Tuesday, April 28, 2015

ទស្សនវិភាគ​ដោយ៖​ ទេព​ អម្រឹត,​ វិទ្យុអាស៊ី​សេរី​ ដែល​ល្បី​ថាឯករាជ្យ​និងប្រជាធិបតេយ្យ​ពេញទំហឹង ​តែធាតុពិត​គឺផ្តាច់ការ​

នេះមិន​មែន​ជាលើក​ទី១​ទេ ដែល​វិទ្យុអាស៊ីសេរី រង​ការ​រិះគន់ ពី​សំណាក់​បុគ្គលិក​របស់​ខ្លួន ដែល​ត្រូវ​បាន​វិទ្យុ​នេះ​បញ្ឈប់​ពីការ​ងារ លាឈប់​ដោយ​ខ្លួនឯង និង​ដោយ​បញ្ចប់​កុងត្រា​នោះ។
កន្លងមក​បុគ្គលិក​វិទ្យុ​អាស៊ីសេរី មួយ​ចំនួន​ក៏​ធ្លាប់​ធ្វើ​ការ​តវ៉ា ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​វិទ្យុនេះគោរព​ច្បាប់​ការងារ និង​ផ្តល់​សំណង​តាម​ច្បាប់​មុន​បញ្ឈប់​ពួក​គេ​ពី​ការងារ ហើយបុគ្គលិក​វិទ្យុមួយនេះ ក៏ធ្លាប់​ធ្វើបាតុ​កម្មដុត​កង់​ឡាន នៅ​មុខ​វិទ្យុ​ថែម​ទៀត ដោយ​ពួក​គេ​លើក​ឡើង​ពី​ភាព​អយុត្តិធម៌ ដែល​អ្នក​គ្រប់​គ្រង​វិទ្យុ​នេះ​បាន​ប្រព្រឹត្ត​មក​លើ​ពួក​គេ។
វិទ្យុអាស៊ីសេរី តែង​តែអះ​អាងថា ខ្លួនឯក​រាជ្យ មិន​លំអៀង មាន​តម្លាភាព​ក្នុង​ការផ្សាយ ក៏ដូចជាដំណើរ​ការការងារ​របស់​ខ្លួន​នោះថ្មីៗ​នេះ ត្រូវ​បាន​បុគ្គលិក​ជើង​ចាស់​ម្នាក់ ធ្វើ​ការបកអាក្រាត ពីរ​បៀប​ដឹក​នាំ​បែប​ផ្តាច់​ការ របស់​ថ្នាក់​ដឹកនាំវិទ្យុ​មួយ​នេះ។
លោក អ៊ុំ សារិន ហៅ កែវ និមល ដែល​ជាបុគ្គលិក​ជើង​ចាស់ របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​បំរើការងារ​នៅវិទ្យុអាស៊ី​សេរីរយៈពេល១៨ឆ្នាំមកហើយ តាំង​ពីឆ្នាំ ១៩៩៧មក កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ បាន​ធ្វើការ​រិះគន់​ថា វិទ្យុ​នេះ​ជា​ស្ថាប័ន ដែល​ធ្វើការគាប​សង្កត់​បុគ្គលិក បង្ខំ​ឲ្យធ្វើ​ការហួសកម្លាំង បក្ខ​ពួកនិយម និង​ដឹក​នាំបែប​ផ្តាច់ការ។
លោក អ៊ុំ សារិន ដែល​អ្នក​ស្តាប់​ស្គាល់​ថា ជា លោក កែវ និមល បានសរសេរ​សារ​បង្ហោះនៅលើទំព័រ Facebook របស់ខ្លួន ដោយ​បាន​រៀប​រាប់​ថា ចាប់ពីថ្ងៃទី ២៥ ខែ​មេសា ឆ្នាំ២០១៥ តទៅ លោក​បាន​បញ្ចប់​កុង​ត្រាការងារ ជាមួយ​វិទ្យុអាស៊ីសេរី​ហើយ។
