Friday, May 09, 2014

បទ​អត្ថាធិប្បាយ​៖ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពិត​ជា​សេរី​ពហុបក្ស



ពង្ស សុក្រឹត្យ 
ឈាន​ចូល​ដល់​រដូវ​កាល​នៃ​ការ​ឃោសនា​​បោះ​ឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ខ័ណ្ឌ ចូល​មក​ដល់​ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ បាន​សកម្ម​​ក្នុង​ការ​ចុះ​ជួប​​ជាមួយ​​អង្គ​​បោះ​ឆ្នោត​​របស់​​ខ្លួន​ នៅ​​ទូទាំង​​ប្រទេស​។​ នេះ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ កំពុង​តែ​អនុ​វត្ត នូវ​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ យ៉ាង​ពិត​ប្រាកដ។​​ ក្នុង​នោះ​គណបក្ស​ប្រឆាំង​ ក៏​បាន​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​ផង​ដែរ​។

នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំ​ពុង​មមាញឹកក្នុង​ការ​ដើរភូត​ភ​បោក​ប្រាស់ប្រជា​ពល​រដ្ឋ​ និង​កៀង​គកម្លាំង​ដើម្បី​ត្រៀម​នឹង​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាលនៅថ្ងៃ​ណា​មួយ​នោះ ទាំង​លោក​ កឹម សុខា និង​សម រង្ស៊ី មិន​បាន​និយាយមួយ​មាត់​ទាល់​តែ​សោះ​ថា ការ​បោះ​​ឆ្នោត​នៅ​ពេល​នេះឯកបក្ស ប៉ុន្តែ ពួក​គេនិង​ស្រែក​អាក្រោក​ឡើង​វិញ​ ប្រសិន​បើ​សម្លេង​ឆ្នោត​របស់​ពួក​គេបាត់​បង់ នោះ​ប្រាកដជា​ចោទ​ថា ត្រូវ​បាន​គេគំ​រាមកំ​ហែង គេទិញ​ទឹក​ចិត្ត និង​គេលួចបន្លំ​សន្លឹកឆ្នោត និង​មិន​សេរី មិន​យុត្តិ​ធម៌ ទៀត​ជាក់​ជា​ពុំ​ខាន​។​​
 មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ប្រហែល​ជាពួកគេអាច​បញ្ជា​ឲ្យ​អង្គ​បោះ​ឆ្នោត​​ដែល​បាន​ជាប់​ឆ្នោត​​ធ្វើ​ពហិកា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ​ដូច​សមាជិក​សភា​របស់​ខ្លួន​ទៀត​ផង​​ ហើយ​ចុង​ក្រោយ​ គណបក្ស​សង្គ្រោះ​ជាតិនឹង​ស្រែក​ទៀត​ថា​ ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​ ឯក​បក្ស​ទៀត​​ហើយ​។​​

បើ​និយាយ​អំពី​យុទ្ធនាការ នៃ​ការ​ឃោសនាក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​ របស់​​គណបក្ស​ប្រឆាំង​​​​​​វិញ ​គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​សេច​ក្តី​ណែនាំ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត( គ ជ ប )​ឡើយ​​។ នៅ​ក្នុង​ចំណុច​មួយ​​ចំនួន​នៃ​​សេច​ក្តី​ណែនាំ​របស់​ គ ជ ប ដែល​បាន​ផ្សព្វ​ផ្សាយ ​​គឺ​ណែនាំ​​ឲ្យ​តំណាង​គណបក្ស​នយោ​បាយ​​មិន​ត្រូវ​​ប្រើ​ភាសា​ ឬដៀម​ដាម​ ប្រមាថ​មើល​ងាយ​ដល់​គណបក្ស​នយោបាយ​ ឬ​តំណាង​​​​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ និង​មិន​ត្រូវ​ប្រើ​សកម្មភាព​ឃោសនា​ ឲ្យ​ទៅ​ជា​​សកម្ម​ភាព​​​បាតុកម្ម​ប្រឆាំង​តវ៉ា​ ឬ​​ស្រែក​ទាម​ទារដែល​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការ​ឃោសនា​​​បោះ​ឆ្នោត​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ ទាំង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី​ បែរ​ជា​​​​កំពុង​ដើរ​ឆ្ងាយ​ពី​ផ្លូវ​ច្បាប់​ និង​នាំ​​ឲ្យ​ពលរដ្ឋ​​មានការ​​ភាន់ច្រឡំ​ ដោយ​បាន​យក​វេទិកា​ឃោសនា​បោះ​ឆ្នោតក្រុម​​ប្រឹក្សា​អាណត្តិ​ទី​២​នេះ​​ មក​ធ្វើ​ជាសកម្មភាព​បាតុកម្ម​ប្រឆាំង​តវ៉ា​ ស្រែក​ទាម​ទារ​​​នៅក្នុង​ការ​ឃោសនា​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា ឲ្យ​មាន​កំណែទម្រង់​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) និង​​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង ទៅ​វិញ​។​

ការ​ឃោសនា​របស់​ កឹម សុខា​ ដែល​ប្រើ​ពាក្យ​ថា « ​គណបក្សប្រឆាំង​​នឹង​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​​ដោយ​តស៊ូ​រហូតដល់​មានការ​ចុះចេញ​ពី​តំណែង ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន »​​​ គឺ​ជា​​ការប្រកាស​បណ្តេញ​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ចេញពី​ដំណែង​ និង​ជា​​ការ​រំលោភ​​លើ​​ឆន្ទ​:​របស់​​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ ដែល​បាន​សម្រេច​ដោយ​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​។​ មាន​ន័យ​ថា​ កឹម សុខា​ បាន​ និង​កំពុង​ប្រើ​ប្រាស់​នូវ​សិទ្ធិ​ជ្រុល​ហួស​ហេតុ​ ដែល​ផ្ទុយ​ពី​ របបប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​។​​

ការលើកឡើង របស់លោក កឹម សុខា​ ជាការ​ប្រមាថមួយ​ដ៏ធ្ងន់ធ្ងរ មកលើប្រមុខ​រាជរដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ និង​បាន​អនុវត្ត​ផ្ទុយ​ទាំង​ស្រុង​ពី​ច្បាប់​បោះ ឆ្នោត​។​ នេះជាការ​លើកឡើងរបៀប​ខ្វះក្រមសីលធម៌ របស់​អ្នក​នយោបាយ​ ហើយ​ដែល​ជាចរឹត​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​តែង​តែ បាន​ប្រើ​ប្រាស់​នូវ​វប្បធម៌​មិន​គោរព​ច្បាប់​​​​ម្តង​​ហើយ​ម្តង​ទៀត​​។​​ ចំណុច​នេះ​ សង្ឃឹម​ថា ​សកម្មជន​គណបក្ស​ប្រជាជនកម្ពុជា​​នៅ​ខេត្ត​ដែល​មេដឹក​នាំ​​បក្ស​ប្រឆាំង​លើកឡើង​នោះ​ នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ គ ខ ប​ របស់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់​ជាមិន​ខាន​។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ គឺ​ជាការ​បោះឆ្នោត​អសកល​ ដែល​មាន​អង្គ​បោះ​ឆ្នោត​ត្រូវ​ចូល​រួម​ត្រឹម​តែ​១១.៩៥៣នាក់​ប៉ុណ្ណោះ​ ហើយ​បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ​ គឺ​មាន​សរុប៧២១៥​នាក់​ ដូច្នេះ​ហើយ​ ទើប​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​គឺ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​សមាជិក​នៃ​អង្គ​បោះ​ឆ្នោត​ ដែល​អាច​ឲ្យ​គណបក្ស​នយោបាយធ្វើ​នៅ​តាម​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​។ ដូច្នេះ​ហើយ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ធ្វើ​ការ​ឃោសនា​នៅ​តាម​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន​ និង​មិនធ្វើ​នៅ​តាម​ទី​សាធារណៈ​ ដើម្បី​អនុវត្ត​​​តាម​ការ​ណែនាំ​របស់​ គ ជ ប។ ម៉្យាង​ទៀត ការ​ធ្វើ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន គឺ​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ជាពិសេស​ ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ទទួល​ទានប្រចាំ​ថ្ងៃ​​របស់​ប្រជាពលរដ្ឋ​​​។​ នេះក៏​ជាការ​គិត​គូរ​​ទៅ​ដល់​ជីវភាព​ប្រជាជន និង​​​​​ជា​​វប្បធម៌របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ ដែល​មាន​តាំង​ពី​ថ្ងៃ​រំដោះ​ ៧មករា​ ឆ្នាំ​១៩៧៩ មក​ម្លេះ​។​​​​

