Tuesday, April 28, 2015

ទស្សនៈ ដោយ លី ចិន្តា​៖ លទ្ធិ​ប្រជា​ធិប​តេយ្យ​ត្រូវ​​ដើ​រ​ទន្ទឹម​នឹង​នី​តិ​រដ្ឋ​!

រាជ​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណែ​ទម្រង់​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និងបានខិតខំ​ប្រឹង​ប្រែង​ជាខ្លាំងនៅ​ក្នុង​ការ​​​ធ្វើ​​សេចក្តី​ព្រាង​​​ច្បាប់ ​​ស្តី​ពី​​​ សមាគម​ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ និង​​រំពឹង​ថានឹង​​អនុម័ត​ច្បាប់​នេះ​នៅ​ពេល​ខាង​មុខ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សង្គម​ស៊ី​វិល​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាចជា​​ខ្លាំងចំពោះ​​ច្បាប់​នេះ។​​
តាម​រយៈអត្ថ​បទមួយរបស់​​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានដាក់​ចំណង​ជើង​ថា​​ «​​​​តើ​​តម្លៃ​នៃ​សង្គម​ស៊ី​វិល​នៅ​ឯណា  ចេតនា​​បង្ហាញ​​​ថា​ ​បើ​ច្បាប់​ថ្មី​នេះ​អនុ​ម័ត​នៅ​ពេល​ណា​​ ច្បាស់​​បញ្ចប់នូវ​​រាល់​​ការ​ប្រព្រឹត្ត​​​​អាណា​ធិបតេយ្យ​របស់ក្រុម​គេ​ជាក់​ជា​មិន​ខាន​។ ​​នាយកប្រតិបត្តិរូប​នេះ បាន​បញ្ចេញ​ប្រតិកម្ម   តាម​រយៈប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​គ្មាន​វិជ្ជា​ជី​វៈ​មួយ​ ក្នុង​គោល​បំណង​​បំភ័ន្ត​សាធារណៈមតិឲ្យ​យល់​​ខុសទៅ​នឹង​ច្បាប់​នេះ​ថា សេចក្តី​ព្រាង​ច្បាប់​សមា​គម និង​អង្គការ​ក្រៅរដ្ឋាភិបាល គ្មាន​តម្លា​ភាព និង​មិន​​​​​ប្រកប​​ដោយ​អត្ថ​ន័យ​ពេញ​លេញ​ទៅ​តាម​តំរូវ​​​ការ​ចង់​បានរបស់​ប្រជា​ពល​រដ្ឋឡើយ​​។
​​​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​​នីតិ​រដ្ឋ​។​ ក្នុង​ន័យ​នេះ​​​​ រាជ​រដ្ឋាភិ​បាល​​ ​បានប្រកាស​ថា នឹង​​អនុម័ត​ច្បាប់​​​ស្តី​ពី​​​​សមាគម​ និង​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល យោង​សេចក្តី​​​សម្រេច​​ពី​បណ្តា​​អ្នក​​ពាក់​ព័ន្ធ​មួយ​ចំនួន ក្នុង​ចំណោមអង្គការ​ សមាគមប្រមាណ​ជាង​៣០០០ ភាគ​ច្រើន​លើសលុបគេបានគាំ​ទ្រ​ឲ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​នេះ ​ជាមួយ​នឹង​ការ​​ជម្រុញ​​សេចក្តី​ព្រាង​ច្បាប់​នេះ ឲ្យ​ឆាប់​​​អនុម័ត និង​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​ផ្តល់​នូ​វ​សារៈ​ប្រយោជន៍​​ជូន​សង្គម​ជាតិ​យ៉ាង​​ពិត​ប្រាកដ​​​​។
ក្រោយ​ពី​មាន​ការ​ឯក​ភាព​គ្នា​ហើយ ​​​ប្រមុខ​រាជរដ្ឋា​ភិបាល​នឹង​​​យកសេចក្តី​ព្រាង​ច្បាប់​នោះ ដាក់ជូន​​រដ្ឋ​សភា​ពិនិត្យ​ទៅ​តាម​​ដំណើរ​ការ​នៃ​ការ​តាក់​តែង​ច្បាប់​យោង។ យោង​​តាម​​មាត្រា ៩១ នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា សមា​ជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​នាយក​រដ្ឋ​មន្ត្រី​ តំណាង​រាស្រ្ត​ មាន​សិទ្ធិ​ផ្តួច​ផ្តើម​ធ្វើ​ច្បាប់បាន​។ ប៉ុន្តែ​ជា​និច្ច​កាល​​ សេចក្តី​ព្រាង​ច្បាប់​​ភាគ​ច្រើន​ គេបាន​មើល​ឃើញ​ថា សុទ្ធ​តែ​ជា​ការ​ផ្តួច​ផ្តើម​ដោយ​អង្គ​នីតិ​ប្រតិបត្តិ​។