នៅក្នុង​សារសរសេរ​ជាភាសា​ខ្មែរ និង​អង់​គ្លេស​របស់​ខ្លួន លោក អ៊ុំ សារិន (កែវ និមល) បានសរសេ​ររៀបរាប់​ពីការ​លំបាក​ក្នុង​ដំណាក់​កាល ៦ឆ្នាំ​ចុង​ក្រោយ ដែល​លោក​ធ្វើការងារ​នៅក្នុង​វិទ្យុអាស៊ីសេរី ដោយ​លោកអះ​អាង​ថា ចាប់ពីឆ្នាំ ២០០៩ មកដល់ ២០១៥ គឺ​តាំង​ពី​ឈ្មោះ សម បូលី ហៅ ពៅ ពន្លក ឡើង​ធ្វើជា​នាយក និង​ឈ្មោះ ហួត វុទ្ធី ​ហៅ ​ជុន​ ចន្ទ័បុត្ត ឡើងកាន់អំណាច​ ជា​នាយករង​មក ពួក​គេរករឿង រុកគួន មិន​ឲ្យលោក មាន​សេចក្តី​សុខ​ទេ។ លោក បន្តថា ពួក​គេ​នោះ ធ្លាប់​រុកគួន ធ្វើបាប​មនុស្ស សហសេវិក វិទ្យុ​អាស៊ី​សេរី ជា​ច្រើន​នាក់​មុន​រូប​លោក  ដូច​ជា​នៅ​អាមេរិក​មាន​លោក​ ម៉ាយារិទ្ធ, មឿង ទុម, សម បូរិន, ហាស់ សាន, កឹម វណ្ណថា និងអ្នក​មួយ​ចំនួន​ទៀត។ លោក អ៊ុំ សារិន បន្តថា ចំណែក​ឯបុគ្គលិក​នៅស្រុក​ខ្មែរ មាន​ដូចជា គីមពៅ សុតន្ត, សុខ សេរី, ហ៊ុយ វណ្ណៈ, សៀង សុភ័ណ, ផាន សុផាត, ថៃ សុធា ជាដើម។ ថ្មីៗនេះ មានសហសេវិក មួយ​ចំនួន បានចាក​ចេញពី វិទ្យុ​អាស៊ីសេរី គឺ​ក្នុង​មួយ​ខែ​សោះ មានមនុស្ស ៥ នាក់ បាន​សម្រេច​ចិត្ត​ចាក​ចេញ មាន​ដូចជា ទេព សុរ៉ាវី, អាន ស៊ីថាវ, ម៉ុម សូផុន, ជា សុធាជាតិ, វណ្ណ វាចា, ជាដើម។ លោក អ៊ុំ សារិន បន្ថែមថា សំរាប់លោកវិញ គឺសុំបាយបាយ វិទ្យុអាស៊ីសេរី​ហើយ។
វិទ្យុអាស៊ីសេរី ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បានការ​គាំទ្រ យ៉ាងពេញ​ទំហឹងពី គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​និន្នាការ​ប្រឆាំង​និង​រាជរដ្ឋាភិបាល រហូត​ប្រជាពលរដ្ឋ​ខ្មែរមួយចំនួន​យល់​ថា វិទ្យុ​នេះ​ជាវិទ្យុ​របស់​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង ដោយ​ហេតុ​ថាវិទ្យុ​នេះតែង​តែបន្ទរ​ផ្សាយ​ព័ត៌មាន​ពីសកម្មភាព​ដ៏​រស់រវើករបស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លើកកម្កើងវាគ្មីន​ដែល​ចូល​ចិត្ត​វាយ​ប្រហារមក​លើរាជ​រដ្ឋាភិបាល។
ជា​ការពិត នរណាដ៏​បាន​ដឹង​ថា វិទ្យុ​អាស៊ី​សេរី​ជាសេនាធិការ​របស់បក្ស​ប្រឆាំង ដោយ​តែង​តែធ្វើការ​រិះគន់​មិន​ដាច់​ពីមាត់ ពី​សកម្មភាព​នានា​របស់​រាជរដ្ឋា​ភិបាល ហើយ​ជាពិសេស​គេកំរ​បានលឺវិទ្យុនេះ ផ្សាយ​ពី​សមិទ្ធ​ផលនានា​ដែលរាជរដ្ឋាភិបាល​សំរេច​បាន​ណាស់​។ផ្ទុយ​ទៅ​វិញ​ គេបានឃើញ​ថា​ពួក​គេ​ពួកែ​បំផុស​រឿង​តូច​តាច​ដុត​ឲ្យ​ទៅជាធំ និង​ធ្វើការ​ផ្សាយ​ដោយ​ពុំមាន​វិជ្ជាជិវៈឡើយ