តាមពិត​​​គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​ដែល​បាន​​​​កសាង​​នូវ​សមិទ្ធផល​​​អ្វីជូ​ន​ប្រជា​ពលរដ្ឋ​ និង​ប្រទេសជាតិសោះ​ឡើយ​ ក្រៅតែពីការ​លើក​ឡើង​នូវ​ការ​សន្យា​ដដែលៗ​​នៅ​ចំពោះ​​មុខ​ម្ចាស់ឆ្នោត​ ហើយ​មិនទាន់​សម្រេចបានលទ្ធ​ផល​​អ្វី​បន្តិច​បន្តួច​នោះ​ទេ។​ ជំនាញ​របស់​​មេបក្ស​ទាំង​ពីរ​ ទាំង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី​ គឺ​គ្មាន​អ្វី​​ក្រៅ​តែ​ពី​ការ​ប្រកូក​ប្រកាស​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​បាតុកម្ម​ និង​បង្ក​ឲ្យ​មាន​អស្ថេរភាព​សង្គម​​ម្តង​ហើយ​ម្តង​ទៀតតែប៉ុណ្ណោះ​។​​ ជាក់​ស្តែង​​ នៅ​ពេល​​ដែល​មាន​វត្ត​មាន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេសម្តងៗ​ លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ គឺ​តែង​តែ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ បង្ក​ចលាចល​ក្នុង​សង្គម​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការ​រក​ស៊ី​ គម្រាម​ដល់​អ្នក​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ថា​នឹង​លុប​ចោល​នូវ​កិច្ច​សន្យា​នានា​ នៅ​ពេល​ដែល​បក្ស​គេ​បាន​ឡើង​កាន់​អំណាច​​ និង​បង្ក​ដល់​ការ​រំខានពេល​វេលា​​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​កសិករ​ ជាដើម​។ មិន​តែ​ប៉ុណ្ណោះ​​​ គឺ​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​​​នេះហើយ​ ដែល​បាន​​ធ្វើ​ឲ្យ​មាន​​ការ​ខាត​បង់​​ផ្នែក​​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​​​​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៥៥ នាក់​​របស់​ខ្លួន​​ ដោយ​សារ​តែ​ការ​​ខកខាន​​​មិនបាន​បើក​ប្រាក់ខែ​ ក្នុង​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​​​​ ហើយ​​ស្ថានភាព​​នេះ​ពិតជា​​​បង្ក​ឲ្យ​មាន​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ខកចិត្ត​ជាក់​ជាមិនខាន ម្លោះហើយ​​តំណាង​រាស្ត្រ​​ទាំង​នោះ​​ចេះ​​តែ​​​ស៊ូ​ទ្រាំបៀម​ទុក្ខ​ ​ឈរ​មើល​​​ការ​ធ្វើ​មាន ធ្វើ​​បានរបស់​មេបក្ស​ទាំង​ពីរ​​យ៉ាង​ឈឺចាប់​​​​។

ដូច្នេះ​ ការ​បណ្ដែត​បណ្ដោយ​អោយ​អ្នក​នយោបាយ​​មួយ​​ក្ដាប់​តូច​បំផុស និង​ញុះញង់​​ប្រជាជន​​​អោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​បិទផ្លូវ ​ ស្ទះ​ចរាចរ​​សាធារណៈ និង​អាច​ឈាន​ទៅ​ដល់​ការ​វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន តើ​នោះ​ជា​​ប្រជាធិបតេយ្យ​ឬ​?​ ប្រជាធិបតេយ្យ ​វា​មាន​​អត្ថន័យ​​ទូលំទូលាយ ប៉ុន្ដែ​ វាក៏​​ងាយ​ក្លាយ​​ទៅ​​ជា​អនាធិបតេយ្យ​​ ប្រសិនបើ​គេ​មិន​កំណត់​​ឲ្យ​​បាន​ច្បាស់​លាស់​អំពី​អត្ថន័យ និង​និយម​ន័យ​​​របស់​វា​ទេ​នោះ​។ ២​បូក​នឹង​២​ស្មើ​៤ ប៉ុន្ដែ​​៣​បូក​នឹង​១ ​ក៏​ស្មើ​៤​ដែរ​។ ការ​ប្រកាសរបស់​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ខំ​ឱ្យ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់កម្ពុជា​ត្រូវ​​​ចុះ​ចេញ​ពី​តំ​ណែង​ គឺ​ជាទង្វើ​បំ​ពាន​ច្បាប់​ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ វា​មាន​តម្លៃ​ស្មើ​នឹង​ការយក​​ច្បាប់​ព្រៃ​មក​អនុវត្តនៅ​កម្ពុជា​។

ដូច្នេះ​ រាជ​រដ្ឋាភិបាល​​​មាន​កាតព្វ​កិច្ច​​ពេញ​លេញ​ ជា​អ្នក​ទទួល​​ខុសត្រូវ​​ក្នុង​ការ​ថែ​រក្សា និង​ការ​ពារ​ដាច់​ខាត​​​នូវ​សុខ​សន្ដិភាព ធានាឲ្យ​​បាននូវ​​សុវត្ថិភាព ​​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​​ឧត្តម​ប្រយោជន៍​ជាតិ​ និង​មាតុភូមិ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​គ្រប់​​ពេល​ ដើម្បី​ធានាស្ថេរភាព​នយោបាយ​ និង​សន្តិ​សុខជាតិ  ហើយ​នៅ​ពេល​ដែល​មាន​​សុខ​សន្ដិភាព រដ្ឋ​ធានា​​បាននូវ​​សុវត្ថិភាព ​​សណ្ដាប់ធ្នាប់​សង្គម ​នោះ​ប្រជាធិបតេយ្យ​នឹង​កើត​មាន​យ៉ាង​ពិត​ប្រាកដ​​៕​​

No comments:

Post a Comment