Tuesday, April 28, 2015

ជំនួយ​ឥត​សំណង​ចំនួន៧,៤​លាន​ដុល្លារ​ របស់​ ADB​ ត្រូវ​បាន​ផ្តល់​ដល់​កម្ពុ​ជា​ដើម្បី​បំរើការងារ​ប្រែប្រួល​អាកា​សធាតុ​

យោងតាម​សេចក្តី​ប្រកាសព័ត៌​មាន​របស់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឲ្យ​ដឹង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន៧,៤លាន ​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ភាពធន់​របស់​សហគមន៍​នៅក្នុង​ខេត្ដកោះ​កុង និង​មណ្ឌលគិរី ចំពោះ​ផល​ប៉ះ​ពាល់ដែល​បង្ក​ឡើង​ដោយ​សារការ​ប្រែប្រួល​អាកាស​ធាតុ។
ជំនួយ​ឥត​សំណង​ដែល​មាន​ទំហំទឹក​ប្រាក់ ៧,៤លាន​ដុល្លារ​នេះ គឺទទួល​បាន​ហិរញ្ញប្បទាន​ពីមូល​និធិយុទ្ធ​សាស្ដ្រ​អាកាសធាតុ នៃ​មូល​និធិ វិនិ​យោគ​អាកាស​ធាតុ ត្រូវ​បាន​ចុះ​ហត្ថ​លេខានៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព លោក Eric Sidgwick នាយក ADB ប្រចាំប្រទេស​កម្ពុជា និង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែលនេះ ឲ្យដឹងទៀត​ថា ជំនួយ​ឥត​សំណង​ក្នុង​ទឹក​ប្រាក់ ៧,៤ លានដុល្លារ​នេះ នឹង​បង្កើន​បរិមាណ​ទឹក​ដែល​មាន តាម​រយៈការ​សាងសង់​ស្រះស្តុក​ទឹក​ភ្លៀងទុក​ចំនួន ៤០ សម្រាប់​ច្បារ​ដំណាំតាម​ផ្ទះ និង​ការ​ប្រើប្រាស់​ដំណាំ​ស៊ាំ​នឹង​គ្រោះរាំង​ស្ងួត នៅក្នុង​ខេត្ដ​កោះកុង និង​មណ្ឌលគិរី ហើយជំនួយ​ឥត​សំណង​នេះ​ក៏​នឹង​ស្ដារ​ឡើង​វិញនូវ​ប្រព័ន្ធស្រោច​ស្រពលើ​ផ្ទៃដី ២៥០ ហិចតា និង​ផ្ដល់ការ​គាំ​ទ្រដល់​ការ​អនុវត្ដ​ប្រព័ន្ធ​ប្រពល​វប្បកម្ម​ស្រូវ ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ចំនួន​ ១០០០ គ្រួសារ។
សេចក្តី​ប្រកាស​ព័ត៌​មាន​នេះក៏បាន​បញ្ជាក់ថា ការផ្ដល់​មូល​និធិនេះ​នឹង​ជួយ​ការពារ​ដី​កសិកម្ម ៧៥០ ហិចតា ពីការ​ជ្រាប​ចូល​នៃទឹក​ប្រៃ តាម​រយៈការសាងសង់ជាទំនប់ទប់​ទឹក​សមុទ្រ និងការ​ផ្ដល់​ដំណាំ​ធន់នឹង​ជាតិអំបិល ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៤០០ គ្រួសារ នៅ​ក្នុង​ខេត្ដ​កោះកុង​។ នៅក្នុង​ខេត្ដមណ្ឌល​គិរី គម្រោង​នេះនឹង​ធ្វើ​ពិពិធកម្ម​ប្រភពចំណូល ដល់​ប្រជាពលរដ្ឋ​ចំនួន ៩០០ គ្រួសារ នៅ​ក្នុងករណី​ដែល​ដំណាំ​របស់​ពួក​គេ​មិន​បាន​ផ្ដល់​ផល តាម​រយៈការ​ស្ដារ និងអភិរក្ស​ដី​ព្រៃទំហំ ៩០០០ ហិចតា។ សេចក្តី​ប្រកាស​បន្តថា មេរៀន​ដែល​ទទួល​បាន​ពីការអន្ដរាគមន៍​ទាំងនេះ នឹង​ចងក្រង​ទុក​ជា​ឯកសារ ដើម្បី​ផ្ដល់​ការ​គាំទ្រដល់​អនុសាសន៍​គោលនយោបាយ​ស្ដីពីភាព​ធន់​ទៅនឹង អាកាស​ធាតុ នៅក្នុង​ប្រទេស​កម្ពុជា ។
សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ បាន​ដក​ស្រង់​របាយការណ៍​ហានិភ័យ​ពិភព​លោក ឆ្នាំ២០១២ ដែលបានបញ្ជាក់​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥ ដែល​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ ក្នុង​ការ​ទទួលរង​ផលប៉ះ​ពាល់​ដោយ​សារការ ប្រែប្រួលអាកាសធាតុ និង​មាន​សមត្ថភាព​ទាប ក្នុង​ការបន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ ។
របាយការណ៍​ដដែល​បន្តថា នៅក្នុង​ខេត្ដ​កោះកុង និង​មណ្ឌលគិរី ការ​កើន​ឡើង​នូវសីតុណ្ហភាព និង​ហានិភ័យ​ខ្ពស់​នៃទឹក​ជំនន់ និង​គ្រោះរាំង​ស្ងួត ដែល​គេ​រំពឹង​ថានឹង​កើត​មាន​ឡើង​ បង្កការគំរាម​កំហែង​ដល់​សន្ដិសុខ​ស្បៀង និង​របរកសិកម្ម ដែល​ជារបរចិញ្ចឹម​ជីវិត​របស់​សហគមន៍មូល​ដ្ឋាន៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment