Friday, February 27, 2015

ប្រមុខ​ដឹកនាំ​ក​ម្ពុជា​ឡាវ​សម្តែង​សុទិដ្ឋិ​និយម​ចំពោះ​ការរីក​ចំរើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានរដ្ឋ​នៃសាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ នៅ​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​នាវិមាន​សន្តិសភាព នា​ល្ងាច​ថ្ងៃ​ពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​សម្តែង​គំនិត​សុទិដ្ឋិនិយមរបស់ខ្លួនចំពោះទំនាក់ទំនង ទ្វេភាគីរវាងប្រទេស​ទាំង​ពីរ​កាន់​តែត្រូវ​បានពង្រឹង និង​ពង្រីក ដោយឈរ​លើមូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យដឹង​ថា ឯកឧត្តម​ជុំម៉ាលី សៃយ៉ាសន បាន​ថ្លែង​អំណរគុណ ជូន​ចំពោះ​ថ្នាក់​ដឹកនាំ និង​ប្រជា​ជន​កម្ពុជា ដែល​បាន​ធ្វើបដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅ​បំផុត ចំពោះ​ដំណើរ​ទស្សន​កិច្ច​ទាំង​លក្ខណៈ​ផ្លូវ​រដ្ឋ និង​ផ្លូវ​បក្ស​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​នេះ។
ឯកឧត្តម​ប្រធានរដ្ឋឡាវ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា ឯកឧត្តម បាន​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០០៧ ហើយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​ប្រទេស​កម្ពុជា នៅ​ពេល​នេះ ឯកឧត្តម​បាន​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ការរីក​ចំរើន​យ៉ាង​ខ្លាំង​តាម​រយៈ​នេះ ឯកឧត្តម​សូម​សំដែង​នូវ​ការកោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ពិសេស​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹក​នាំ និង​កសាង​ប្រទេស​កម្ពុជា​មាន​ការរីក​ចំរើន​យ៉ាង​ឆាប់រហ័ស​បំផុត ក្នុងរយៈ​ពេល​ដ៏ខ្លី​មក​នេះ។
ឯកឧត្តម អ៊ាងសុផ្លែត បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា “ឯកឧត្តម​ប្រធានរដ្ឋឡាវ​ក៏បាន​សំដែង​នូវ​ការ​ចូលរួម​អបអរសាទរ​ផងដែរ ចំពោះ​លទ្ធផល ដែល​មហាសន្និបាត​វិសាមញ​តំណាង ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ចប់​ទៅ​កាល​ពីពេល​កន្លង​ទៅថ្មី​ៗ​នេះ​សម្រេច​បាន”។
សូម​បញ្ជាក់ថា ឯកឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និង​លោកជំទាវ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ២ថ្ងៃ តប​តាម​ការយាង​អញ្ជើញ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ បន្ទាប់​ពីបាន​មកដល់​កម្ពុជា​នាព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន បាន​ចូល​បង្គំគាល់​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​ក្នុង​ព្រះបរមរាជវាំង និង​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ។ ឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និង​ប្រតិភូ​អម​ដំណើរ ក៏បាន​អញ្ជើញ​ទៅ​ដាក​កម្រងផ្កា​គោរព​ព្រះវិញាណខ័ន្ធ​សម្តេ​ច​ព្រះ​បរម​រតន​កោដិ ព្រះនរោត្តម សីហនុ និង​វិញាណខ័ន្ធ​វិរបុរស​យុទ្ធជនខ្មែរ​នៅវិមាន​ឯករាជ្យ​ផង​ដែរ៕





No comments:

Post a Comment