បើ​ទោះ​ជា​បច្ចុប្បន្ន​​ ​កម្ពុជា​មាន​ច្បាប់​ប្រមាណ​ជាង​៤០០​ប្រកាស​ដោយ​រាជក្រម​រួច​ហើយ​ក៏​ដោយ​ ក៏​​រាជ​រដ្ឋាភិបាល​នៅ​បន្តកិច្ច​ខិត​ខំប្រឹង​ប្រែង​បន្ថែមទៀត ​នៅ​ក្នុង​ការពង្រឹង​នីតិរដ្ឋ​​ដោយ​ត្រូវការ​ច្បាប់​ថ្មីៗជា​ច្រើន​ ដែល​អាស្រ័យ​ទៅ​លើ​បរិបទ​សង្គម​ជាតិ​​។
យ៉ាង​ណាមិញ​សេចក្តី​ព្រាង​ស្តីពី​ សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ពិត​ជា​មានភាព ចាំ​បាច់​ ដោយ​សារ​តែ​រាជ​រដ្ឋាភិបាលបាន​មើល​ឃើញថា បច្ចុប្បន្ន សង្ស័យ​ថា មាន​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន បាន និងកំពុង​​​ធ្វើ​សកម្មភាព​​​យ៉ាង​អាណា​ធិប​តេយ្យ,​ ​១/ ការ​​លាង​លុយកខ្វក់,​ ​២/ ​​កំពុង​ជាប់​និន្នា​ការ​នយោបាយ​ប្រឆាំង​ ក្នុង​ការ​គៀ​ង​គរ​រក​​មូល​និធិ​ជំនួយ​​​ទាំង​នៅក្នុង​ និង​ក្រៅ​ប្រទេស​យក​មក​បំប៉ន​មហិច្ឆតា​អំណាច​​​ជាដើម​ និង​បាន​ធ្វើ​សកម្មភាព​ប្រាស់ចាកពី​ដែន​សមត្ថកិច្ចរបស់​ខ្លួន​។ ​ចំពោះ​អត្ថ​បទរបស់​អ្នក​ស្រី​​ចក់ សុភាព​ ដែល​​សរសេរ​​ថា «​​​​​តើ​តម្លៃ​សង្គម​ស៊ី​វិល​នៅ​ឯណា​គឺ​គ្រាន់​តែ​ចង់​បាន​​សិទ្ធិ​សេរី​​ដ៏​ហួស​ព្រំ​ដែន​ច្បាប់ ដែល​បាន​កំណត់​តែ​​ប៉ុណ្ណោះ​។ ​​
ផ្ទុយ​មក​វិញ​ ​ទស្សនៈរបស់​អង្គការ​សង្គម​ស៊ី​វិល​ទាំង​នោះ គឺ​ហាក់បីដូច​​​កំពុង​ប្រើ​ប្រាស់សិទ្ធិ​សេរី​ជ្រុល​ហួស​របស់​ខ្លួន​ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​​ ទៅ​រំលោភបំពាន​​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ក្នុង​ការ​បង្គាប់​បញ្ជា​ទៅ​លើ​អង្គ​នី​តិប្រតិ​បត្តិ​ និង​អង្គ​នី​តិបញ្ញត្តិ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាលតែម្តង​​ ឲ្យ​បញ្ឈប់​​ធ្វើ​សេច​ក្តី​ព្រាង​ច្បាប់​មួយ​នេះ សម្រាប់​គ្រប់​គ្រង​ការ​អនុវត្ត​របស់​ក្រុម​ពួ​ក​គេ​  និង​បាន​ព្រមានថា ​បើ​បន្តអនុម័តច្បាប់​នេះ​ ​ចាំ​បាច់​​ត្រូវ​យក​​​​តាម​​​ខ្លឹម​សារ​របស់​ក្រុម​ពួក​គេ ក្នុង​គោល​​ដៅអ្វី​មួយ​ដែល​គេដឹង​ថា អង្គការ​ទាំង​នោះ បាន​និង​កំ​ពុង​​​​ទាញ​រក​​​ផលប្រយោជន៍ផ្ទាល់​ខ្លួន​​​​​ ​ដូច​​ដែល​បាន​អនុវត្ត​​កន្លង​មក ដើម្បី​ដើម្បី​ផលប្រយោជន៍។
ធាតុពិត​ អង្គការ​សមាគម គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ មិន​ប្រទ្បូកចូល​នយោបាយ ​តែ​ធាតុពិត​​ពួក​គេកន្លង​មក​ធ្វើ​​នយោបាយ​យ៉ាង​ចាស់​ដៃ​​​​។ ​​បើ​តាំង​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ស្រប​ច្បាប់​  ​​​​គឺ​មិន​ត្រូវ​​ខ្លាច​រអា​ខ្លាំង​ពេក​ជាមួយ​សេចក្តី​ព្រាង​​​ច្បាប់​មួយ​នេះ​ ទាំង​ដែល​ដឹង​ថា​ច្បាប់​ គឺ​បង្កើត​ទ្បើង​ ដើ​ម្បី​​ធានា​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ក្នុង​កិច្ច​ការ​សាធារណៈ​ត្រូវ​ស្ថិត​នៅ​ក្នុង​​ព្រំដែន​កំ​ណត់​​ដោយ​ច្បាប់ជាកំហិត​
បើ​ទោះ​​​​បី​ជា​​អង្គ​ការ​សង្គម​ស៊ី​វិលជ្រុល​និយម​​មួយ​ចំនួន រារាំង​មិន​ចង់​​ឲ្យមាន​ការ​​អនុវត្ត​គោលការ​ណ៍​ពង្រឹង​នី​តិ​រដ្ឋយ៉ាង​ណា​ក្តី​ ក៏​រាជ​រដ្ឋាភិបាល​កាន់​តែ​មាន​ជំហរ​​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​គោលការណ៍​​ច្បាប់​រដ្ឋធម្មនុញ្ញដែល​ជា​ច្បាប់​កំ​ពូល​របស់ជាតិ ហើយ​សិទ្ធិ​សម្រេច​អនុម័ត​ច្បាប់​នេះ គឺ​ជា​អំ​ណាច​របស់សមាជិក​សភា​សំ​ឡេង​ភាគ​ច្រើន។​
ដូ​ច្នេះ​ សេច​ក្តី​ព្រាង​​ច្បាប់​​ស្តី​ពី​សមាគម និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ គឺ​មិន​មាន​ផល​ប៉ះពាល់ណាមួយ​ជះ​ឥទ្ធិពល​​ទៅ​លើ​សមត្ថកិច្ច សកម្មភាព​ការងារ​របស់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ​​​​ក្នុង​ការ​បំពេញ​មុខងារ និងការ​អនុវត្ត​តួនា​ទីរបស់​ពួក​គេ​ក្នុង​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ​រឹត​តែធានា​ការ​ពារ​​លក្ខន្តិកៈ​​របស់​​សង្គម​ស៊ី​វិល​​​ ​ដែល​ស្ថិត​នៅ​ក្នុង​​បរិយាកាស​ និង​ក្របខ័ណ្ឌ​ធ្វើ​ការងារ​ទំនាក់​ទំនង​ក្នុង​ចំណោម​តួ​អង្គ​សង្គម​ស៊ី​វិល​ រដ្ឋ​ វិស័យ​ឯកជន​​ និង​សាធារណៈ​ជនទូ​ទៅ​​​ឲ្យកាន់​តែ​​មាន​ប្រសិទ្ធិ​ភាពត្រឹម​ត្រូវ​​ស្រប​ច្បាប់​ ក្នុង​ឆន្ទៈ​បំរើ​ផល​ប្រយោជន៍​រួម​ជូន​សង្គម​ជាតិកម្ពុជា​។
ជាង​នេះ​ទៅ​ទៀត ការ​អនុម័តសេចក្តី​ព្រាង​​​ច្បាប់​ស្តី​ពី​ សមាគម និង​អង្គការក្រៅ​រដ្ឋាភិបាលឲ្យ​បាន​ទាន់​កាលពេល​វេលា​ គឺជា​សេចក្តី​ត្រូវ​ការ​ចង់​បាន​ពី​ប្រជា​ពល​រដ្ឋ​ ក្នុង​ការ​កាត់​បន្ថយនូវ​បណ្តា​​អង្គ​ការ​ស៊ីវិល​​ជ្រុល​និយម​មួយ​ចំនួន​ ដែល​ក្រុម​គេ​បាន​ចាត់​ទុក​​កម្ពុជាថា​​ជា​ស្ថាន​សួគ៌​​ងាយ​ស្រួល​ឆក់​យក​​ផល​​ប្រយោជន៍ ក្រុម បក្ខពួក​​ ការ​ប្រព្រឹត្ត​អំ​ពើ​ពុករលួយ និង​ភាព​អានា​ធិបតេយ្យ ។
ទោះ​យ៉ាង​ណា​ សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ការពារ​យ៉ាង​ពេញ​លេញនូវសិទ្ធិ​ម​នុស្ស​ ការ​គោរព​ច្បាប់ និង​ក៏​ជា​ការទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​វាស​នា​អនាគតប្រទេស​​ជាតិ ស្របតាម​គោល​បំ​ណង​របស់​ប្រជាពលរដ្ឋ​ ហើយ​ក៏​ជាជំ​ហាន​មួយ​ដ៏​ត្រឹម​ត្រូវ​​នៃ​បរិបទសង្គម​កម្ពុជា ស្មើមុខស្មើ​មាត់ ដូច​​បណ្តាប្រទេស​មួយចំ​​នួន​លើ​សកល​លោក​ ដែល​គេ​មាន​ច្បាប់ក្នុង​ដំ​ណើរការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ លើក​ស្ទួយ​នីតិរដ្ឋ ដោយឈរលើស្មារតី បុគ្គល​គ្រប់​រូប​ ត្រូវ​ស្មើ​ភាព​គ្នា​ចំ​ពោះ​មុខ​ច្បាប់៕
អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ច្បាប់
 ដោយ លី  ចិន្តា

No comments:

Post a Comment