Friday, May 09, 2014

កាក​បាទ​ក្រហម​​កម្ពុជា​​ទទួល​​បាន​ថវិកា​​ពី​​សប្បុ​រសជន​​​ជាង​ ១៤លាន​​ដុល្លារ ក្នុង​ទិវា​​ពិភព​លោក​​កាក​​ក្រហម អឌ្ឍ​ចន្ទ​ក្រហម

នៅ​ព្រឹក​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ កាកបាទ​ក្រហម​កម្ពុជា​នៅ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សម្តេច​អគ្គ មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមូល​បាន​ថវិកាចំនួន​ប្រមាណ ១៤ ៣៦០ ៩៩៧ ដុល្លារ​សហរដ្ឋ​អាមេរិក ពី​សប្បុរសជន​ជាតិ និង​អន្តរជាតិ ដែល​បរិច្ចាគ ក្នុង​ឱកាស​នៃការ​​ ​រៀបចំ​មិទ្ទិញ អបអរ​សាទរ ខួប​លើកទី​១៥១ នៃ​ទិវា​ពិភពលោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា​។

ដោយ​អញ្ជើញ​ជាអធិបតី​ក្នុង​មិទ្ទិញ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជាក្នុង​រាជធានី​ភ្នំពេញ ទន្ទឹម​នឹង​ការ​ថ្លែង​កោតសរសើរ​អំពី​ការ​រីកចម្រើន​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលសម្រេច​បាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ក៏ដូច​ជា ​មន្ត្រី​កាកបាទ​ក្រហម​គ្រប់ជាន់​ថ្នាក់ អ្នក​ស័្មគ្រ​ចិត្ត​កាកបាទ​ក្រហម ព្រះ​សង្ឃ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិផង​ដែរ ​ដែល​បានខិត​ខំរួម​កម្លាំង​សាមគ្គី ក្នុងការ​ជួយ​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​សន្យា​ថា នឹង​ជួយ​ធ្វើ​ឲ្យ​កាក​បាទក្រហម​កម្ពុជា កាន់​តែមានភាព​ឯករាជ្យ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ជួប​ជុំគ្នា​នៅ​ទី​នេះ(ទីស្នាក់​ការ​កាក​បាទក្រហម​កម្ពុជា​) យើង​បាន​រួមគ្នា​ដើម្បី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ហើយ​កាកបាទ​ក្រហម​កម្ពុជា​បាន​រីក​ចម្រើនយ៉ាង​ខ្លាំង តាមរយៈ​ការ​ផ្តល់​អំណាច និង​លទ្ធភាព​ដល់​សាខា និង​អនុសាខា​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។ ក្រៅ​ពីនោះ​កាកបាទ​ក្រហមក​ម្ពុជា បាន​ធ្វើ​ជា​សេនា​ធិការ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​អាជ្ញាធរ​សាធារណៈ និង​បាន​ឆ្លើយ​តប​ភ្លាមៗ​ជាមួយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​។

សម្តេច​តេជោ​ថ្លែង​ថា កាកបាទ​ក្រហម​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ឯករាជភាព​របស់​ខ្លួន​ក្នុងការ​ជួយ​ដល់​ប្រជាពល​រដ្ឋ​រង​គ្រោះ។ ក្នុង​នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​បង្គាប់​បញ្ជា​ឲ្យកាក​បាទ​ក្រហម​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​ធ្វើ​ឲ្យកាក​បាទ​ក្រហម​មិន​អាច​រក្សា​បាន​នូវ​ឯករាជភាព​របស់​ខ្លួន​បាន​ឡើយ និង​សូម​ឲ្យបន្ត​នូវទង្វើ​ដ៏ល្អនេះ​ជាបន្ត​ទៅ​ទៀត។

សម្តេច​តេជោ​បាន​សម្តែង​នូវ​ការព្រួយ​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​បាន​បណ្តាល​ឲ្យមាន​គ្រោះ​ទឹក​ជំនន់ និង​គ្រោះរាំង​ស្ងួត​ជា​ដើម ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​ចូលរួម​ពី​សប្បុរស​ជន​ថែម​ទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយបញ្ហា​គ្រោះ​ធម្មជាតិផ្សេងៗ​នោះ។ សម្តេច​តេជោ​បាន​បញ្ជាក់ មាន​បញ្ហា​ជា​ច្រើន​ដែល​យើងត្រូវ​រួម​គ្នាដោះ​ស្រាយ​ក្នុង​នោះមាន​បញ្ហាគ្រោះ​ធម្មជាតិ និង​ការកាត់​បន្ថយ​អត្រា​ស្លាប់​រវាងមាតា​និង​ទារក និង​ការប្រយុទ្ធ​នឹងជំងឺ​ឆ្លងផ្សេងៗ​ទៀត ដែល​ជាបញ្ហា​ត្រូវ​រួមគ្នា​ដោះ​ស្រាយ ពី​សំណាក់​យុវជន​ទាំង​អស់។

