Monday, February 23, 2015

លោក ALEJANDRO ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃនេះ

នៅ​រសៀល​ថ្ងៃទី​ ២៣​ ខែកុម្ភៈ ​ឆ្នាំ២០១៥​នេះ ​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​បាន​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ដោយ​ចាប់​ឃាត់​ខ្លួន​ លោក​ ALEJANDRO ​ ដែល​ទិដ្ឋាការ​របស់​គាត់​ហួសសុពលភាព​នៅថ្ងៃ ​ទី២០​ ខែកុម្ភៈ ​ឆ្នាំ២០១៥​។ ​ លោក​ ALEJANDRO ​ គឺជា​សកម្ម​ជន​ ការពារ​ព្រៃឈើ​នៅ​តំបន់​ជាយ​អារ៉ែង​ ដែល​ក្រុម​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​របស់ លោក​ ALEJANDRO  ដែល​គេ​បង្កើត​ឡើង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ ​បានចាត់​ទុក​ លោក ​ថាជា​វីរៈជន​ការពារ​ព្រៃ​ឈើ​ដ៏សកម្ម​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បែរ​ផ្សារ​រាត្រី​ និង​បាន​បញ្ជូន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ។

ពេល​នេះ​គឺសកម្មជន​រួមទាំង​អង្គការ​ក្រៅរដ្ឋា​ភិបាល ​អង្គការ​សិទ្ធិ​មនុស្ស ​ក្រុមអ្នក​រត់ម៉ូតូ​ឌុប​ ហើយ​និង​អ្នករត់​ទុកៗ​ កំពុង​តែ​ប្រមូល​គ្នា ​ដើម្បី​ទៅទាមទារ​ការពារ​ លោក ​ALEJANDRO  ហើយ​បាន​សុំឲ្យ​រាជ​រដ្ឋាភិបាល​ដោះ​លែង​ លោក​ ALEJANDRO  ត្រឡប់​មក​វិញ​ ហើយ​សុំរាជ​រដ្ឋាភិ​បាល​ផ្តល់​ទិដ្ឋាការ​ទៅ​ដល់​ លោក​ ALEJANDRO  ដើម្បី​បាន​បន្ត​ការពារ​តំបន់​អារ៉ែង​នៅ​ខេត្ត​កោះកុង​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។

យោង​តាម​លិខិត​របស់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​នៃ​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី ​២០​ ខែកុម្ភៈ​ ឆ្នាំ២០១៥​ បាន​ជម្រាប​ទៅ​លោក ​ALEJANDRO ​ថា ​សុពល​ភាព​នៃ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​របស់​លោក​លេខ​ EI00850241 ​ដែល​មាន​សុពលភាព ​ចាប់​ពីថ្ងៃ​ទី១២​ ខែ​សីហា ​ឆ្នាំ២០១៤​ ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី២០​ ខែកុម្ភៈ ​ឆ្នាំ២០១៥​នេះ ​ហើយ​សមត្ថកិច្ច​កម្ពុជា​មិន​បាន​ពន្យារ​ការ​ស្នាក់​នៅ​របស់​លោក​បន្ត​ទៀត​ឡើយ។

គួរ​បញ្ជាក់​ថា ​លោក​ ALEJANDRO ​ ជា​អនុ​ប្រធាន​អង្គការ​ បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​លក្ខន្តិកៈ​របស់​អង្គ​ការ​មាតា​ធម្មជាតិ​ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ​ដោយ​បាន​ធ្វើ​សកម្មភាព​រារាំង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​សាធារណៈ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​ តាម​រយៈ​ការ​ញុះញង់​ប្រជាជន​ឲ្យ​ចូលរួម​បិទ​ផ្លូវ​សាធារណៈ ​មិន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ឃុំថ្ម​ដូន​ពៅ ​ឃុំ​ប្រឡាយ ​និង​ឃុំជំនាប់​ ក្នុង​ស្រុក​ថ្មបាំង​។ សកម្មភាព​ល្មើស​នេះ ​ត្រូវ​បាន​លោក​ ALEJANDRO  ទទួល​សារភាព​តាមរយៈ ​លិខិត​សុំអភ័យ​ទោស​សរសេរ​ផ្ទាល់ដៃ​ជា​ភាសាខ្មែរ​ ចុះថ្ងៃទី​ ១៥​ ខែកញ្ញា ​ឆ្នាំ២០១៤​។ ​អាស្រ័យ​ហេតុ​នេះ ​ក្រសួង​មហាផ្ទៃ ​តម្រូវ​ឲ្យ​លោក​ ALEJANDRO ​ ចាក​ចេញ​ពី​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ក្រសួង​មហាផ្ទៃ​ពុំ​មាន​គោល​ការណ៍​ហាមឃាត់​លោក​ ALEJANDRO ​ ក្នុងការ​ចូល​មក​ព្រះរាជា​ណាចក្រ​កម្ពុជា​វិញ​នោះទេ ​ប្រសិន​បើ​គាត់​បាន​បំពេញ​បែបបទ​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​ដូច​ជនអន្តោ​ប្រវេសន៍​ដ៏ទៃ​ទៀត​ ស្រប​តាម​គោលការណ៍​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

កាលពីព្រឹកមិញនេះដែរ ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង នៅថ្ងៃទី ​២៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ បានថ្លែងថា «មិន​ថា​ជន​បរទេស​បំពាន​ទេ ជនជាតិខ្មែរ​បំពាន​ក៏ត្រូវ​តែ​មាន​ទោសដែរ។  អំណាច​រដ្ឋ ម្យ៉ាងទៀត​ ប៉ុន្តែ​សង្ឃឹម​ថា​រឿងអស់ទាំងនេះ ត្រឹម​តែ​រដ្ឋមន្រ្តី​មហា​ផ្ទៃ ​ដោះស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះ​មហាក្សត្រ​ណោះ​»
សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​ជា​​រដ្ឋអធិប​តេយ្យ​មួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស ហើយសម្តេចបន្តថា​ករណីនេះ កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា​«​ គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល»
សម្តេច​តេជោ​ ហ៊ុន ​សែន​ បាន​ស្នើឲ្យ​ លោក ​អាឡិច​ ចេញពី​ប្រទេស ​មួយ​រយៈ​ពេល​សិនទៅ​ ហើយ​កុំនៅ​បង្ក​ បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​ទៀត។​ សម្តេច​នាយក​រដ្ឋមន្រ្តី​បន្តថា​ ក្នុងករណី​អាឡិច​នេះ​ ទុក​ឲ្យក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់ការ ​កុំថា​ឡើយ ​ជន​បរទេស​សូម្បី​តែខ្មែរ​ ក៏ត្រូវ​មាន​ទោស​ដែរ​ ហេតុ​នេះ​ហើយ​សូម​ឲ្យ​អង្គការ​ មួយ​ចំនួន​ក៏ដូចជា​អ្នក​នយោបាយ​ កុំ​ធ្វើការ​អធិប្បាយ​ហួស​ហេតុ​ពេក៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment