Tuesday, March 03, 2015

សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាន នឹងរក្សាសន្ទុះកើនឡើងក្នុងឆ្នាំ២០១៥នេះ

នៅក្នុង​សេចក្តី​ថ្លែងការណ៍​សារព័ត៌​មាន​រួម​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​លើក​ទី២១​ បាន​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ មានភាព​ជឿជាក់​ថា​ បណ្តាសេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់​នឹងរក្សា​នូវសន្ទុះ​កើនឡើង​នៅ​ឆ្នាំ២០១៥​នេះ​ បើទោះបី​ប្រឈម​ទៅនឹង​សេដ្ឋកិច្ច​ និង​ភូគព្ភ​នយោបាយ​ពិភព​លោក​ក៏ដោយ​។
ជាទស្សន​វិស័យ​សេដ្ឋកិច្ច​អាស៊ាន​ បាន​រំពឹង​ថា ​សេដ្ឋកិច្ច​អាស៊ាន​ នឹង​កើន​ឡើង​នៅឆ្នាំ២០១៥​ ដល់​ ៥,១%​ លើស​ពីការព្យា​ករណ៍​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ​៣,៥%​។ ការ​រំពឹង​ទុកនេះ ​គឺយោង​លើ​តម្រូវ​ការកាន់​តែខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ ដែល​រុញច្រាន​ដោយការ​ងើប​ឡើង​វិញ​នៃសេដ្ឋ​កិច្ច​អាមេរិក​ យ៉ាងមាំ​មួន​ និង​ការដាក់​ចេញ​នូវ​វិធានការ​ជំនួយ​គោល​នយោបាយ​ជា​ច្រើន​ នៅក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ និង​ប្រទេស​ជប៉ុន​។​​ ជាមួយ​គ្នានេះ ​តម្រូវការ​ក្នុង​ស្រុក​របស់​តំបន់ ​នឹង​ទទួល​នូវការ​ជំរុញ​មួយ​បន្ថែម​ទៀត​ពីការធ្លាក់​ចុះ​នូវ​តំលៃ​ប្រេង​ឥន្ធនៈ​ ជាមួយ​និងកម្លាំង​ទិញ​របស់​អតិថិជន​កាន់​តែខ្លាំង​ ការ​ចំណាយ​លើ​ធាតុ​ផ្សំ​របស់​អ្នក​ផលិត​កាន់​តែទាប​ និង​គម្លាត​សារពើពន្ធ​កាន់​តែធំ។
គួរ​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី២១នេះ ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ​ពីថ្ងៃ​ទី២៨ ​ខែកុម្ភៈ​ ដល់​ថ្ងៃទី១ ​ខែមីនា​ ឆ្នាំ២០១៥ ​ដោយដឹក​នាំ​ដោយឯកឧត្តម​ Dato Sri Mustapa Mohamed ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ និង​ឧស្សា​ហកម្ម​អន្តរ​ជាតិរបស់​ប្រទេស​ម៉ាឡេស៊ី​​ ដែលជា​ប្រធាន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥។

អត្ថបទ៖ ច័ន្ទ ទេវី




No comments:

Post a Comment