Monday, November 03, 2014

កម្ពុជាកំពុងខិតខំផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងកិត្តិយស ក្បាច់គុណបុរាណខ្មែរនៅលើឆាកអន្តរជាតិ

កម្ពុជាកំពុងយកចិត្តទុកដាក់បំផុសស្មារតីមហាជនឱ្យកាន់តែស្រលាញ់ និងគាំទ្រកីឡាប្រដាល់​ក្បាច់​គុនបុរាណខ្មែរ តាមរយៈការខិតខំរៀបចំការប្រកួតកីឡាក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីលើក​កម្ពស់​កិត្តិ​សព្ទ​កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ។

ថ្លែងបើកការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើម​ខែ្សក្រ​វ៉ាត់​ CBF​ លក្ខណៈអន្តរជាតិ  នៅទីរួមខេត្តស្វាយរៀង នាល្ងាចថ្ងៃទី០១ វិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៏ថា ព្រឹត្តិការណ៍​ប្រកួតកីឡាប្រដាល់​ថ្ងៃនេះ មិនត្រឹមនាំមក​នូវ​ភាព​សប្បាយរីករាយ និងជួយលើក​កម្ពស់​ស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​កិច្ច​ស​ហប្រតិបត្តិការអន្តរជាតិលើវិស័យកីឡា ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទ​ពិសោធន៍​​ក្នុង​ការប្រកួតក្បាច់គុនបុរាណ ដែលជាមរតកនៃសិល្បៈការពារខ្លួនរបស់ប្រជាជាតិខ្មែរយើង។     ហើយ​អ្វី​ ​ដែល​សំ​ខាន់​ជាងនេះទៀតនោះ គឺជាចំណែកមួយក្នុង​ការ​ផ្សព្វផ្សាយមុខមាត់កេរ្តិ៍ឈ្មោះ​ និងកិត្តិយសកម្ពុជានៅលើ​ឆាកអន្តរ​ជាតិ​ ឲ្យកាន់តែមានភាពល្បីរន្ទឺថែមទៀតអំពីក្បាច់គុនល្បុក្កតោរបស់ខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ គឺជាប្រភេទកីឡាដ៏​មាន​ប្រជា​ប្រិយ​​ភាពដែលទទួលបានការគាំទ្រទាំងក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ កីឡាប្រដាល់ក្បាច់គុនបុរាណ​ខ្មែរនេះ​ជានិ​មិត្ត​រូបនៃអារ្យធម៌ខ្មែរ​​​ មានឫសគល់យ៉ាងជ្រៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិយើង។ តាមកា​រសិក្សា​ស្រាវជ្រាវ​របស់​​ប្រវត្តិវិទូ បានឱ្យដឹងថា នាសម័យអាណាចក្រខ្មែរ ក្បាច់គុនខ្មែរមានច្រើនប្រភេទណាស់ មិនត្រឹមតែ​ជាកី​ឡា​សម្រាប់ប្រកួតតាមលក្ខណៈបច្ចេកទេស និងច្បាប់ ដើម្បីឈ្នះចាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាសិល្បៈនៃ​ការ​បញេ្ចញនូវកាយវិការដ៏រហ័សរហួនយ៉ាងស្វាហាប់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យ​ការពារជាតិ និងសង្គមវប្បធម៌ ជាសិល្បៈការពារខ្លួន ជាល្បែងប្រដាល់កំសាន្ត ហើយក៏ជាជាយុទ្ធ​គុនដ៏មាន​សារៈ​សំខាន់​សម្រាប់ពលទាហាន។ ក្នុងសម័យបុរាណ ទាំងព្រះរាជា មន្រ្តីគ្រប់ជាន់ថ្នាក់ ពលទាហាន និងរាស្រ្ត​សាមញ្ញ​គឺភាគច្រើន សុទ្ធតែទទួលបានការហ្វឹកហាត់និងរៀនក្បាច់គុនខ្មែរ មាន គុនប្រដាល់ គុនដាវ គុនដំបង និង​គុន​ល្បុក្កតោ។ យើង រកឃើញភស្តុតាងជាច្រើន លើផ្ទាំងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជានៅ ប្រាសាទ​បាយ័ន បា្រសាទសម្បូរណ៍ព្រៃគុហ៍ ប្រាសាទអង្គរបូរី ប្រាសាទកោះកេរ ប្រាសាទបន្ទាយស្រី ប្រាសាទបាពួន ដែល​អាចបញ្ជាក់បានយ៉ាងច្បាស់អំពីប្រភពមរតកវប្បធម៌នៃក្បាច់គុនបុរាណខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ចាក់ថា ដោយមើលឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃក្បាច់គុនបុរាណខ្មែរ ដែលជាសម្បតិ្តវប្បធម៌ជាតិនិងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយក​ចិត្ត​ទុក​​ដាក់យ៉ាងខ្លាំងក្នុងការអភិរក្សនិងអភិវឌ្ឍក្បាច់គុនបុរាណខែ្មរ តាមរយៈការជំរុញឱ្យមានការសិក្សាស្រាវជ្រាវ ប្រ​មូល​​ចងក្រង និងរៀបចំឯកសារនានាពាក់ព័ន្ធនឹងប្រវត្តិសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជា ស្ថានភាពក្បាច់គុន​ខ្មែរក្នុង​សម័យ​ទំនើបព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀតដល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរ​ជាតិ។ រាជ​រដ្ឋា​ភិ​បាលក៏បានជំរុញ​លើកទឹកចិត្តផងដែរ​ឱ្យមានការបង្កើតជាក្លឹបហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ និងរៀប​ចំឱ្យមាន​ការប្រកួតកីឡាប្រដាល់​ប្រ​ភេទនេះឲ្យបានកាន់តែច្រើនឡើងថែមទៀតក្នុងក្របខ័ណ្ឌជាតិនិងតំបន់។

ជាលទ្ធផលក្នុងការក្រកួតក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ កីឡាករកម្ពុជាចំនួន៥នាក់ ឈ្នះ​កីឡា​ករ ថៃ ជប៉ុន ឡាវ ដោយពិន្ទុ ចំណែក កីឡាករ សារឿន ច័ន្ទ ឈ្នះកីឡាករឡាវ Lam Tak kong ដោយកីឡាករឡាវ បោះបង់ការប្រកួត នៅទឹកទី៣ ហើយគូចុង​ក្រោយ​គឺកីឡាករ ពេជ្រ សីហា ចាញ់កីឡាករបារាំង ដោយពិន្ទុ ។​ដោយឡែកគូរប្រកួត ដណ្តើមខែ្សក្រវ៉ាត់ CBF លក្ខណៈអន្តរជាតិ រវាងកីឡាករកម្ពុជាសែន រ៉ាឌី  ជាមួយ​កី​ឡាករ​ឡាវ THORNG  BARNG  កីឡាករកម្ពុជា នៅតែគ្រប់គ្រជាម្ចាស់ខ្សែក្រវ៉ាត់ CBF ដដែល៕












No comments:

Post a Comment