Friday, December 05, 2014

កិច្ចប្រជុំពេញអង្គលើកទី២១ របស់គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរម្មនីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ( ICCអង្គរ )



គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ ការអភិវឌ្ឍនិងអភិរក្សនៅតំបន់រម្មណីយដ្ឋាន អង្គរដែលហៅកាត់ថា ICC អង្គរ នៅព្រឹកថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៤ នេះ បានប្រារព្ធពិធីបើកសម័យប្រជុំ ពេញអង្គលើកទី២១ របស់ខ្លួន នៅសាលសន្និ​សីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានរបស់សហ​​​​ប្រធាន ICC  ភាគីបារាំង ឯកឧត្តម Jean Claude Poimboeuf ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភាគីជប៉ុន ឯកឧត្តម Yuji KUMAMARU ឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីប្រតិ​​​ភូ​រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួល​បន្ទុកទីស្ដីកាគណៈរដ្ឋមន្រ្ដី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមពីសមាជិកមកពីបណ្ដា​​ប្រទេសផ្សេងៗជាច្រើនទៀតផងដែរ។ នៅ​​ក្នុងកិច្ចប្រជុំពេញអង្គរលើក​ទី​២១នេះ អង្គរប្រជុំពិភាក្សា និងត្រួតពិនិត្យលើរបាយការណ៍សកម្មភាពនានា ដែលអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងរបាយការណ៍របស់លេខាធិការដ្ឋាន ICC ក្រៅពីនោះ អង្កប្រជុំក៍បានលើកឡើង អំពីរបកគំហើញ និងការអភិវឌ្ឍថ្មីៗ ដូចជាការអភិរក្ស ការជួសជុលប្រាង្គប្រាសាទ ការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់រម្មណីយដ្ឋាន​​អង្គរ ដោយផ្តោតទៅនឹងប្រធាន​​បទ  ពិភាក្សារួមមាន ការអនុវត្តផែការគ្រប់គ្រងទេសចរអង្គរ និងការបំពុលបរិស្ថាននៅក្នុងឧទ្យានអង្គរ និងដាក់ចេញនូវអនុសាសន៍ជាផ្លូវការសម្រាប់គម្រោង អភិរក្សនិងអភិវឌ្ឍ។

នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានសម្ដែងការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះ​​កិច្ចប្រជុំ​ដ៏​មានសារៈសំខាន់នាពេលនេះ ព្រមទាំងបានលើកឡើងអំពីកិច្ច ខំប្រឹងប្រែងរបស់ ព្រះករុណាព្រះ​បាទសម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលតែងតែបានចូលរួមលើកទឹកចិត្តរាល់សកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីអភិរក្ស និងការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក ដោយទទួលបានជោគជ័យជាង៣ទស្សវត្សកន្លមកនេះ បានបង្ហាញឲ្យឃើញពីការចូលរួមប្រកប ដោយមិត្តភាព ពីបណ្ដាប្រទេសជាដៃគូ ក្នុងការផ្ដល់ក្រុមអ្នកជំនាញបច្ចេកទេស និងថវិកា ដោយបាន សហការ យ៉ាង​ល្អ​ជា​មួយអាជ្ញាធរជាតិអប្សរាលើការងារថែទាំនិងអភិរក្សអន្ដរជាតិ តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ដ្រអង្គរបានយ៉ាងល្អប្រសើរ។ គួរបញ្ជាក់ថា៖ គណៈកម្មាធិការ​​សម្របសម្រួលអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ ការអភិវឌ្ឍ និងអភិរក្សនៅតំបន់រម្មណីយដ្ឋានអង្គរ ត្រូវបានបង្កើតឡើង នៅក្នុង ឆ្នាំ១៩៩៣ ក្រោយសន្និសីទអន្ដរជាតិស្ដីពីអង្គរនៅទីក្រុងតូក្យូប្រទេសជប៉ុនដោយមានការគាំទ្រដោយរដ្ឋាភិបាលបារាំងជប៉ុន និងអង្គការយូណេស្កូ ដើម្បីសម្របសម្រួលតាមដានវាយតម្លៃ និងត្រួតពិនិត្យសកម្មភាពទាំងឡាយនៅក្នុងតំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ពិសេសតាមរយៈអ្នកជំនាញការជាន់ខ្ពស់សម្រាប់ការអភិរក្ស និងអភិវឌ្ឍ ប្រកបដោយចីរភាព។

No comments:

Post a Comment