Monday, February 23, 2015

សម្តេចតេជោ៖ ខ្ញុំមិនបានលូកដៃក្នុងកិច្ចការតុលាការទេ

សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​បញ្ជាក់​ថា ​សំណុំ​រឿង​ឪពុក​-ម្តាយ​ របស់​លោក​ឧកញ៉ា​ ថោង​ សារ៉ាត់​ សម្តេច​មិនបាន​រំលោភ​អំណាច​តុលាការ​នោះ​ឡើយ​ ហើយ​សម្តេច​ស្នើឲ្យ​  អ្នករិះគន់​សម្តេច​ទៅ​ពិនិត្យ​ឡើង​វិញ​ ពី​ទំនាក់​ទំនង​អំណាច​នីតិ​បញ្ញត្តិ​ នីតិ​ប្រតិបត្តិ​ និង​តុលាការ​។ ​ការលើក​ឡើង​យ៉ាង​ដូច្នេះ​របស់​សម្តេច​តេជោ ​ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​ នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ នៅ​ព្រឹក​ថ្ងៃទី ​២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៥​នេះ។
បន្ទាប់​ពីសម្តេច​តេជោ​ បានមាន​ប្រសាសន៍​ជុំវិញ​ករណី​ ការអនុវត្ត​ច្បាប់របស់​តុលាការ​ក្រុងភ្នំពេញ​លើ​សំណុំរឿង​ឃាតកម្ម​លើ​ ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ ​កាល​ពីថ្ងៃទី ​១៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៥​កន្លង​ទៅ​ មាន​ការរិះ​គន់​មួយ​ចំនួនទៅ​លើ​សម្តេច​ថា បាន​បំពាន​លើអំណាច​តុលាការ​ក្នុង​រឿងដោះ​លែង​ឱពុក​-ម្តាយ​ ឧកញ៉ា​ ថោង​ សារ៉ាត់​ ដែល​នាំ​ឲ្យមាន​ការ​ដកតំណែង​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។
ថ្មីៗនេះ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​បានសម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការដក​ តំណែង​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក អាំង មាលតី បន្ទាប់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឧត្តម​ក្រុម​ប្រឹក្សា ​នៃ​អង្គ​ចៅក្រម​ស៊ើបអង្កេត​សំណុំរឿង​ដោះលែង​ឪពុក​-ម្តាយ​ ឧកញ៉ា​ ថោង​ សារ៉ាត់ ​ឡើង​វិញ​ជា​បន្ទាន់។​ ​
សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន​ មាន​ប្រសាសន៍ថា​អ្នក​ខ្លះ​ថា​សម្តេច​ល្អ តែ​អ្នក​ខ្លះ​ថា សម្តេចកំពុង​តែ​បំពាន​អំណាចតុលាការ​។ សម្តេច​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់នេះ ដោយ​ស្នើ​ឲ្យ​​ពិនិត្យ​ទំនាក់ទំនងរវាង​អំណាច​ទាំងបី ដោយសម្តេចបាន​បញ្ជាក់​ថា​​អំណាច​ទាំង​បី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា មិន​អាច​ដាច់​ពីគ្នា​បានទេ។
សម្តេច នាយក​រដ្ឋមន្រ្តី​​ឲ្យ​ដឹង​ទៀត​ថា ​​វាជា​រឿង​ប្រសើរមួយ​ ​ដែល​​ចាប់សេះ​មក​វិញ ក្រោយ​ពេល​សេះ​រួច​ចេញ​ពីក្រោល។ សម្តេច​បាន​រិះគន់​​សង្គម​ស៊ីវិល និង​អំពាវនាវ​​កុំឲ្យ​​តាំង​ខ្លួន​«អង្គុយ​លើ​ក្បាល​រាជដ្ឋាភិបាល»។ សម្តេច​បន្ត​ថា​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​តែតាំងខ្លួន​ខ្ពស់​ជាង​អំណាច​​​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ។​ សម្តេច​បានចាត់​ទុកថា​ ការលើក​ឡើង​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ គឺជា​ការ​ប្រើ​អំណា​ច​ហួស​ហេតុ​លើ​រាជដ្ឋាភិបាល ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គ​តុលាការ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:

Post a Comment