សម្តេចតេជោ​បាន​ថ្លែង​ការកោត​សរសើរ​ចំពោះ ក្រុម​យុវជនស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម ដែល​បាន​ធ្វើ និង​កំពុង​ធ្វើ និង​បន្ត​ធ្វើដើម្បី​វឌ្ឍនភាព​សង្គម ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះកាក​បាទ​ក្រហម កម្ពុជា​ផ្តោត​សកម្មភាព​ទៅ​លើ​យុវជន ក្នុង​នោះ​សកម្មភាព​ជាក់​ស្តែង​បានបង្ហាញ​នៅឆ្នាំ​កន្លង​មក ដោយ​យុវជន​បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន​ក្នុង​នោះ​មា​នការ​ចុះផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍ ការងារ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត មិត្ត​អប់រំ​មិត្ត និង​ការងារសង្គម​ជាច្រើន​ទៀត។

ទាក់​ទង​នឹង​ការ​បរិច្ចាគ​របស់​សប្បុរសជន ជួយ​ដល់​កាក​បាទក្រហម​កម្ពុជា សម្តេចតេជោមាន​ប្រសាសន៍​បញ្ជាក់​ថា គ្មាន​អ្នកណា​ម្នាក់​មកចូលរួម​ជាមួយកាក​បាទក្រ​ហម​កម្ពុជា នៅពេល​ដែលយើង​ចាយ​ប្រាក់កាស​មិនចំទិស​ដៅគ្មាន​តម្លាភាព និងគណ​នេយ្យភាព​នោះ​ទេ។ កាក​បាទ​ក្រហម​កម្ពុជា​បានបង្កើត​ទំនុក​ចិត្ត​កាន់​តែខ្លាំង​មិន​ត្រឹមតែ​ក្នុង​ប្រទេស​ទេ។

សម្តេចតេជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរជន​នានា និង​ដៃគូ​សហការ​ទោះ​ក្នុងនិន្នាការ​នយោបាយ​បែប​ណា​នោះទេ ដែល​បានចុះ​ជួយប្រជាពល​រដ្ឋ​នានា តាម​មូល​ដ្ឋានដោយ​ផ្ទាល់​និង​តាមរយៈ​កាក​បាទក្រហម​កម្ពុជា។