វិទ្យុនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ពិសេស​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​តែង​តែប្រសិទ្ធិនាម​ថា​ជាវិទ្យុ​ឯក​រាជ្យ និង​មាន​តម្លាភាព​ក្នុង​ការផ្សាយ ប៉ុន្តែ​ការពិត​ផ្ទៃ​ក្នុង​នៃ​វិទ្យុនេះ គឺស្អុយរលួយ គ្មាន​សុច្ចរិតភាព និង​ជិះ​ជាន់​កម្លាំង​ពលកម្មបុគ្គលិក រហូត​បុគ្គលិក​របស់​ខ្លួនហ៊ាន​ពោល​ពាក្យថា បញ្ចប់​ការងារ​កន្លែង​ចាស់ មាន​អារម្មណ​ធូរស្រាល ដូចរួចចេញ​ពី សហករណ៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដូច​បក្សារួចចេញ​ពីទ្រុង​មាស.........អ្នក​ធ្លាប់​រស់នៅ​ជាមួយ​ខ្មែរក្រហម ក្នុង​របបប៉ុល​ពតបាន​ដឹងថា មាន​អារម្មណ បែប​នេះ វាសប្បាយយ៉ាង​ម៉េច សូម​បញ្ជាក់ថានេះជាពាក្យ​សំដីរបស់លោក អ៊ុំ សារិន ដែលបានបង្ហោះ​កាល​ពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៥។
គួរបញ្ជាក់​ថា មុន​ការ​បង្ហោះ​សារ​ទាក់ទង​នឹងការ​បញ្ចប់​កុងត្រារ​បស់​ខ្លួន ២ថ្ងៃ ជាមួយ​វិទ្យុ​អាស៊ីសេរី លោក អ៊ុំ សារិន ពោល​គឺនៅថ្ងៃទី ២៣ ខែមេសា បាន​បង្ហោះ​សារ​មួយហាក់​បី​ដូច​ជាមាន​ចេតនា​ចង់​និយាយ​អំពីភាព​ស្អុយ​គគ្រុក ​នៃស្ថាប័ន​វិទ្យុ​របស់​ខ្លួន ក៏​ដូច​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្លូន គ្រាន់​តែ​លោក​មិន​បាន​និយាយ​ចំៗតែ​ប៉ុណ្ណោះ។ សារ​របស់​លោក អ៊ុំ សារិន មុន​បញ្ចប់​កុង​ត្រា បានសរសេរថា មនុស្ស​ខ្លះ​និង​ក្រុម​មនុស្សខ្លះ មើល​ឃើញគេអាក្រក់ តែ​ខ្លួន​ឯងអាក្រក់ ​មើលមិនឃើញ មើល​ឃើញគេ​រំលោភ​សិទ្ធិមនុស្ស តែ​ខ្លួន​អែង​រំលោភ​សិទ្ធិមនុស្ស​មើល​មិន​ឃើញ មើល​ឃើញ​គេ​រំលោភ​ច្បាប់ តែ​ខ្លួន​អែង​រំលោភ​ច្បាប់​មើល​មិន​ឃើញ​ ......មើល​ឃើញ​ថៅកែជិះជាន់ធ្វើ​បាប​កម្មករ តែមេធ្វើបាប​ជិះ​ជាន់​ខ្លួន​មើល​មិន​ឃើញ ....... មើល​ឃើញ​គេពុករ​លួយ​តែខ្លួនអែង​ពុក​រលួយ​មើល​មិន​ឃើញ​។
