆ្ពោះ​ទៅ​មុខ​នៃវ​ប្បធម៌សន្ទនា៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment