Monday, February 23, 2015

សម្តេចតេជោ ស្នើឲ្យមានការពិនិត្យការងារថែមម៉ោងរបស់កម្មករតាមរោងចក្រ

នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្តេចបានបញ្ជា​ឲ្យ​រដ្ឋមន្រ្តីក្រសួង​ការងារ និង​ក្រុម​ប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ពិនិត្យ​មើល​ការ​ធ្វើ​ការ​ថែម​ម៉ោងរបស់​កម្មការិនី​នៅ​តាម​រោងចក្រនានា​ ដើម្បី​ធានា​ថាការងារ​ថែម​ម៉ោង​ ត្រូវ​បាន​​គោរព​តាមច្បាប់ និង​មិន​ប៉ះពាល់​ដល់សុខភាព​របស់​កម្មករ។​
ក្នុងពិធីចែក​សញ្ញា​បត្រដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រងនៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​​ថា ការដែលសម្តេច​ផ្តល់​អនុសាសន៍​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ កម្ពុជាដើម្បីស្រ្តី និង​ក្រសួង​ការងារ ឲ្យ​ពិនិត្យ​ការងារ​ថែម​ម៉ោង​នេះ ដោយសារសម្តេច​សង្កេត​ឃើញ​ថា​កម្មករ​ចូល​ចិត្ត​ធ្វើ​ការងារ​ថែម​ម៉ោង ហើយ​ការងារ​ថែម​ម៉ោង​នេះ​មិនគោរព​ទៅ​តាម​ច្បាប់​ការងារ និង​កំពុង​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ។ សម្តេច​បន្ត​ថា​តាម​ច្បាប់​ការងារ​ ការងារ​ថែម​ម៉ោង​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល២​ម៉ោង​តែ​ប៉ុណ្ណោះ តែ​កម្មករ​ខ្លះ​ធ្វើ​ទៅ​ដល់​៤​ម៉ោង។ លោក​បន្ត​ថា​ភាគី​រោងចក្រ​ត្រូវ​ការ​កម្មករ​ធ្វើ​ការ​ងារ​ថែម​ម៉ោង ស្រប​ពេ​ល​ដែល​កម្មករ​ចង់​ធ្វើ​ការងារ​ថែម​ម៉ោង ដើម្បី​រក​លុយ​បន្ថែម​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​១២៨​ដុល្លារ។​​
លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា«នៅពេលប្រជុំ​ក្រុម​ ប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តី ខ្ញុំ​ករុណាខ្ញុំក៏​ឲ្យ​អនុសាសន៍​ទៅ​ក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ ដើម្បី​ស្រ្តី ហើយ​ក្រសួង​ការងារ ឲ្យ​ធ្វើ​ការ​បញ្ចុះបញ្ចូល​ទាំងកម្មករ ​កម្មការិនី និង​ទាំង​ថៅកែ​រោងចក្រ ឲ្យ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​ធ្វើ​ការ​ថែម​ម៉ោង»
សម្តេច​នាយករដ្ឋមន្រ្តី​បន្ត​អំពាវ​នាវ​ឲ្យ​កម្មការិនី​គិត​គូ​ពី​បញ្ហា​ ធ្វើ​ការ​ថែម​ម៉ោង​នេះ និង​តែ​ត្រូវ​យល់​ដឹងពី​ផល​លំបាកលើ​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ សម្តេចក៏បាន​ស្នើ​ឲ្យ​ភាគីពាក់​ព័ន្ធ​ទាំងអស់​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំងនេះផងដែរ​។​
គួរបញ្ជាក់​ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដើម្បី​ជំរុញ​ឲ្យកម្មករ​កម្មការិនី​កម្ពុជា​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ​តាម​រយៈ​ការ​តំឡើង​ប្រាក់​បៀរវត្ស ​សមរម្យ ​ប្រចាំឆ្នាំ ​ការគិតគូរ​ពីការ​ចំណាយ​ប្រចាំថ្ងៃ ​ដូចជា​ទៅលើ​ថ្លៃអគ្គិ​សនី​ ថ្លៃទឹក​ និងថ្លៃ​ផ្ទះជួល​ ក៏ដូច​ជាការ​គិតគូរ​ផង​ដែរ​ពីបញ្ហា​សុខភាព​របស់​កម្មករ៕

អត្ថបទ៖ ច័ន្ទ ទេវី


No comments:

Post a Comment