ពិត​ណាស់​ថា ទីក​ន្លែង​ការងារ​របស់​មនុស្ស​ម្នាក់​ពិតជា​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ ក្នុង​ការអភិវឌ្ឍន៍​ខ្លួន​យើង ឲ្យ​មាន​ចំនេះ​ដឹង​បន្ថែម មាន​បទ​ពិសោធន៍ មាន​ភាព​ប៉ិន​ប្រសព្វ មាន​មុខមាត់ មាន​ការ​ទទួល​ស្គាល់ ពិសេស​កន្លែង​ការងារ​គឺជាកន្លែង​ដែល​ផ្តល់​ធនធាន សំរាប់ ចិញ្ចឹមជីវិត និង​ជាកន្លែងដែល​ពោរពេញ​ទៅ​ដោយអនុស្សាវរីយ៍ យ៉ាង​ច្រើន​មិន​អាច​បំភ្លេច បាន។ បុគ្គល​គ្រប់រូប តែង​តែមិន​ចង់​និយាយ​អំពី​គុណវិបត្តិ​របស់ស្ថាប័ន​ដែល​ខ្លួន​ធ្លាប់​បំរើ​ ការងារឡើយ ដោយ​យល់​ថាជា​ក្រមសីលធម៌​នៃ​ការងារ ប៉ុន្តែករណីខ្លះ ដែល​មាន​ការប្រមាថ ការរំលោភ ការបង្ខិតបង្ខំ ការ​មិន​ឲ្យ​តំលៃ ធ្វើ​ឲ្យ​ឈឺចាប់​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ហួស​និង​ទ្រាំទ្រ​បាន ដូច​ជាករណី​លោក អ៊ុំ សារិន អ្នក​សារព័ត៌​មាន​ជើង​ចាស់ វិទ្យុអាស៊ី​សេរី បាន​ជួប​ទើប​លោក​សំរេច​ចិត្តទម្លាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​វិទ្យុ​នេះ។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ មិន​យល់​ថាវិទ្យុ​អាស៊ីសេរី ជាវិទ្យុ​ឯករាជ្យ​ទេ ដោយ​សារ​តែវិទ្យុនេះ តែង​តែ​ធ្វើ​ការវាយ​ប្រហារ​គ្រប់​រូប​ភាព​ទៅលើ​រាជរដ្ឋាភិបាល និង​លើក​ឡើង​តែពីបញ្ហាខ្មៅ​ក្រខ្វក់របស់​សង្គមខ្មែរ រួច​បំ​បិទ​ចោល​នូវ​ភាព​ល្អ​ប្រសើរ និង​ការខិត​ខំ​ប្រឹង​ប្រែង​របស់ រាជរ​ដ្ឋាភិបាល។ ក្រៅពីនេះ​វិទ្យុ​នេះធ្លាប់​បាន​ផ្សាយព័ត៌​មាន​បំភ្លើស និងមាន​ចរិត​មួល​បញ្ហានយោបាយក្នុង​សង្គម​ខ្មែរ​ជាបន្តប​ន្ទាប់ ដើម្បី​ផ្គាប់​ចិត្ត​បក្ស​ប្រឆាំង​ និង​ដើម្បី​បង្ហាញ​សាច់​ដុំ ថា​ខ្លួន​ជាស្ថាប័នដែល​ខ្លាំង ហ៊ាន​ប្រឆាំង និង​រិះគន់​រាជរដ្ឋាភិ​បាល​ពេញ​ៗមាត់។ ហើយ​គេបាន​ដឹង​ថាសហរដ្ឋអាមេរិច​បាន​ផ្តល់​លុយរាប់​លាន​ដុល្លាក្នុង​មួយ​ ឆ្នាំដើម្បី​ឲ្រវិទ្យុ​មួយនេះធ្វើ​ការ​ក្នុង​បំណង​ពង្រឹក​លទ្ឋិប្រជាធិប​ តេយ្យនៅ​កម្ពុជា និង​ផ្សាយ​ព័ត៌​មាន​ពិត ដើម្បី​បំរើផល​ប្រយោជន៏​ខ្មែរ។ប៉ុន្តែ​អ្នកដឹក​នាំវិទ្យុ​បរទេស​មួយនេះបាន​ អនុវត្ត​ផ្ទុយ​ពីគោលការណ៍នេះ  ក្រោយ​ពី​មាន​ការលើក​ឡើងនិង​រិះគន់​ពីបុគ្គលិក ជើង​ចាស់​របស់​វិទ្យុ​នេះ យើង​ជឿជាក់​ថា និង​ធ្វើ​ឲ្យសាធារណៈ​ជន​ស្គាល់ពីវិទ្យុអាស៊ី​សេរីកាន់​តែ​ច្បាស់ ហើយ​គេ​រិតតែ​មិន​គាំ​ទ្រវិទ្យុនេះ​ទៀត ខណៈដែល​អ្នក​គ្រប់​គ្រងវិទ្យុ​នេះ មិន​មាន​ក្រម​សីលធម៌​ជា​អ្នក​ដឹក​នាំ៕

No comments:

Post a Comment