សូម​បញ្ជាក់​ថា ឆ្នាំនេះក្នុង​ទិវាពិភព​លោក​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨​ឧសភា​ឆ្នាំ២០១៤ បាន​ប្រារព្ធ​ក្រោម​ប្រធាន​បទ «ខ្ញុំ និង​កាកបាទ​ក្រហម»។ កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បាន​សម្រេច​គោល​ដៅ និង​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុង​ក្រប​ខណ្ឌ​មនុស្សធម៌​ដោយ​មិន​ប្រកាន់​ពូជសាសនា ពណ៌សំបុរ និន្នាការ​នយោបាយ និង​ជំនឿ​សាសនា​ឡើយ។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានីហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ថា ទិវាពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទក្រហម​ខួប​លើក​ទី ១៥១ ថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ២០១៤ នេះ ជា​ឱកាស​មួយដែល​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​ទាញ​យក​ចិត្តទុក​ដាក់​ជាសកល​ទាំង​មូល ជាពិសេស​ក្នុង​មជ្ឈដ្ឋាន​ថ្នាក់ដឹកនាំ​ដោយ​បញ្ជាក់​ពីការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​របស់​ចលនា ដែល​បាន​និង​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម និង​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការ​ពុះពារ​ជម្នះ​រាល់​ការ​លំបាក និង​បញ្ហា​ប្រឈម​ជាសកល​ទាំង​ឡាយ ដែល​បាន​បង្ក​ឡើងដោយ​ភាព​ក្រីក្រ ទំនាស់​អំពើ​ហិង្សា ចំណាក​ស្រុក ជំងឺ​ឆ្លង​រាតត្បាត​នានា ការ​រើសអើង និងបំរែ​បំរួល​អាកាសធាតុ។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ជំនួស​មុខឲ្យ​គណៈកម្មាធិការ​កណ្តាល​គណៈកម្មាធិការ​សាខា​មន្រ្តី បុគ្គ​លិក សមា​ជិក សមា​ជិកា អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​សូម​ថ្វាយក្រាប​បង្គំ​ទូល​ពីចម្ងាយ​នូវ​ព្រះមហា​ករុណាទិគុណ​ដ៏ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងសម្តេច​ព្រះ​មហាក្សត្រីយ៍ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភមង្គល ព្រះ​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ដែលតែង​តែ​ផ្តល់​នូវ​ព្រះរាជូបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់​កាកបា​ទក្រហម​កម្ពុជា ក្នុង​នោះ​មានទាំង​ព្រះរាជូបត្ថម្ភ​ព្រះរាជទ្រព្យ​ប្រចាំខែ​ចំនួន ១ ០០០ ដុល្លារ និង​ប្រចាំ​ត្រីមាស​ចំនួន ៣ ០០០ ដុល្លារ​របស់​ព្រះករុណា ព្រះ​បាទសម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចម៉ែ និង​ព្រះរាជូបត្ថម្ភជា​ច្រើន​ទៀត​នៅ​ក្នុង​ឱកាស​សំខាន់ៗ​ផ្សេងៗ​ទៀត។

សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញនូវ​ប្រធាន​បទ«ខ្ញុំ និង​កាកបាទក្រហម​កម្ពុជា» ក្នុងឱកាស​ខួបលើក​ទី ១៥១ នា​ឆ្នាំនេះ គឺ​ជាសារមួយ​ផ្ញើជូន​ដល់​មនុស្សជាតិ​ទាំង​អស់ ដើម្បី​រំលឹក​ឡើងវិញ​នូវ​ការផ្សារ​ភ្ជាប់​រវាង​ពួក​គេ​ម្នាក់ៗ ទៅ​នឹងការងារ​របស់កាក​បាទ​ក្រហម​កម្ពុជា និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ។ ជាមួយ​នឹង​ផ្លែផ្កា​នៃ«កម្លាំង​មនុស្ស ធម៌» និង«វប្បធម៌​នៃ​ការចែក​រំលែក» ជាមួយ​នឹងការ​ពង្រឹង​បាន​មូលដ្ឋាន​គ្រឹះ នៃ​ចលនាកាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ដែល​ជា​មគ្គុទេស ក៏​សម្រាប់​តម្រង់​ផ្លូវ​ក្នុង​ការអនុវត្ត​ចក្ខុវិស័យស្នូល​ទាំង៤​នៃយុទ្ធសាស្រ្ត​ឆ្នាំ២០១១-២០២០ កាកបាទ​ក្រហម​បាន​រីកដុះ​ដាល និងសម្រេច​បាន​នូវសមិទ្ធផល​នានា​ជាបន្ត​បន្ទាប់​នៅទូទាំង​ប្រទេស​កម្ពុជា។

លោក​ស្រី អាន ឡឺក្លែរ ប្រធាន​សហព័ន្ធអន្តរ​ជាតិ នៃ​សមាគម​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទក្រហម​ប្រចាំ​ភូមិ​ភាគ​អាស៊ី-អាគ្នេយ៍​បាន​ឲ្យដឹង​ថា ប្រធាន​ឆ្នាំ​នេះ​គឺ​បាន​បង្ហាញ​ពី​ស្មារតីប្រជាពល​រដ្ឋ និង​សប្បុរសជន​ទាំងឡាយ​ជាកាកបាទ​ក្រហម​កម្ពុជា។ ទិវា​ពិភព​លោកកាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក៏ដូចជា​កាលានុវត្ត​ភាព​ដ៏​ថ្លៃ​ថ្លា​មួយ ដើម្បី​អបអរ​សាទរ​អ្វី​ដែលយើង​ទាំង​អស់​គ្នា​បាន ធ្វើ​ក្នុង​នាម កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​នៅទូទាំង​ពិភព​លោក ។ ក្រោម​ប្រធាន​បទ«ខ្ញុំ និង​កាកបាទ​ក្រហម» សម្រាប់​ឆ្នាំនេះ យើង​ទាំង​អស់​គ្នា​ទទួលស្គាល់​ពីអនុភាព​នៃការជួយ​គ្នា​ទៅវិញ​ទៅមក​របស់​ប្រជាពលរដ្ឋ ក្នុង​ស្ថានភាព​អាសន្ន និងជួយ​គាំទ្រ​គ្នា​ក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក​ស្រី​បន្ត​ថា ជា​រៀង​រាល់ ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​មានជីវិត​រស់​នៅ​របស់​មនុស្ស​ជាច្រើន​នាក់ ដែល​ទទួល​បាន​ក្តី​រំភើប​រីករាយតាម​រយៈ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម។ អ្នក​ស្ម័គ្រ​ចិត្ត​ជាង ១៧ លាន​នាក់​ទូទាំង ពិភពលោក​ដែល​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្ដិ គ្រួសារ និង​សាច់ញាតិ​របស់​ពួក​គេ តាម​រយៈ សកម្មភាព​នានា​ដូចជា ការ​ផ្តល់​ឈាម​ការ​ចុះសួរ​សុខទុក្ខ​តាម​ផ្ទះ ការ​ស្តារ​ទំនាក់ទំនង​គ្រួសារ និង​ការ​ចែក​ជំនួយ​សង្រ្គោះ​នានា។

នៅ​កម្ពុជា​មានអ្នកស្ម័គ្រ​ចិត្តកាក​បាទក្រហម​ប្រមាណ ១៩.៤០០ នាក់ និង​យុវជន​កាកបាទក្រហម​ប្រមាណ ២៨.៦៧៦ នាក់ ដែល​ប្រជាពលរដ្ឋកម្ពុជា​ពឹងអាស្រ័យ​សម្រាប់​សេវាមនុស្ស​ធម៌​នានា។ ការ​រួម​ចំណែក​របស់ពួក​គេ​តាម​រយៈ​ទីស្នាក់ការ​កណ្តាល និង​សាខាទូទាំង២៤ រាជធានី ខេត្ត​មាន​ឥទ្ធិពលជាវិជ្ជមាន​មកលើជីវិត​រស់​នៅរបស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍។ ទាំង​អស់​នេះនឹង​មិន​អាចធ្វើបាន​ឡើយ​បើ​មិនមាន​ការគាំទ្រ និង​ការដឹក​នាំ​របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា។

លោក បេអាត ហ្វៃហ្សឺ ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហមប្រចាំ​ភូមិ​ភាគ នៅ​ទីក្រុងបាង​កក ប្រទេស​ថៃ បានឲ្យ​ដឹង​ថា ដូច​រៀងរាល់​ឆ្នាំដែរ ទិវា​ដ៏មហាមាន​សារ​សំខាន់ នេះ​គឺជាឱកាស​ដ៏ល្អ​មួយ​សម្រាប់​សមាជិក និង​អ្នកគាំទ្រ​ទាំង​អស់​នៃចលនា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​ប្រមូល​ផ្តុំ​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ ពិភព​លោកម​ក​អបអរ​សាទរ សមិទ្ធផល​នៃ​ឆ្នាំ​កន្លង​ទៅ និង​ត្រៀម​ខ្លួន​ជំនៈ​រាល់​បញ្ហានា​ពេល​អនាគត។ លោក​បន្ត​ថា កាល​ពីឆ្នាំមុន​យើង​បានប្រារព្ធ​ខួប​លោក​លើក​ទី ១៥០ នៃសកម្ម​ភាព​មនុស្ស​ធម៌ របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ហើយ​ថ្ងៃ​នេះ​យើងប្រារព្ធ​ទិវា​នេះ​ម្តង​ទៀត ដែល​ក្នុងរយៈ​ពេល ១ឆ្នាំកន្លងមក មាន​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម និង​បុគ្គលិក​រាប់លាន​នាក់​បានផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងប៉ះ​ពាល់​ដោយសង្រ្គាម​គ្រោះមហន្តរាយ​ធម្មជាតិ និង​ភាព​ក្រីក្រ។ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​មានប្រវត្តិយូរ​លង់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បានចូល​រួម​ផ្នែក​តូច​មួយ​នៃ​ប្រវត្តិ​នេះ៕

No comments:

Post a Comment